ភ្នំពេញ៖ បន្ទាប់ពីសម្ដេច ស ខេង បានចេញនូវបទបញ្ជាគេឃើញកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្ត បានភ្ញាក់រលឹកមុនគេ ក្នុងការចុះអនុវត្តនូវបទបញ្ជានេះ។ ប៉ុន្តែកិច្ចប្រតិបត្តិជាលើកដំបូងនេះ គឺធ្វើឡើងតែទៅលើទីតាំងកត់កន្ទុយលេខ ដែលពលរដ្ឋអះអាងថា ជាទីតាំងតូចតាច គ្មានខ្សែ គ្មានខ្នងរឹងមាំ ខណៈទីតាំងធំៗរាប់រយកន្លែងដែលមានខ្សែ មានខ្នងក្រាស់ បែរជាមានអ្នកផ្ដល់ដំណឹងជាមុនឲ្យបិទទ្វារ ឬ សមត្ថកិច្ចធ្វើជាមិនដឹងដើរបង្ហួស បើទោះជាពលរដ្ឋចង្អុលបង្ហាញទីតាំងក្ដី។
បើតាមប្រជាពលរដ្ឋបានលើកឡើងថាក្រោយពីសមត្ថកិច្ចចុះបង្ក្រាបមួយប្រាវដំបូងគេឃើញទីតាំងកត់កន្ទុយលេខទាំងតូចទាំងធំទាំងមានខ្សែ ទាំងអត់ខ្សែ រួមទាំងទីតាំងបើកល្បែងហ្គេមជ្រកក្រោមស្លាកអ៊ីនធឺណិតនៅក្រុងភ្នំពេញ រាប់សិបកន្លែងផងបានទាញទ្វារផ្អិបបណ្ដោះអាសន្នបានមួយដង្ហើមចង្រិត។ប៉ុន្តែល្បែងចាក់តាមអនឡាញគេឃើញល្បែងភ្នាល់បាល់កន្ទុយលេខទាំងតូចទាំងធំបានចាប់ផ្ដើមបើកដំណើរការព្រោងព្រាតពេញរាជធានីភ្នំពេញដោយមិនខ្វល់អំពីច្បាប់ឬការបង្ក្រាបរបស់សមត្ថកិច្ចឡើយ គឺហាក់ដូចជាទទួលបានសញ្ញាភ្លើងខៀវណាមួយពីមន្ត្រីអនុវត្តច្បាប់អីចឹងដែរ។
ប្រជាពលរដ្ឋបានលើកឡើងថា ទង្វើផ្គើនបែបនេះ ក៏ព្រោះតែម្ចាស់ទីតាំងកន្ទុយលេខ ឬម្ចាស់ទីតាំងល្បែងហ្គេមដែលជ្រកក្រោមស្លាកអ៊ីនធឺណិតទាំងនោះ អាងខ្សែ អាងខ្នងសាច់ញាតិរបស់ខ្លួនជាសមត្ថកិច្ច ឬជាមន្ត្រីមានអំណាចនៅក្នុងក្រុងដែរ។ពលរដ្ឋនិយាយថា បច្ចុប្បន្នទាំងទីតាំងកត់កន្ទុយលេខធំៗ ទាំងទីតាំងបើកល្បែងហ្គេម និងល្បែងនានា ដែលបន្តផ្ទាល់ពីបណ្ដាកាស៊ីណូ ជ្រកស្លាកអ៊ីនធឺណិតរាប់រយកន្លែងនៅក្នុងក្រុងភ្នំពេញ ភាគច្រើនសុទ្ធតែជាសាច់ញាតិសមត្ថកិច្ច និងមន្ត្រីមានអំណាច។
ហើយបើសិនគ្មានខ្សែអ្នកធំទេ មិនអាចបើកដំណើរការបានឡើយ តែបើហ៊ានដំណើរការវិញ មួយថ្ងៃមិនទាន់ទេ សមត្ថកិច្ចនឹងចុះបង្ក្រាបយកស្នាដៃភ្លាម។ ដូច្នេះហើយទើបការចុះបង្ក្រាបរបស់សមត្ថកិច្ចម្ដងៗ ធ្វើតែទៅលើទីតាំងតូចតាចគ្មានខ្សែទប់ទល់។ រីឯទីតាំងដែលមានខ្សែអាចដំណើរការបានដោយរលូន។
សមត្ថកិច្ចក្រុងភ្នំពេញ ហាក់កំពុងបង្ហាញពីភាពស្ទាក់ស្ទើរនៅឡើយ ក្នុងការអនុវត្តនូវផែនការទប់ស្កាត់ ឬបង្ក្រាបល្បែងស៊ីសងសងខុសច្បាប់ ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាដ៏ក្ដៅគគុក របស់សម្ដេចក្រឡាហោម ដែលបានចេញបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័នក្នុងខេត្ត ក្រុង រាជធានី រួមគ្នាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងរីកដូចផ្សិតឲ្យខាងតែបាន ខណៈការបង្ក្រាបកន្លង ត្រូវប្រជាជនរិះគន់ថា បានធ្វើឡើងគ្រាន់តែគម្រប់កិច្ច ធ្វើតែទៅលើទីតាំងតូចតាចគ្មានខ្សែគ្មានខ្នង បែបបក្ខពួកនិយម និងគ្មានតម្លាភាព។
សូមរំលឹកផងដែរថា សម្ដេចក្រឡាហោម ឧបនាយករដ្ធមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ និងបទបញ្ជាដ៏ក្ដៅគគុកមួយ កាលពីថ្ងៃទី២៦ តុលា កន្លងទៅ ដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័ន និងគ្រប់ខេត្ត ក្រុង រាជធានី ឲ្យមានវិធានការទប់ស្កាត់ និងបង្ក្រាបគ្រប់ល្បែងស៊ីសងខុសច្បាប់ដែលកំពុងរីករាលដាលនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន។ មិនគ្រាន់តែបង្ក្រាបទេ សម្ដេចក្រឡាហោម ថែមទាំងបានបញ្ជាដាច់ខាតថា ត្រូវតែចាប់ខ្លួនម្ចាស់ទីតាំង ឬមន្ត្រីមានអំណាចណាដែលហ៊ានកាងបនល្បែងខុសច្បាប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ទៀតផង បើទោះជាអ្នកបើកល្បែង ឬអ្នកកាងល្បែងនោះមានឋានៈ ឬបុណ្យស័ក្ដិធំប៉ុនមេឃក្ដី។ប៉ុន្តែរហូតមកដល់ពេលនេះ គេសង្កេតឃើញអាជ្ញាធរ ឬសមត្ថកិច្ចខេត្ត ហាក់មិនទាន់បង្ហាញភាពពេញលេញក្នុងការចុះបង្ក្រាបបនល្បែងខុសច្បាប់ ដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់សម្ដេចក្រឡាហោមនៅឡើយទេ ៕