ភ្នំពេញ៖ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម កំពុងត្រូវបានមន្ត្រីតូចតាចនៅក្រោមឱវាទបើកកកាយពីរឿងអាស្រូវពុករលួយប្រមូលលុយតាមគ្រប់រូបភាពដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ដោយសារតែអំពើពុករលួយដល់ខួរឆ្អឹងរបស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះហើយទើបឈ្មួញខិលខូចអាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណីអាហារមានផ្ទុកសារធាតុគីមី មកលក់ចែកចាយពេញទីផ្សារប្រទេសកម្ពុជា ហើយកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ។
ដូច្នេះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក ម៉ក់ ពេជ្ជរិទ្ធ តទៅទៀតទេព្រោះលោក ម៉ក់ ពេជ្ជរិទ្ធ កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយក្រោម លេសយកលុយជួយការងារគណបក្សប្រជាជននៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ការដែលមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិ ឬច្រកព្រំដែន ជាប់ព្រំប្រទល់ជាមួយប្រទេសយួននិងប្រទេសសៀម ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូល ទំនិញខូចគុណ ទំនិញហួសកាលកំណត់ប្រើប្រាស់ បន្លែបង្ការមានផ្ទុកសារធាត់គីមី ឬសាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិតមានលាយសារធាតុគីមី ជាដើមគឺដើម្បីប្រមូលលុយយកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់។
មន្ត្រីកាំកុងត្រូលតាមបណ្តាខេត្តមួយចំនួនក៏បានបង្ហើបឲ្យដឹងដែរថា ពួកគេត្រូវបង់លុយតាមការកំណត់របស់លោក ម៉ក់ ពេជ្ជរិទ្ធ។ ហេតុនេះហើយទើបពួកគេបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព និងចំណីអាហារមានលាយសារធាតុគីមី ក៏ដូចជាជ្រូកក្រហម មាន់ ទា ត្រី ក៏ដូចជាបន្លែបង្ការមានផ្ទុកសារធាតុគីមី មកលក់ចែកចាយក្នុងទីផ្សារកម្ពុជាយ៉ាងពេញបន្ទុក។
មន្ត្រីដែលបម្រើការងារនៅក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលមួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលរួចមកលោក ម៉ក់ ពេជ្ជរិទ្ធ បានប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយតាមគ្រប់រូបភាពគ្មានញញើត អ្វីទាំងអស់។ ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិ ច្រកព្រំដែន និងច្រករបៀង ជាប់ព្រំដែនយួននិងព្រំដែនសៀម បានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ចំណីអាហារមានលាយសារធាតុគីមី បន្លែបង្ការមានផ្ទុកសាធាតុគីមី និងជ្រូកក្រហមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុកតែម្តង។
ក្នុងនាមជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម គឺលោក ម៉ក់ ពេជ្ជរិទ្ធ គិតតែពីរឿងប្រមូលផលប្រ យោជន៍ផ្ទាល់ខ្លួន ហើយមិនគិតគូរពីផលប៉ះពាល់ដល់សុខភាព្រជាពលរដ្ឋឡើយ ដូច្នេះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មមិនគួរទុកឲ្យលោក ម៉ក់ ពេជ្ជរិទ្ធ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ៕