0

ល្បីឈ្មោះយូរហើយ មេគយច្រកទន្លេចាម ឃុបឃិតជាមួយឈ្មួញនំាចេញឈើតែរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងអគ្គនាយក គុណ ញឹម នៅសម្ងំស្ងៀមឈឹង ធ្វើមិនដឹងរឿង… ឬមួយក៍… ?

ខេត្តត្បូងឃ្មុំ ៖ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (សុំមិនទាន់បញ្ចេញឈ្មោះ) ល្បីល្បាញយូរមកហើយ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចេញឈើប្រណីតៗ តាមច្រករបៀងតាដោក និងក្រវៀន ព្រមទាំងនាំទំនិញ គេចពន្ធចេញ-ចូល យកលុយចែកគ្នា ធ្វើមានបានទាំងដុំៗ ដោយមិនមានថ្នាក់លើ ជាពិសេស ឯកឧត្តម គុណ ញឹម  អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហ៊ានហើបមាត់ សូម្បីមួយម៉ាត់ឡើយ… គឺដោយសារតែ លោកប្រធាន ស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាមនោះ ក៍ជាមនុស្សអាងខ្នងក្រាស់ មិនខ្លាចញញើតអំណាច អគ្គនាយកគយលោក គុណ ញឹម នោះទេ ។

បើតាមប្រភពថ្មីៗ បានប្រាប់ឲ្យដឹងថា មេគយច្រកទន្លេចាម ទាំងមេចាស់ និងមេថ្មី តែងតែគ្រប់ទឹក គ្រប់កាក គ្រប់រដូវកាល ។ ពួកគេមិនខុសពីមេគយ នៅកន្លែងផ្សេងៗទៀតឡើយ គឺចេះត្រាប់តាមគ្នា ជាលក្ខណៈប្រពៃណីទៅហើយ តាមរយៈការយកតួនាទី ទៅរកស៊ីជាមួយឈ្មួញ ដែលធ្វើជំនួញផ្សេងៗ ឆ្លងកាត់ទីតាំងភូមិសាស្ត្រ ដែលពួកគេគ្រប់គ្រង កាន់កាប់អំណាចរៀងៗខ្លួន ។ ច្រកទន្លេចាម កន្លងមកត្រូវបានពួកឈ្មួញ នាំចេញឈើប្រណីតៗ ដឹកចេញទាំងរថយន្តៗ ឆ្លងទៅប្រទេសវៀតណាម ដូចភ្លៀងខែភ្ជុំបិណ្ឌអញ្ចឹង និងមានឈ្មួញផ្សេងទៀត ដឹកទំនិញនាំចូល ពីប្រទេសវៀតណាមមកវិញ ដូចជាកាកសំណល់ អេឡិចត្រូនិក ទាំងកុងតឺន័រៗ  ដែលយួនមិនហ៊ាន ទុកនៅស្រុកគេជាដើម ។

នឹកចាំកាលពីប៉ុន្មានខែមុន មានការនាំចូល កាកសំណល់ អេឡិចត្រូនិកចំនួន ២ កុងតឺន័រ តាមច្រកទន្លេចាមនោះ ដែលក្រសួងបរិស្ថាន បានហាមឃាត់ មិនឲ្យនាំចូលទេ ដោយសារតែ វាមានកម្រិតនៃការ បំពុលបរិស្ថាន ឬការបំពុល បរិយាកាសខ្ពស់ អាចបង្កគ្រោះថ្នាក់ មានផលប៉ះពាល់ដល់ ប្រជាពលរដ្ឋទូទៅ យ៉ាងធ្ងន់ធ្ងរបំផុត ។ ម្យ៉ាងទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា មិនមែនជាធុងសំរាម សម្រាប់ការនាំចូល កាកសំណល់ផ្សេងៗ ពីប្រទេសដ៍ទៃនោះដែរ ។ ក៍ប៉ុន្តែ គេមិនដឹងយ៉ាងម៉េច បានជាលេចឮមកថា មានកាកសំណល់ អេឡិចត្រូនិកចំនួន ២ កុងតឺន័រ ត្រូវបានគេឲ្យនាំចូល ពីប្រទេសវៀតណាម តាមច្រកទន្លេចាម ដោយប្រឆាំងនឹង ការប្រកាសជាសាធារណៈ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងការហាមប្រាម របស់ក្រសួងបរិស្ថាន ហាក់ដូចជា ថ្លើមដុះមមិះទៅវិញ ។

តាមដំណឹងតៗគ្នាថា មេគយច្រកទន្លេចាមនោះ មានលុយកាក់ ទ្រព្យសម្បត្តិ សំបូរហូរហៀរ សូម្បីឧកញ៉ាល្មមៗ មិនអាចប្រៀបស្មើ ប៉ុនកូនដៃគាត់នោះទេ ។ ព្រោះគាត់មានប្រាក់ចំណូល ហូរចូលហោប៉ៅ ជារៀងរាល់ថ្ងៃ រាល់សប្ដាហ៍ និងរាល់ខែ ទោះបីគាត់មិនទៅធ្វើការ ប្រចាំការនៅកន្លែង ឲ្យបានទៀងទាត់ក៍ដោយ ក៍តែងតែមានកញ្ចប់ ជាទ្រព្យគាប់ចិន្ដា ផស់គាត់យ៉ាងទៀងទាត់ អត់ដែលអាក់ខានដែរ ។

មានមន្ត្រីៗគយ តូចតាចមួយចំនួន បាននិយាយថា គយសម័យ រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងអគ្គនាយកគយ គុណ ញឹម មកដល់ឆ្នាំ ២០១៦នេះ ហាក់គ្មានអ្វីខុស ពីគយសម័យ អតីតរដ្ឋមន្ត្រី គាត ឈន់ និងអតីត អគ្គនាយកគយដុះស្លែ ប៉ែន ស៊ីម៉ន នោះទេ… គ្រាន់តែធូរជាង ពេលមុនបន្តិចត្រង់ថា មន្ត្រីគយសម័យនេះ អាចហ៊ានស៊ីដាច់មេលើខ្លះ ដោយយកលេសរឿង រកលុយមិនសូវបានដូចមុន ឬមិនហ៊ានប្រព្រិត្ត អំពើពុករលួយធំដុំ ព្រោះខ្លាចអង្គភាព ប្រឆាំងអំពើពុករលួយ… ។ល។ និង ។ល។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើ យើង រងចំាការបំភ្លឺ ពីលោកប្រធាន ទីស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាមគ្រប់ពេល…….

wat-101210

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com