ទោះបីជាសាលារាជធានីភ្នំពេញ ចេញសេចក្តីអំពាវនាវកុំឲ្យមានការឡើងថ្លៃឈ្នួលរថយន្តដឹកអ្នកដំណើរចាកចេញពីភ្នំពេញទៅកាន់ស្រុកកំនើតក្នុងរដូចវបុណ្យភ្ជុំនេះក៏ដោយ ក៏គេសង្កេតឃើញថា នៅតែឡើងថ្លៃខ្ពស់ដដែល។ អ្នកធ្វើការដែលមានប្រាក់ខែទាបដូចជាសន្តិសុខ កម្មករលីសែងមួយចំនួន កម្មកររោងចក្រសុទ្ធតែបានត្អូនត្អែនិងតម្លៃឡានឈ្នួលឡើងថ្លៃ ខ្ពស់ជាពិសេសនៅរដូចបុណ្យទានម្តងៗ។
លោក រស សុខ ជាសន្តិសុខរបស់ក្រុមហ៊ុនសន្តិសុខមួយបានប្រាប់នាវាថា លោកមានប្រាក់ខែត្រឹមតែ ៥៥ដុល្លារអាមេរិកតែប៉ុណ្ណោះ ត្រូវធ្វើដំនើរពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ លោកត្រូវចំណាយអស់យ៉ាងតិច ១៥ដុល្លារថ្លៃធ្វើដំណើរ ដូច្នេះវាមិនសល់សម្រាប់ធ្វើបុណ្យច្រើនទេ ហេតុនេះទើបលោកសម្រេចចិត្តផ្ញើប្រាក់ទៅឲ្យក្រុមគ្រួសារគ្រាន់បន្ថយការចំណាយខ្លះ។ លោក សុខ និយាយថា «ការងារសន្តិសុខដូចពួកខ្ញុំនេះ ប្រាក់ខែតិច ហើយត្រូវទទួលខុសត្រូវច្រើន ពេលបើកមកម្តងៗគ្រាន់តែថ្លៃផ្ទះ ទឹកភ្លើង ហូបចុកគឺអស់គ្មានសល់។ ដល់ពេលមានបុណ្យទានធំៗម្តងៗចង់ទៅលេងស្រុកក៏មិនហ៊ាន ព្រោះថ្លៃឡានឡើងខ្ពស់ពេក»។ ដោយឡែកអ្នករត់តាក់ស៊ីម្នាក់នៅចំណតអូឡាំពិកបានត្អូញត្អែថា៖ «មិនឡើងម៉េចបាន អត់ចំណេញទេ ព្រោះដល់ពេលបុណ្យទានចឹងថ្លៃកុងត្រូលតាមផ្លូវក៏គេឡើងតាមហ្នឹងដែរ បើយើងយកដូចធម្មតាទៅ ប្រាកដជាខាងមិនខានទេ។ ណាមួយថ្លៃសាំង ដូចបងដឹងស្រាប់ហើយ ថាវាខ្ពស់ប៉ុណ្ណា… ហាហា»។
លោក គុយ សាត់ អ្នករត់តាក់ស៊ី ភ្នំពេញ ស្វាយរៀង បានឲ្យដឹងស្រដៀងគ្នានេះដែរថា ម្សិលមិញតម្លៃមួយម៉ឺនដដែល ប៉ុន្តែថ្ងៃនេះតាក់ស៊ីទាំងអស់នឹងឡើងថ្លៃរហូតដល់ភ្ជុំតែម្ដង ព្រោះថ្លៃកំពង់សាឡាងអ្នកលឿងឡើងថ្លៃខុសធម្មតាទៅហើយ។ ថ្ងៃធម្មតា គាត់ចំណាយពី៨ពាន់ទៅ១ម៉ឺន២ពាន់រៀលក្នុងការឆ្លងសាឡាង ប៉ុន្តែម្សិលមិញនេះ ការចំណាយឡើងរហូត៣ម៉ឺនរៀលឯណោះ។ លោកបានបន្ថែមថា អ្វីដែលសំខាន់គឺមានប៉ូលិសយកលុយ តាមដងផ្លូវជាតិ ៣កន្លែងទៀត មួយកន្លែងថ្ងៃធម្មតា ១ពាន់រៀលទេ ប៉ុន្តែឥឡូវ៥០០០ ទៅ១ម៉ឺនរៀលទើបបានយក។ សរុបមក ក្នុងមួយជើងចំណាយជិត៥ម៉ឺនរៀល នេះមិនទាន់បូកថ្លៃបេនឡាន និងថ្លៃប្រេងដែលពេលបុណ្យបើកឡើងមកឡានទទេ ដូច្នេះរឿងមិនឡើងថ្លៃ ជៀសមិនរួចទេ។ គេសង្កេតឃើញថា តំលៃតាក់ស៊ី នៅកម្ពុជាហាក់ដូចជាឡើងចុះតាមតែអ្នកបើកបរ គឺគ្មានការកំណត់ច្បាស់លាស់ចេញពីស្ថាប័នណាឡើយ ដូច្នេះនៅរាល់ពេលដែលមានបុណ្យទានធំៗ ដូចជាចូលឆ្នាំ ភ្ញុំបិណ្ឌ ជាដើមតំលៃនេះនឹងកើនឡើងទ្វេរតែម្តង៕