សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្រែកដាក់បទបញ្ជាដោយផ្ទាល់មាត់ផងនិងបានបង្កើតឲ្យមានគណៈកម្មាធិការទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើនិងបានអនុញ្ញាតិឲ្យឯកឧត្តម សៅ សុខា ប្រើឧទ្ធម្ភាគចក្រយោធាពីរគ្រឿងសំរាប់ប្រតិបត្តិបង្រ្កាបបទល្មើសព្រៃឈើនេះតែបែរជាមានក្បួនរថយន្តកូរ៉េធំៗរបស់លោកធឹង លាង ស្រេង ដឹកឈើចេញពីទឹកដីខេត្តព្រះវិហារចូលមកចែកចាយតាមដេប៉ូនានាក្នុងក្រុងសៀមរាបឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្វាយ លើ និងស្នាក់ការជាច្រើនទៀតបានយ៉ាងរលូន ដោយគេបានដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញតាមដងផ្លូវនេះ ជាអ្នកបើកភ្លើងខៀវឲ្យ។
តាមការឲ្យដឹងពី ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ របស់គេបាន ដឹកចេញពីដេប៉ូ នៅស្រុកស្វាយលើ ដែលមានយីហោ ធឹងលាងស្រេង មានទីតាំងនៅ ភូមិអង្កាញ់(ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។
សមត្ថកិច្ច បានឲ្យដឹងថា ក្បួនរថយន្ត ដឹកឈើ ខាងលើ មានច្បាប់ចេញពីដេប៉ូនៅ ស្រុកស្វាយលើ ដែលមានម្ចាស់ ឈ្មោះស្រេង។
បើទោះបីជា មានការដឹក ជញ្ជូនឈើ បែបទ្រង់ទ្រាយធំ ចូលមកចែកចាយនៅ ក្រុងសៀមរាប យ៉ាងនេះក្ដី គេនៅមិនទាន់ ឃើញអាជ្ញាធរ និងជំនាញរដ្ឋបាល ព្រៃឈើ ចេញមុខ ធ្វើការ ត្រួតពិនិត្យ ទៅលើ សកម្មភាព រថយន្តដឹកឈើ របស់ឈ្មោះស្រេង នៅឡើយទេ! ខណៈមាន ប្រភពខ្លះ បានទម្លាយថា ម្ចាស់រថយន្តដឹកឈើ បានរត់ការ ជាមួយស្ថាប័ន ពាក់ព័ន្ធ អស់ហើយ។
គេចង់ឃើញ សមត្ថកិច្ច និងជំនាញ ពាក់ព័ន្ធ ធ្វើការ ត្រួតពិនិត្យ នូវសកម្មភាព រថយន្តដឹកឈើ ខាងលើ ថាតើ មានច្បាប់ គ្រប់គ្រាន់ ដែរឬទេ? ដូច្នេះសមត្ថកិច្ច គួរតែធ្វើការ ត្រួតពិនិត្យឡើងវិញដោយឈើខ្លះមាន ប្រភេទម៉ាស៊ីនងោងអាចសង្ស័យថា ប្រមូលទិញពីឈើ ក្រៅក្រុមហ៊ុន។
ប្រភពមួយទៀតបានទម្លាយថា ឈ្មួញឈើឈ្មោះធឹង លាងស្រេង និងលោកពៅបានរត់ការបង់លុយតាមផ្លូវឲ្យសមត្ថកិច្ចរួចហើយ។
ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើនេះដែរលោកទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេ ដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង។
សូមរំលឹកថា សកម្មភាពដឹកជញ្ជូន និងកាប់បំផ្លាញឈើនៅខេត្តសៀមរាប ត្រូវបានគេសង្កេតឃើញថា មានការកើនឡើងគួរឲ្យព្រួយបារម្ភ ខណៈជំនាញរដ្ឋបាលព្រៃឈើខេត្តមួយនេះក្រោមការគ្រប់គ្រងដោយលោកទា គឹមសុទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសម្ងំកើបលុយជាច្រើនឆ្នាំមកហើយពោលគឺគ្មានឆន្ទៈក្នុងការបង្ក្រាបម្តងណាឡើយ ទើបបទល្មើសចេះតែកើតមានដូចភ្លៀងរលឹម៕