ពោធិ៍សាត់ ៖ សិប្បកម្មកែច្នៃឈើតូចធំជាច្រើនកន្លែងត្រូវគេមើលឃើញថាកំពុងតែរីកដុះដាលធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យពេញបន្ទុកជាយូរឆ្នាំមកហើយនៅក្នុងស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់គ្មានសមត្ថកិច្ចនិងអាជ្ញាធរណាចេញមុខមកទប់ស្កាត់និងបង្រ្កាបនោះឡើយ។ សិប្បកម្មកែឈើទាំងនោះត្រូវគេរាយការមកថាភាគច្រើនជាសិប្បកម្មកែច្នៃឈើធ្វើអាជីវកម្មខុសច្បាប់ក្នុងនោះមានសិប្បកម្មតិចតួចប៉ុណ្ណោះសុំច្បាប់ត្រឹម ត្រូវពីរដ្ឋបាល ព្រៃឈើ។
សកម្មភាពរបស់សិប្បកម្មកែច្នៃឈើខុសច្បាប់ធ្វើអាជីវកម្មនៅក្នុងស្រុកភ្នំក្រវ៉ាញត្រូវគេមើលឃើញកំពុងតែជម្រុញឱ្យជនខិលខូចធ្វើសកម្មភាពកាប់រុករាណទន្រ្ទានបំផ្លាញព្រៃឈើខុសច្បាប់កាន់តែខ្លាំងឡើងនៅក្នុងតំបន់ស្រុកភ្នំក្រវ៉ាញដើម្បីយកឈើមកលក់ឱ្យសិប្បកម្មកែច្នៃខុសច្បាប់។
ផលិតកែច្នៃចេញជារបស់របរប្រើប្រាស់និងគ្រឿងសង្ហារឹមផ្សេងៗមានតម្លៃខ្ពស់ហើយគេដឹកតាមរថយន្តតូចធំឆ្ពោះយកទៅលក់នៅទីផ្សារតាមបណ្តាខេត្តនានានៅ ក្នុងប្រទេសកម្ពុជា។
ការបណ្តែបណ្តោយរបស់សមត្ថកិច្ចនិងរដ្ឋបាលព្រៃឈើនៅស្រុកភ្នំក្រវ៉ាញឱ្យមានសកម្មភាពបើកសិប្បកម្មកែច្នៃឈើខុសច្បាប់មិនត្រឹមតែប៉ះពាល់បាត់បង់ព្រៃឈើប៉ុណ្ណោះនោះទេគឺថែមទាំងធ្វើឱ្យបាត់បងចំណូលរដ្ឋពីការទទួលផលអាស្រ័យលើព្រៃឈើនេះផងទៀត។ឈើដែលគេកែច្នៃនោះជាប្រភេទសុទ្ធតែឈើប្រណិតរួមមានឈើធ្នង់ គ្រញូង ត្រសេក បេង និងឈើនាងនួនជាដើមដែលសុទ្ធតែឈើ មានតម្លៃមានទីផ្សារខ្ពស់ហើយមានមុខកាត់ធំៗត្រូវប៉ាន់ផងនោះទៀត។
ក្នុងស្រុកភ្នំក្រវ៉ាញមិនត្រឹមតែមានបើកសិប្បកម្មកែច្នៃឈើខុសច្បាប់បណ្ណោះទេត្រូវបានគេរាយការណ៍មកថាមានសកម្មភាពជញ្ជូនឈើទាំង ថ្ងៃយប់ទាំងថ្ងៃដោយគេដឹកតាមម៉ូតូនិងរថយន្តតូចធំជាពិសេសដឹកនៅពេលថ្ងៃហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ចសូមបីតែបន្តិចនោះ។ គេមិនដឹងថាសកម្មភាពដឹកជញ្ជូនឈើតើ សមត្ថកិច្ច រដ្ឋបាលព្រៃឈើស្រុកភ្នំក្រវ៉ាញនិងសមត្ថកិច្ចឯទៀតបានទទួលផលប្រយោជន៍ពីការប្រព្រឹត្តបទល្មើសខុសច្បាប់រឺយ៉ាងណានោះទេ។ ប៉ុន្តែគេដាក់ការសង្ស័យថាបើគ្មានការឃុបឃិតពីសមត្ថកិច្ចនោះទេគឺការដឹកជញ្ជូនឈើនិងការបើកសិប្បកម្មកែច្នៃឈើខុសច្បាប់គឺឈ្មួញមិនអាចធ្វើ បាននោះឡើយ។
ជុំវិញបញ្ហានេះ លោក ឆាយ ណារ៉ាន់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បាន បំភ្លឺឱ្យដឹងថា៖ការបើកសិប្បកម្មកែច្នៃឈើនៅស្រុកភ្នំក្រវ៉ាញគឺលោកទទួលស្គាល់ថាមានច្បាប់ខ្លះអត់ច្បាប់ខ្លះប៉ុន្តែនៅពេលនេះគឺខាងរដ្ឋបាលព្រៃឈើកំពុងតែជម្រុញឱ្យសិប្បកម្មណាមិនទាន់សុំច្បាប់ត្រូវតែចូលដាក់ពាក្យសុំច្បាប់ធ្វើ អាជីវកម្មឱ្យបានត្រឹមត្រូវ។
លោកលើកទៀតថា៖ជុំវិញនៃការដឹកជញ្ជូនឈើតាមរថយន្តនីសាន់រថយន្តកាមរីៗជាការដឹកជញ្ជូនខុសច្បាប់បើមិនមានការបង្រ្កាបប្រហែលជាសមត្ថកិច្ចក្រែងគាត់ជាប់រវល់ការងារច្រើនមិនបានដឹងពីសកម្មភាពដឹកជញ្ជូនឈើនោះការងារនេះលោកក៏ចាត់ឱ្យតាមបណ្តាសង្កាត់រដ្ឋបាល ស្រុកក្រុង មានវិធានការទប់ស្កាត់។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា៖ការងារបង្ការទប់ស្កាត់ដឹកជញ្ជូនឈើខុសច្បាប់ធ្វើទៅដោយជោគជ័យលុះត្រាតែមានការចូលរួមសហការគ្រប់សកម្មភាពទើបអាចធ្វើទៅរួច៕