ភ្នំពេញ៖ មន្ត្រីគយនៅច្រកព្រលានយន្តហោះអន្តរជាតិ ភ្នំពេញបានឲ្យដឹងថា ការដែលលោក ហ៊ីវ ពុទ្ធិរិទ្ធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺអាងបងប្រុសរបស់ខ្លួនជាអគ្គនាយករងគយនិងមានងារជាឧកញ៉ាដ៏ល្បីល្បាញ ផងនោះជាអ្នកជួយកាងការពារសព្វបែបយ៉ាងហើយសូម្បីតែលោក គុណ ញឹម ជាអគ្គនាយកគយក៏មានការយោគយល់ដែរ។
មកពីអាងឥទ្ធិពលខ្នងបង្អែកក្រាស់ឃ្មឹកបែបនេះហើយទើបលោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្តប្រើតួនាទីប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព។ ឧកញ៉ាជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករនោះត្រូវបានគេដឹងថាមានប្អូនថ្លៃម្នាក់ឈ្មោះ ជា ប៉ូច ដែលជាប្រធានការិយាល័យគយប្រចាំផែស្ងួត តេង ឡាយ ផងដែរហើយលោក ជា ប៉ូច កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកមិនខុសពីលោក ហ៊ីវ ពុទ្ធិរិទ្ធ នោះឡើយ។
រឿងអាស្រូវពុករលួយរបស់លោក ហ៊ី ពុទ្ធិរិទ្ធ មេគយប្រចាំច្រកព្រលានអន្តរជាតិភ្នំពេញត្រូវបានមន្ត្រីគយបើកកកាយជាបន្តបន្ទាប់ក៏ប៉ុន្តែច្រើនខែមកហើយមិន ទាន់ឃើញឃើញថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករចាត់វិធានការលើមន្ត្រីពុករលួយរូបនេះនៅឡើយទេ។ បញ្ហានេះនាំឲ្យមានការសង្ស័យថា មន្ត្រីធំៗនៅខាងលើគឺជាអ្នកឃុបឃិតបើកដៃឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ ប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចចំណូលពន្ធរដ្ឋ ។
មន្ត្រីនិងភ្នាក់ងារគយមួយចំនួន បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ លោក ហ៊ីវ ពុទ្ធិរិទ្ធ ដែលជាមេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញជាបន្ទាន់គឺមិនគួរបណ្តែតបណ្តោយតទៅទៀតទេ។ ជាមួយគ្នានេះក៏មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។ ដោយហេតុថាមួយរយៈពេលកន្លងទៅនេះលោក ហ៊ីវ ពុទ្ធិរិទ្ធ អាងមានបងប្រុសរបស់ខ្លួនជាឧកញ៉ាហើយជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករជាខ្នងបង្អែកយ៉ាងរឹងមាំកំពុងប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាពគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនងជាមានការយោគយល់ដល់ឧកញ៉ាអគ្គនាយករងគយឬក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបទុកឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ។
អំពើពុករលួយដល់ឆ្អឺងរបស់លោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបាន អ្នករត់ការក្រុមហ៊ុននាំចូលនាំចេញទំនិញតាមច្រកនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូច ជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹងនិងចាត់ វិធានការទប់ស្កាត់ ។ ក៏ប៉ុន្តែរហូតមកដល់ ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងលោក គុណ ញឹម ដែលជាអគ្គនាយកគយនាំគ្នាសម្ងំស្ងាត់ឈឹងទុកឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ ខ្លួន ។ ប្រការនេះកំពុង ធ្វើឲ្យវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយត្រូវបរាជ័យទាំងស្រុងព្រោះមន្ត្រីគយពុករលួយនៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើន៕