ខេត្តព្រះសីហនុ ៖ លោក ទុំ ណូ អតីតប្រធាន សាខាគយ ខេត្តប៉ៃលិន ដែលធ្លាប់មានបានពីការកឹបកេងលុយពីចំណូលពន្ធរដ្ឋ ធ្វើឲ្យបាត់ ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យ បែរជាត្រូវបានតែងតាំង ជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ គួរឲ្យភ្ញាក់ផ្អើលបំផុតដោយសារតែ អំពើពុករលួយ និងវប្បធម៌ អន្តរាគមន៍ ក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កំពុងកើតមាន គួរឲ្យញាក់សាច់ គេសង្កេតឃើញ មន្ត្រីគយមុខខ្លាញ់ មួយចំនួន បានព្យាយាមចាយលុយ រាប់សិបដុំ ក្នុងការជ្រែឬដេញថ្លៃ ឡើងកាន់តំណែងល្អៗ បានដោយជោគជ័យ។
គេដឹងថា លោក ទុំ ណូ មានទំនាក់ទំនងល្អ ជាមួយឈ្មួញ ដ៏មានអំណាចម្នាក់ ដែលគេល្បីតៗគ្នាថា ឈ្មួញម្នាក់នោះ បានចែកហ៊ុន ជាមួយភរិយាមន្ត្រីគយ ជាន់ខ្ពស់ម្នាក់ ក្នុងការរកស៊ីនាំចូល ទំនិញខុសច្បាប់ និងគេចពន្ធ ហើយឮថា លោក ទុំ ណូ ទៅដល់ទីណា ក៏លេចមុខឈ្មួញម្នាក់នោះ ទៅប្រកបជំនួញ ម៉ៅការដឹកជញ្ជូនទំនិញ មិនដែលខានទេ។ លោក ទុំ ណូ ធ្លាប់មានបទពិសោធន៍ ក្នុងការប្រមូលលុយ ពីអំពើគេចពន្ធ គួបផ្សំជាមួយ ការមានទំនាក់ទំនងល្អ ជាមួយក្រុមឈ្មួញ មានលុយ មានអំណាចផងនោះ គេជឿថា ក្នុងតំណែងជា ប្រធានសាខាគយ ខេត្តព្រះសីហនុ ប្រកបដោយសក្តានុពល លោក ទុំ ណូ អាចប្រមូលលុយស្រង់ដើម បានយ៉ាងងាយស្រួល។
អំឡុងពេលដែល លោក ទុំ ណូ កាន់តំណែងជា ប្រធានសាខាគយ ខេត្តប៉ៃលិន ក្រុមឈ្មួញ នៅតែមានឱកាស ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់ខេត្តប៉ៃលិន ដោយរលូន ហើយករណីខ្លះ លោក ទុំ ណូ ប្រធានសាខាគយ ខេត្តប៉ៃលិន មិនបានឃុបឃិត ជាមួយឈ្មួញ ដោយផ្ទាល់ ក៏គាត់មានចំណែក ក្នុងការបញ្ជាឲ្យមន្ត្រី ក្រោមឱវាទ ប្រមូលលុយពីឈ្មួញ ដោយមិនខ្វល់ ពីការកែទម្រង់ អ្វីនោះឡើយ។ ដូចជា ទំនិញនាំចូល ត្រូវបង់ពន្ធខ្ពស់ តែដោយមានការ ឃុបឃិតគ្នាជាប្រព័ន្ធ បង់ពន្ធត្រឹមតែ ៣០ទៅ៤០ ភាគរយ និងបង់ត្រឹមតែ ជាទំនិញចម្រុះ និងគ្រឿងបន្លាស់ នាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ រាប់សិបម៉ឺនដុល្លារ ក្នុងមួយខែៗ។
សូមរំលឹកថា លោក នួន ចន្ទ័រិទ្ធ អគ្គនាយករង នៃអគ្គនាយដ្ឋាន គយនិងរដ្ឋាករ កម្ពុជា តំណាងអោយ លោកបណ្ឌិត គុណ ញឹម បានធ្វើជាអធិបតី ក្នុងការប្រកាស តែងតាំង និងផ្លាស់ប្តូរ មុខតំណែង ប្រធានសាខាគយ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្ត ព្រះសីហនុ ដោយក្នុងនោះលោក យ៉ឹក យូ ប្រធានសាខាគយ ខេត្តព្រះសីហនុ ប្តូរទៅជាប្រធាន សាខាគយ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសលោក គិន លី ដែលត្រូវ ចូលនិវត្តន៍ ចំណែលោក ទុំ ណូ អតីតប្រធាន សាខាគយ ខេត្តប៉ៃលិន មកទទួលតំណែងជា ប្រធានសាខាគយ ខេត្តព្រះសីហនុ៕