ខេត្តរតនៈគីរី ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋឱ្យដឹងថា ក្រុមឈ្មួញឈើល្មើសច្បាប់ កំពុងឆ្លៀតឱកាសក្នុងអំឡុងពេលយុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ ឆ្នាំ២០១៧នេះ ក្រុមឈ្មួញធំ-តូច ធ្វើការដឹកជញ្ជូន ឈើប្រណីតតាមរថយន្តធុនធំៗ ឆ្ពោះទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ព្រោះនេះគឺជាឱកាសដ៏ល្អបំផុត សម្រាប់ ក្រុមឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃ ដែលជាឈ្មួញធំជាងគេក្នុងទឹកដីខេត្តរតនគីរី និងមន្ត្រីពាក់ព័ន្ធឆ្លៀតរកលុយចូលហោប៉ៅ មិនខុសពីត្រីងៀតឆ្លៀតពងនោះទេ ។
ប្រជាពលរដ្ឋបានបន្ថែមឱ្យដឹងទៀតថា ប៉ុន្មានថ្ងៃនេះ ពោលគឺរាប់ចាប់តាំងពីដំណើរការឃោសបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ បានចាប់ផ្តើមមក (២០ ឧសភា ឆ្នាំ២០១៧) ឃើញចលនានៃការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ បានកើតឡើង យ៉ាងកក្រើកនៅក្នុងស្រុកកូនមុំ ខេត្តរតនគីរី ដោយក្នុងមួយថ្ងៃៗ ឃើញមានរថយន្តធុនធំ ចាប់ពី ៥ ទៅ ៦គ្រឿង បានដឹក ឈើប្រណីតចេញពីស្រុកកូនមុំ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអូរយ៉ាដាវ យ៉ាងរលូនបែបនេះ ។
ប្រជាពលរដ្ឋដដែលបានបន្តថា មូលហេតុដែលឈ្មួញឈើ ឆក់យកឱកាសឃោសនាបោះឆ្នោតនេះ ដើម្បីដឹកជញ្ជូនឈើ ដោយហេតុថា រង្វង់២សប្តាហ៍នេះ ទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ សុទ្ធតែកំពុងផ្តោតសំខាន់លើការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ហេតុនេះសមត្ថ-កិច្ចមិនសូវមានពេលចាប់អារម្មណ៍ ទៅនឹងរឿងអ្វីផ្សេងប៉ុន្មានទេ ណាមួយក្រុមឈ្មួញឈើក៏បានរៀបចំសំណែនរួចរាល់ហើយ ដែរ ហេតុនេះចង់មិនចង់ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធខ្លះ ត្រូវសង្ងំបិទភ្នែក ដើម្បីទទួលលាភសក្ការៈខ្លះទាន់ឱកាសហុច ឱ្យ ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ឈើដែលគេដឹកមកប្រមូលផ្តំទុកនៅក្នុងស្រុកកូនមុំ ដើម្បីដឹកចេញទៅវៀតណាម គឺជាឈើរបស់ឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ ដែលបុគ្គល២រូបនេះ គ្មានអ្នកណាហ៊ានប៉ះ ពាល់នោះទេ ព្រោះគេដឹងថា ឈ្មួញឈើទាំងពីរមានឧកញ៉ា មានឥទ្ធិពលម្នាក់នៅពីក្រោយខ្នង ហើយសមត្ថកិច្ចណាក៏ស្គាល់ មេឈ្មួញឈើ និងឧកញ៉ានោះដែរ ទើបចេះតែបិទភ្នែក ឱ្យរថយន្តដឹកឈើប្រណីត បន្តចេញទៅប្រទេសជីតខាង ទោះបីរាជរដ្ឋាភិបាល បានហាមឃាត់ដាច់ខាតក្តី ។
ប្រជាពលរដ្ឋស្រុកកូនមុំ បានខ្សឹបទៀតថា ប៉ុន្មានថ្ងៃនេះ មានរថយន្តសាំយ៉ុង មិនតិចជាង ២០គ្រឿងទេ ដែលបានដឹក ប្រមូលឈើពីគ្រប់ទិសទី យកទៅដាក់ប្រមូលផ្តុំក្នុងស្រុកកូនមុំ បន្ទាប់មកមានរថយន្តធុនធំបានដឹកបន្តចេញពីស្រុកកូនមុំ ឆ្ពោះ ទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ ដែលនៅទីនោះ មានឈ្មួញធំចំនួន ២នាក់ខាងលើ គឺឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ បានរត់ការរូចជាស្រេច ហេតុនេះក្បូនរថយន្តធុនធំដឹកឈើ អាចធ្វើចរាចរណ៍ចេញពីស្រុកកូនមុំ រហូតទៅដល់ទឹកដី វៀតណាមតាមច្រកអូរយ៉ាដាវ បានដោយសុវត្ថិភាព ដោយគ្មានអ្វីឧបសគមករារាំងមុខក្បួនដឹកឈើនេះឡើយ ។ ពាក់ព័ន្ធជុំវិញបញ្ហារឿងរ៉ាវខាងលើ សារព័ត៌មានយើងពុំអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនៅស្រុកកូនមុំ ខេត្តរតនគីរីបាននោះទេ ៕