ខេត្តត្បូងឃ្មុំ ៖ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ចេញបទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញដែលល្បីល្បាញខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនដូចជាឧកញ៉ាសឹង សំអុល និងឧកញ៉ា លឹម ប៉ុណ្ណា ហៅខ្នាជាដើម។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានចាត់វិធានការទៅលើមេឈ្មួញ សឹង សំអុល ដែលល្បីខាងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ ដោយសារតែខ្លាចឥទ្ធិពលមន្ត្រីជាន់ខ្ពស់ដែលជាខ្នងបង្អែកយ៉ាងរឹងមាំរបស់មេឈ្មួញម្នាក់នេះ។
ដូច្នេះហើយទើបមេឈ្មួញ សឹង សំអុល បន្តសកម្មភាព ដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ចេញទៅស្រុកយួន តាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះនិងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានញញើតអ្វីទាំងអស់។
សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះមេឈ្មួញសឹងសំអុល បន្តសកម្មភាពកាប់ឈើនិងប្រមូលទិញឈើដឹកជញ្ជូនចេញពីស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទាំងយប់ទាំងថ្ងៃហើយ មិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់នោះទេ។
សកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុករបស់មេឈ្មួញ សឹង សំអុល ចេញពីស្រុកកោះញែក ចូលមកខេត្តក្រចេះ នៅតែកើតឡើង យ៉ាងគគ្រឹកគគ្រេងដោយ សារមានការឃុបឃិតបើកដៃ ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថ កិច្ច ពាក់ព័ន្ធដែលគិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅចែកគ្នា ធ្វើមានធ្វើបាន។
ព្រៃសហគមន៍ ព្រៃការពារ និងព្រៃដែនជម្រកសត្វ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្ដីវិនាសដោយសារតែមេឈ្មួញ សឹង សំអុល មានមេការចាំប្រមូលទិញឈើពីប្រជាពលរដ្ឋដើម្បីដឹកជញ្ជូនយកទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យ។
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថាប៉ុន្មានកន្លងទៅនេះក្រោយពេលស្ងប់ស្ងាត់មួយរយៈរួចមកមេឈ្មួញ សឹង សំអុល បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញ ទៅស្រុកយួនយ៉ាងពេញបន្ទុក។
មានការសង្ស័យថាអាជ្ញាធរខេត្តត្បូងឃ្មុំថា្នក់ខេត្តថ្នាក់មេប៉ូលិសខេត្ត មេប៉េអឹមខេត្ត ទំនងជាទទួលបានផលប្រយោជន៍ ពីមេឈ្មួញ សឹង សំអុល យ៉ាងច្រើនផងដែរទើបនាំគ្នាសម្ងំស្ងៀមហើយបណ្ដោយឲ្យឈ្មួញរូបនេះដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។
ប្រការនេះហើយទើបមជ្ឈដ្ឋាននានា រិះគន់ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើទៅស្រុកយួនក្លាយជារឿងឥតន័យ ព្រោះមេឈ្មួញ សឹង សំអុល និងឈ្មួញជាច្រើននាក់ទៀតនៅតែអាចដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់ឡើយ៕
ឈ្មួញតូចតាចដែលស្និទ្ធនឹងមេឈ្មួញ សឹង សំអុល បានឲ្យដឹងថាឧកញ៉ា អុល បានយកឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងខុទ្ទកាល័យមេដឹកនាំកំពុងម្នាក់ទៅបិទបាំងជំនួញឈើរបស់ខ្លួន និងជាការគំរាមសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ដោយសារតែមេឈ្មួញ សឹង សំអុល យកឈ្មោះមន្ត្រីជាន់ខ្ពស់មកប្រើដើម្បីការពារសកម្មភាពដឹកឈើរបស់ខ្លួនទើបគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ទាល់តែសោះ គឺរង់ចាំតែទទួលផលប្រយោជន៍បន្តិចបន្តួច។
ទង្វើរបស់មេឈ្មួញ សឹង សំអុល បានបង្ហាញថាឈ្មួញរូបនេះ ហ៊ានបំពានលើបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងកំរោលដោយបង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនស្រេចតែអំពើចិត្ត ក្នុងខណៈដែលព្រៃឈើក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងសេចក្ដីវិនាស៕