ខេត្តសៀមរាប៖ មន្ត្រីគយ ក្រោមឱវាទរបស់លោក សុខ សុដារ៉ា ចេញបង្ក្រាប ការដឹកជញ្ជូន ទំនិញខុសច្បាប់ ឬទំនិញ បង់ពន្ធមិនគ្រប់ ម្តងណាឡើយ ចាប់តាំង ពីពេលដែល លោក សុខ សុដារ៉ា ត្រូវបានតែងតាំងជា ប្រធានសាខាគយ ប្រចាំខេត្តសៀមរាប បើទោះបីជា សកម្មភាព រត់ពន្ធទំនិញខុសច្បាប់ កើតឡើងច្រើន ក៏ដោយ។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ការមិនបង្ក្រាបអ្នកដឹកជញ្ជូន ទំនិញខុសច្បាប់ របស់ លោកសុខ សុដារ៉ា បង្កើតឲ្យមាន សកម្មភាពប្រឆាំងទៅនឹងការកែទម្រង់គយ មិនគួរណា រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមើលរំលងពីភាពអសកម្មរបស់លោកសុខ សុដារ៉ា នោះទេ។ មន្ត្រីគយ មួយចំនួនបានបង្ហើប ឲ្យដឹងដែរថា ការសម្ងំកើបលុយ យ៉ាងស្ងៀមស្ងាត់ បែបនេះ អាចធ្វើឲ្យលោកសុខ សុដារ៉ា ប្រមោលលុយទុកសម្រាប់តែទប់កៅអី របស់ខ្លួន មិនឲ្យធ្លាក់ចេញតែប៉ុណ្ណោះ ។
លោកសុខ សុដារ៉ា មុនពេលតែងតាំងជា ប្រធានសាខាគយ ប្រចាំខេត្តសៀមរាប គាត់មាន បទពិសោធន៍ ក្នុងការសម្រួល ឲ្យឈ្មួញរត់ពន្ធ ទំនិញខុសច្បាប់ តាំងពីដើមមក ឈ្មួញទាំងតូចទាំងធំ ត្រូវឱនលំទោន សុំយោគយល់ និងបង់លុយ ឲ្ យលោក សុខ សុដារ៉ា ជាហូរហែ។ មានការបញ្ជាក់ថា ការដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទ មកពីតាមច្រកព្រំដែន ប៉ោយប៉ែត អូស្មាច់ សំដៅចូលមក ឃ្លាំងស្តុកទំនិញ របស់ឈ្មួញធំៗ នៅក្នុងខេត្តសៀមរាប ដើម្បីលក់ ចែកចាយ ទៅតាមទីផ្សារ និងកន្លែងបោះដុំផ្សេងៗទៀត នឹងធ្លាយ ទៅតាមបណ្តាខេត្តផ្សេងៗ ត្រូវឆ្លងកាត់ ខេត្តសៀមរាបជាមុនសិនដែរ។
ទាក់ទិននិងការលេចឮនេះដែរសារព័ត៌មានយើង ក៏ដូចជាព័ត៌មានផ្សេងៗទៀត បានព្យាយាម ទាក់ទងតាម ទូរស័ព្ទទៅលោក សុខ សុដារ៉ា ជាប្រធានសាខាគយ ប្រចាំ ខេត្តសៀមរាប ជាច្រើនដង តែគ្មានអ្នកលើក។ ដូច្នេះគេទន្ទឹងនិងរង់ចាំមើល ថាតើ លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អាចមានវិធានការ មើលមន្ត្រីថ្នាក់ក្រោម ដូចជាខាងគយនិងរដ្ឋាករនេះ បានដែរឬយ៉ាងណា ឬ ក៏ទុកបណ្តោយ ឲ្យមានការរិះគន់ តទៅទៀត។