ត្បូងឃ្មុំ៖ ក្នុងរយៈពេល ប៉ុន្មានខែមកនេះ គេសង្កេតឃើញថា តាំងពីរដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន និងអគ្គនាយកគយថ្មី គុណ ញឹម បានតែងតាំងលោក ប៉ុន ប៊ុណ្ណា ឲ្យធ្វើជាប្រធាន ការិយាល័យគយ និងរដ្ឋាករ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលណាមក មានប្រព័ន្ធផ្សព្វផ្សាយ កាន់តែច្រើនឡើងៗ នាំគ្នាសរសេររិះគន់ ធ្ងន់ៗជាបន្តបន្ទាប់ ទៅលើមេគយថ្មី ប្រចាំនៅច្រកទ្វារ អន្តរជាតិត្រពាំងផ្លុងនោះ ។ បេីទោះយ៉ាងណា គេមិនទាន់ឃើញ មានចំណាត់ការអ្វី ពីមេៗធំកំពូល អូន ព័ន្ធមុន្នីរ័ត្ន និង គុណ ញឹម នៅឡើយទេ… បែបប្រហែលជា ដោយសារតែពួកគាត់ (មេៗ) មិនហ៊ានក្អក ជាមួយកូនចៅ ដែលពូកែយល់ចិត្តមេ នោះហើយមើល៍ទៅ… ។
ពាក់ព័ន្ធរឿងនេះ មានអ្នកដឹងរឿងខ្លះ បានលួចទម្លាយ ព័ត៌មានចេញក្រៅថា គ្រាន់តែបានធ្វើមេគយថ្មី នៅច្រកត្រពាំងផ្លុងភ្លាម លោកប្រធាន មានល្បិចខូចច្រើន ប៉ុន ប៊ុណ្ណា បានឃុបឃិតគ្នា ជាមួយពួកឈ្មួញធំៗ ដូចជាម្ចាស់ក្រុមហ៊ុន ដឹកទំនិញ ស៊ុន ហួរ, ក្រុមហ៊ុនដឹកទំនិញ ហាក់ ម៉ៅ, ក្រុមហ៊ុនដឹកទំនិញ ឆេង ទី, ក្រុមហ៊ុនដឹកទំនិញ ទីខ្មូត និងក្រុមហ៊ុនដឹកទំនិញ របស់យាយ ញាប់ … ជាដើម ដែលដឹកទំនិញចេញ-ចូលកម្ពុជា-វៀតណាម តាមច្រកអន្តរជាតិនោះ ដោយពួកគេសហការគ្នា ក្នុងការធ្វើការងារ (របៀបស្វា លេងប៉ាហ៊ី) វាយតម្លៃពន្ធទាប និងតម្រូវឲ្យបង់ពន្ធ ចូលរដ្ឋមិនគ្រប់ចំនួន រួមទាំងអាចមាន ការលួចបន្លំពន្ធ លើមុខទំនិញផ្សេងៗ ដើម្បីកិបកេងលុយ យកចែកគ្នាទាំងដុំៗ ធ្វើមានបានហ៊ឺហារ គ្មានខ្លាចរអាច្បាប់ ចាប់ដាក់ទោសនោះផង ។
បើព័ត៌មានខាងលើ វាជាការពិតមែន… គេអាចធ្វើលេខ បូកដកគុណចែក គន់គូររកឃើញថា ចំណូលពន្ធគយ នៅច្រកទ្វារអន្តរជាតិ «ត្រពាំងផ្លុង» កំពុងបាត់បង់រាប់ពាន់ លានរៀលក្នុងមួយខែៗ ស្មើនឹងរាប់ម៉ឺនដុល្លារ… នេះគេមិននិយាយ ពីលុយលើតុក្រោមតុ ដែលពួកមន្ត្រីៗពុករលួយ នៅស្រុកខ្មែរ ធ្លាប់តែនាំគ្នាប្រព្រិត្ត ស្ទើរតែក្លាយជាវប្បធម៍ យក៍ធ្វើមានបាន ស្ទើរគ្រប់គ្នា អស់រយៈពេល រាប់សិបឆ្នាំមកនេះ នោះផង ។ បើចង់ដឹងច្បាស់ថា តើព័ត៌មាននោះវាយ៉ាងណា… គួរតែអង្គភាព ប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បើកការស៊ើបអង្កេត ជាសម្ងាត់បំផុត ឲ្យបានស៊ីជម្រៅ… ដើម្បីចាត់វិធានការ ទៅលើមន្ត្រីៗខិលខូចផង និងដើម្បីការពារ ចំណូលថវិកាជាតិ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មេគយត្រពាំងផ្លុង ប៉ុន ប៊ុណ្ណា ខ្សែរដ្ឋមន្ត្រីថ្មី អូន ព័ន្ធមុន្នីរ័ត្ន និងអគ្គនាយកគយថ្មី គុណ ញឹម ដែលអាងចំហាយ អំណាចខ្សែមេធំនោះ បាននិងកំពុងយកតួនាទី ទៅប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យបាត់ចំណូល ថវិកាជាតិយ៉ាងច្រើន ពីការប្រមូលពន្ធផ្សេងៗ ដូចជាករណីកន្លងមក នៅច្រកទ្វារត្រពាំងផ្លុង ដែលតែងតែធ្លាប់ ប្រមូលពន្ធបានក្នុង ១ខែៗ ចំនួនចាប់ពី ១១ ពាន់លានរៀល ទៅ ១៤ ពាន់លានរៀល… ឥឡូវបែរជាប្រមូលបាន ត្រឹមតែចំនួនជាង ៦ ពាន់លានរៀល ទៅ ៨ ពាន់លានរៀលប៉ុណ្ណោះ បន្ទាប់ពីលោក ប៉ុន ប៊ុណ្ណា បានចូលកាន់តំណែង ជាមេគយថ្មី ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់សព្វថ្ងៃ ។
ប្រភពព័ត៌មាន នៅបានប្រាប់ឲ្យដឹង ពីតារាងតម្លៃខ្លះៗ (ក្រដាសបញ្ជី) ដែលពួកមន្ត្រីៗគយ ខិលខូចមួយក្ដាប់តូច (មេៗ និងខ្សែហោ បក្ខពួក) នៅច្រកត្រពាំងផ្លុង ក្នុងសម័យលោក ប៉ុន ប៊ុណ្ណា តែងយកមកអនុវត្ត ក្នុងការគិតលុយកាក់ ជាមួយពួកឈ្មួញៗដែរថា …បើគិតអត្រាពន្ធត្រឹម ៧% ពួកគេតម្រូវឲ្យ ឡានតូចត្រូវបង់ពន្ធ ៩លានរៀល និងបង់ថ្លៃបាយ ៥លានរៀល, បើអត្រាពន្ធ ១៥% ឡានតូចត្រូវបង់ពន្ធ ១០លានរៀល និងថ្លៃបាយ ៥លានរៀល ។ បើទំនិញចាប់ហ៊ួយ បូកអត្រាពន្ធ ៣៥% ឡានតូចត្រូវបង់ពន្ធ ២២លានរៀល និងថ្លៃបាយ ៥លានរៀល… ក្នុងករណីដូចគ្នា បើពួកឈ្មួញបង់ថ្លៃបាយ ១១លានរៀល ឡានតូចដូចគ្នាដែរ អាចបង់ពន្ធត្រឹម ៨,៥ លានរៀលប៉ុណ្ណោះ… និងនៅមានទំនិញផ្សេងៗទៀត ត្រូវពួកគេកំណត់តម្លៃ… ។ល។ និង ។ល។ ដែលសរុបមក បើឈ្មួញណា បង់ថ្លៃបាយឲ្យច្រើន… ពួកគេឲ្យបង់ពន្ធចូលរដ្ឋតិច… ផ្ទុយទៅវិញ បើពួកឈ្មួញណា ឲ្យថ្លៃបាយពួកគេតិច គឺពួកគេតម្រូវឲ្យ បង់ពន្ធចូលរដ្ឋច្រើន ទៅតាមច្បាប់កំណត់ អត់អាចតថ្លៃបានឡើយ៕