ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង មិនទាន់ហ៊ានបង្ហាញស្នាដៃ ចាត់វិធានការឲ្យបាន តឹងតែងក្នុងការ បង្ក្រាប ទប់ស្កាត់ជំនួញឈើខុសច្បាប់ របស់ក្រុមឈ្មួញធំៗ នៅឡើយទេ ហើយរហូតមកដល់់ពេលនេះ គេដឹងថា មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា ក៏ដូចជាយាយព្រឿង និងឈ្មោះ ដួង បានរកស៊ីដឹកជញ្ជូនឈើ ទ្រង់ទ្រាយធំក្នុងខេត្តស្ទឹងត្រែង មិនដែលមាននរណា ហ៊ានប៉ះពាល់នោះទេ សូម្បីតែកាលពីពេលថ្មីៗនេះ គេរកឃើញគំនរឈើប្រណីត ប្រភេទធ្នង់ ជាង ២០០ ម៉ែត្រគូប ដែលមេឈ្មួញ លឹម ប៊ុណ្ណា ប្រមូលទិញពីប្រជាពលរដ្ឋ យកទៅស្តុកទុក នៅចំណុចខាងក្រោយ ដីព្រៃសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ម៉ុង ប្ញទ្ធី ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក៏គ្មាននរណាហ៊ានប៉ះពាល់។
ប្រជាពលរដ្ឋបានចំអក ចំពោះមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើរបស់លោក អ៊ីវ ឯកសាវត្តី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ នៅទូទាំងខេត្តស្ទឹងត្រែង ដែលមិនយកចិត្តទុកដាក់ បង្ការបង្ក្រាបទប់ស្កាត់ ជំនួញឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះ សាន ចយ ជាមេការទទួលខុសត្រូវ។ គំនរឈើប្រណីតប្រមាណ ២០០ ម៉ែត្រគូប របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា គឺប្រមូលទិញ ពីប្រជាពលរដ្ឋដែលចូល ទៅកាប់ឈើខុសច្បាប់ក្នុងព្រៃសហគមន៍ ព្រៃការពារ ក្នុងសៀមប៉ាង និងស្រុកសេសាន យ៉ាងវិនាសហិនហោច ហើយដីសម្បទានរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា នៅក្នុងខេត្តស្ទឹងត្រែង ជាង ១ ម៉ឺនហិកតា មកដល់ពេលនេះ គ្មានការអភិវឌ្ឍន៍ដាំដុះទៅតាមកកិច្ចសន្យានោះទេ ។
ប្រជាពលរដ្ឋក៏បាន បញ្ជាក់ផងដែរថា សកម្មភាពរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា បានប្រើប្រាស់រថយន្តយីឌុប ផ្ទុកលើសទម្ងន់បំផ្លាញផ្លូវស្ពាន នៅភូមិភាគឦសាន រាប់សិបឆ្នាំមកហើយ មិនដែលមាននរណា ហ៊ានប៉ះពាល់ទេ។ មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា អាចរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ទ្រង់ទ្រាយធំយ៉ាងអនាធិបតេយ្យ ដោយរលូនល្អមក ដល់ពេលនេះក៏ព្រោះតែមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ប្រើប្រាស់អាជ្ញាប័ណ្ណ ព្រៃសម្បទាន ប៉ុន្តែរាល់ការដឹកជញ្ជូនឈើ ជាច្រើនមិនដែលមានលិខិតស្នាម ឬច្បាប់ទម្លាប់អ្វីឡើយ ព្រោះឈ្មោះ សាន ចយ មានជំនាញរត់ការ ចែកលុយឲ្យសមត្ថកិច្ចពាក់ព័ន្ធ គ្មានខ្វះចន្លោះ។
មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ក៏ជាអ្នកទទួលបានសិទ្ធិម៉ៅការ កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់អាងស្តុកទឹក នៃគម្រោងសាងសង់ ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែបើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ អាងស្តុកទឹកនោះ ត្រូវបានកាប់បំផ្លាញខ្ទេចខ្ទី ហើយមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះ សាន ចយ ជាមេការបានប្រមូលទិញឈើ ឬផ្តល់លុយឲ្យឈ្មួញកណ្តាល មួយចំនួនកេណ្ឌប្រមូលប្រជាពលរដ្ឋ ឲ្យចុះទៅកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ ក្នុងតំបន់ព្រៃក្បែរៗ អាងស្តុក ទឹក ទំនប់វារីអគ្គិសនី ដែលទាមទារឲ្យលោក កុល សំអុល ជាអភិបាលខេត្តស្ទឹងត្រែងពិនិត្យមើលបញ្ហានេះ ឡើងវិញជាបន្ទាន់។
យ៉ាងណាក៏ដោយ ឈ្មោះ សាន ចយ រួមទាំងមន្ត្រីយោធា ផ្នែកចារកិច្ចម្នាក់ទៀត កំពុងប្រើប្រាស់អំណាចឥទ្ធិពល របស់ពួកគេក្នុងការ កាងជំនួញឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា និងមានការបែងចែកលុយ ជូនអ្នកកាសែតមួយចំនួន ដើម្បីបិទបាំងរឿងអាស្រូវ ដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ផងដែរ។ គេចង់ឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន ឆ្លៀតពេលវេលា ចុះទៅពិនិត្យមើលជំនួញឈើខុសច្បាប់ ទ្រង់ទ្រាយធំរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ក៏ដូចជាជំនួញឈើ របស់ជនជាតិយួន ឈ្មោះយាយព្រឿង និងឈ្មោះ ដួង ឡើងវិញផង មិនគួរជឿរបាយការណ៍ ភូតកុហករបស់ជំនាញ រដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែងច្រើនពេកទេ ។