ខេត្តបាត់ដំបង៖ តាមប្រភពពីសមត្ថកិច្ចតូចតាចប្រចាំច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា លោក យ៉ែម ហេមរ៉ាត បានចំណាយដើមទុនយ៉ាងច្រើន ដើម្បីវិលត្រឡប់មកកាន់តំណែងជាប្រធានការិយាល័យគយ នៅច្រកតំបន់អូររំដួលឡើងវិញ ហើយបន្តប្រព្រឹត្តអំពើពុករលួយធ្វើឲ្យចំណូលពន្ធគយប្រចាំច្រកនេះធ្លាក់ចុះយ៉ាងគំហុក។
បើតាមប្រភពបានឲ្យដឹងទៀតថា មួយរយៈពេលកន្លងទៅនេះលោក យ៉ែម ហេមរ៉ាត បានបើកដៃឲ្យឈ្មួញជាច្រើននាក់នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដើម្បីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនរហូតដល់ឃុបឃិតឲ្យឈ្មួញនាំចូលគ្រឿងចក្រទៀតផង។ ប្រការនេះកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ព្រោះតែការបែងចែកផលប្រយោជន៍មិនស្មើភាពគ្នារវាងមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកតំបន់អូររំដួល ។
ឯចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំព្រឹកក៏បានឲ្យដឹងដែរថា រយៈពេលប៉ុន្មានខែចុងក្រោយនេះឈ្មួញបាននាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដោយសារតែមានការបើកដៃពីលោក យ៉ែម ហេមរ៉ាត ដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាលខ្លួន។ ការដែលលោក យ៉ែម ហេមរ៉ាត ហ៊ានធ្វើអ្វីស្រេចតែអំពើចិត្ត គឺដោយសារតែអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាំជួយការពារគ្រប់ពេលវេលា។
ជាក់ស្តែងកន្លងមកលោក យ៉ែម ហេមរ៉ាត ត្រូវបានថ្នាក់លើបញ្ឈរជើងមួយរយៈដោយសារពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារ កេងប្រវ័ញ្ចចំណូលពន្ធគយក្នុងមួយខែៗរាប់សែនដុល្លារយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ។ ប៉ុន្តែថ្នាក់លើដកលោក យ៉ែម ហេមរ៉ាត បញ្ឈរជើងត្រឹមមួយរយៈពេលខ្លី ក៏បញ្ជូនទៅកន្លែងដើមវិញ ហេតុនេះហើយទើបលោក យ៉ែម ហេមរ៉ាត កំពុងធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន។
មិនតែប៉ុណ្ណោះ មន្ត្រីគយតូចតាចនៅស្រុកភ្នំព្រឹកបានឲ្យដឹងថា សព្វថ្ងៃនេះលោក យ៉ែម ហេមរ៉ាត កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែខ្លាំងឡើងៗ ហើយករណីខ្លះមានដល់ក្លែងឯកសារបន្លំប្រភេទទំនិញដើម្បីទទួលផលប្រយោជន៍ពីឈ្មួញ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញនាំចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃនេះបង់ពន្ធពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក យ៉ែម ហេមរ៉ាត មេគយច្រកអូររំដួលយ៉ាងសុខស្រួល។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យភាពមិនប្រក្រតីដែលកើតឡើងនៅច្រកតំបន់អូររំដួលជាបន្ទាន់ ព្រោះលោក យ៉ែម ហេមរ៉ាត មេគយប្រចាំច្រកនេះកំពុងប្រព្រឹត្តអំពើពុករលួយបំបាត់ចំណូលពន្ធរដ្ឋអស់រាប់សែនដុល្លារក្នុងមួយខែៗដែលមិនគួរអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងនោះទេ ៕