ខេត្តរតនគិរី ៖ មេឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះហូវ ជីវ៉ៃ និង ម្នាក់ទៀតឈ្មោះ ណាក់ក្បាលធំ ដោយមានការកាងពីក្រោយដោយមេបញ្ជាការប៉េអឹមខេត្តលោកឧត្តមសេនីយ៏ត្រី គឹម រស្មី ចាប់ផ្តើមជំនួញដឹកឈើតាមរថយន្តប្រភេទយីឌុបយកទៅលក់នៅស្រុកវៀតណាមវិញហើយ។
ដំណើរការមុខរបរជួញដូរឈើបំពានច្បាប់នេះ បានប្រព្រឹត្តទៅដោយរលូនដោយសារមេឈ្មួញឈើដុះស្លែ ឈ្មោះហូវ ជីវ៉ៃរូបនេះមានលោកថង សាវុធ អភិបាលខេត្តរតនគីរី លោកគឹម រស្មី មេប៉េអឹមខេត្ត រតនគិរី និងលោក លី សុផាន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ជាអ្នកឃុបឃិតឲ្យដំណើរការជំនួញឈើ ខុសច្បាប់នេះឡើងវិញយ៉ាងគឃ្លើន។
តែតាមប្រភពពីឈ្មួញឈើដូចគ្នាបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃ និងឈ្មោះណាក់ ក្បាលធំ បានប្រមូលឈើពីស្រុកតាវែង ស្រុកអណ្តូងមាស វ៉ឺនសៃ ស្រុកកូនមុំនិងស្រុកលំផាត់ ដឹកជញ្ជូនតាមរថយន្តចេញទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ដោយរលូន ចំណែកសមត្ថកិច្ចតាមដងផ្លូវជាច្រើនបិទភ្នែកធ្វើមិនឃើញ មិនដឹងមិនឮ ពីជំនួញឈើខុសច្បាប់ដ៏កក្រើករបស់មេឈ្មួញឈើ ឈ្មោះហូវ ជីវ៉ៃ និងឈ្មោះណាក់នេះដោយមិនហ៊ានបង្រ្កាបឡើយ។
ប្រភពពីប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃនិងឈ្មោះ ណាក់នេះបានប្រមូលទិញឈើពីចំណុចអូររវ័គ ស្រុកលំផាត់ ស្រុក តាវែងនិងស្រុកអណ្តូងមាសចូលឃ្លាំងឈើស្ថិតនៅម្តុំហាងកាឡាក់ស៊ី ក្រុងបានលុង រួចបន្តទៅប្រទេសវៀតណាមទៀតយ៉ាងគឃ្លើននឹងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែកលោក សៅសុខាមេប៉អឹមលើផ្ទៃប្រទេសដែលទទួលកិច្ចបង្ក្រាបបទល្មើសព្រៃឈើនេះ ក៏មិនអនុវត្តបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីឲ្យបាន១០០ភាគរយដែរ។
ប្រភពដដែលបន្តទៀតថា ឈ្មួញរកស៊ីដឹកឈើប្រណិតឈ្មោះហូវ ជាវ៉ៃបានប្រមូលឈើគ្រប់តំបន់ក្នុងខេត្តរតនគីរីដឹកចេញទៅប្រទេសវៀតណាមបានយ៉ាងរលូន ក៏ដោយសារមានការអនុញាតិពីសាលាខេត្តរតនគិរីនិងអភិបាលខេត្តលោក ថង សាវុធ ព្រមទំាងមេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ផងដែរ៕ ហូវ ជីវ៉ៃ មេឈ្មួញឈើធំក្នុងខេត្តរតនគិរី និងណាក់ ហៅ(ក្បាលធំ) មេឈ្មួញ ឈើក្នុងខេត្តស្ទឹងត្រែង ការពិតជា មនុស្សតែមួយក្នុង ការបំផ្លាញព្រៃឈើស្រុកខ្មែរអោយរលាយហិនហោច។
តាមប្រភពពីប្រជាពលរដ្ឋបានបន្ថែមឲ្យដឹងថា ឈើប្រណីតប្រភេទធ្នង់រាប់ពាន់កំណាត់ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមផ្លូវទឹកទន្លេសេសាន យកមកគរស្ដុបទុកនៅចំណុចកំពង់ដរ ស៊ីនឿនចាស់ សម្រាប់ឲ្យរថយន្ដធន់ធំចូលទៅដឹកបន្ដ។ ក្រៅពីនោះក៍នៅមានការលាក់ទុក នៅចំណុចភូមិកាឡាន់ញ៉ៃ ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី ផងដែរ។
បើតាមសេចក្ដីរាយការណ៍ថាថែមទៀតថា បច្ចុប្បន្នក្រុមឈ្មួញឈើទាំងពីរនាក់ ខាងលើ កំពុងសម្រុកដឹកឈើទាំងនោះ តាមរថយន្ដធន់ធំទាំងយប់ទាំងថ្ងៃតាមកំពង់ចម្លង ស៊ីនឿនចាស់ ហើយបានដឹកចេញតាមចំណុចផ្លូវលំក្រាលគ្រួសក្រហម ចេញពីស្រុកវើនសៃ ឆ្លងកាត់ស្រុកអូរជុំ ចេញទៅតាមផ្លូវជាតិលេខ៧៨អា ឆ្ពោះទៅកាន់ ច្រកទ្វារអន្ដរជាតិអូយាដាវ (វៀតណាមហៅលាថាញ់) និងបង្ហួសទៅក្នុងទឹដីវៀតណាមតែម្ដង។ជាមួយគ្នាសេចក្ដីរាយការណ៍បានបន្ថែមថា អ្នករកស៊ីឈើប្រណីតទាំងពីរនាក់ខាងលើ មិនត្រូវបានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ឬក្រុមមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើធ្វើការបង្ក្រាបទេ ដោយត្រូវបានរក្សាទុកជាឆ្នាំងបាយរបស់ពួកគេ។ ពាក់ព័ន្ធករណីនេះ ខាងសារព័ត៌មានយើង ពុំអាចសុំការបំភ្លឺពីលោក កែប កត់ ប្រធានផ្នែករដ្ឋព្រៃឈើខេត្តរតនគិរី បានទេ៕