ភ្នំពេញ ៖ តាមព័ត៌មានទម្លាយពីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានអោយដឹងថា លោក កែវ អង្កាម អនុប្រធានការិយាល័យ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក កែវ សុឃាង ប្រធាននាយកដ្ឋានគយបង្ក្រាបអំពើរត់គេចពន្ធ ត្រូវបានថ្នាក់លើចាត់តាំងអោយទៅគ្រប់គ្រងជាប្រធានភូមិភាគគយ គ្រប់គ្រងចំនួន៥ខេត្តគឺ៖ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប កំពុងរងការរិះគន់ថាពុករលួយថវិកាជាតិសំរាប់ក្រុមគ្រួសារបក្សពួកខ្លួន។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ការតែងតាំងនោះបានប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃពីមន្ត្រីគយ គ្រប់លំដាប់ថ្នាក់ ព្រោះគេគិតថា ការផ្តល់តំណែងខ្លាញ់ទៅលោក កែវ អង្កាម នាពេលនេះ អាចផ្តើមចេញពីអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ឬអាចនិយាយថា លោក កែវ អង្កាម បានឡើងបុណ្យឡើងសក្កិនេះ គឺតាមជើងខោបងប្រុស ។ មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបន្តអះអាងថា ក្រសួងស្ថាប័នភាគច្រើនក្នុងរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានធ្វើការកែទម្រង់ជាបន្តបន្ទាប់ហើយ តែអ្វីដែលសំខាន់នោះ គឺកំណែទម្រង់ការចាត់តាំងចៀសមិនផុតពីអំពើពុករលួយ ។ ប៉ុន្តែសម្រាប់អគ្គនាយកដ្ឋានគយ គឺអត់មានទាន់កែទម្រង់អ្វីទាំងអស់និយាយរួមកាលពីមុន អំពើពុករលួយប៉ិនណាមកដល់ពេលនេះ ពុករលួយនៅដដែល ឬកាន់តែរីកធំថែមទៀត ។
សំខាន់ការតែងតាំងតម្លើងឋានៈដែលគេស្គាល់ តែបក្សពួកបងប្អូន ឬ ស្គាល់តែលុយប៉ុណ្ណោះ ។ ជាក់ស្តែងដូចជាការតែងតាំងលោក កែវ អង្កាម ប្អូនប្រុសបង្កើត លោកកែវ សុឃាង ធ្វើជាប្រធានភូមិភាគគយគ្រប់គ្រង ចំនួន៥ខេត្តនេះជាដើម ទោះជាគេថា មិនពុករលួយក៏យើងមើលទៅឃើញថា ពុករលួយបក្សពួកដែរ ។