ខេត្តតាកែវ៖ លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ កំពុងធ្វើឲ្យក្រុមឈ្មួញ អាជីវករ និងពលរដ្ឋដែល នាំចូលទំនិញពីស្រុក យួន រិះគន់កាន់ តែខ្លាំងព្រោះពួកគេ ត្រូវលោក លាង ម៉ុង គាបសង្កត់ឲ្យបង់លុយលើតុ ក្រោមតុកាន់តែច្រើនជាងមុ នទៅទៀត ។
ផ្ទុយទៅវិញ លោក លាង ម៉ុង បានឃុបឃិត ជាមួយមន្ត្រីគយនៅច្រកព្រំដែន និងប្រធានសាខាគយ ខេត្តតាកែវ ក្នុងការបើកដៃ ឲ្យឈ្មួញខិលខូចនាំ ចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ព្រមទាំងប្រេងសាំងគេច ពន្ធពីស្រុកយួន យ៉ាងពេញ បន្ទុកផងដែរ។ ប្រការនេះ ហើយដែលក្រុមឈ្មួញ អាជីវករ និងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនទំនិញឆ្លង កាត់ផ្លូវជាតិលេខ ២ អំពាវនាវ ឲ្យលោក គុណ ញឹម ដែលជាមេគយធំ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក លាង ម៉ុង មេគយចល័តខេត្តតាកែវជាបន្ទាន់។ ជាពិសេសប្រសិនបើលោក គុណ ញឹម អគ្គនាយកគយ មិនជាប់ពាក់ព័ន្ធទទួលផលប្រយោជន៍ជាប្រចាំពីលោក លាង ម៉ុង មេគយចល័តខេត្តតាកែវទេនោះ គឺមិនគួរបណ្ដោយឲ្យលោក លាង ម៉ុង ប្រព្រឹត្តអំពើពុករលួយ។
មន្ត្រីគយក្នុងខេត្តតាកែវ បានលើកឡើងថាការដែលលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយតាមចិត្ត គឺអាចមានការឃុបឃិតបើកដៃពីសំណាក់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករផងដែរ បើមិនដូច្នេះទេលោក គុណ ញឹម នឹងចាត់វិធានការទប់ស្កាត់ជាមិនខាន។ ជាក់ស្ដែងលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ត្រូវបានឈ្មួញ អាជីវករនិងពលរដ្ឋនាំចូលទំនិញពីស្រុកយួនឆ្លងកាត់ខេត្តតាកែវ រិះគន់ជាបន្តបន្ទាប់ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកគយមិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក លាង ម៉ុង មេគយចល័តនៅក្នុងខេត្តតាកែវនោះទេ។ ហេតុនេះហើយទើបលោក លាង ម៉ុង ដែលមានការឃុបឃិតបើកដៃពីសំណាក់ប្រធានសាខាគយខេត្តតាកែវផងនោះ បន្តសកម្មភាពប្រមូលលុយតាមរបៀបពុករលួយពីឈ្មួញ អាជីវករ និងពលរដ្ឋនាំចូលទំនិញពីស្រុកយួនដឹកជញ្ជូនឆ្លងកាត់ខេត្តតាកែវ កាន់តែខ្លាំងជាងមុនទៅទៀត។
ថ្មីៗនេះក្រុមឈ្មួញ អាជីវករ និងពលរដ្ឋដែលរកស៊ីនាំចូលទំនិញពីស្រុកយួន ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ បានឲ្យដឹងថាមន្ត្រីគយចល័តក្រោមការដឹកនាំរបស់លោក លាង ម៉ុង បានបង្កើតកុងត្រូលជជុះ២កន្លែងដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ក្នុងនោះកុងត្រូលជជុះ១កន្លែងស្ថិតនៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ និង១កន្លែងទៀតស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលចាំជំរិតយកលុយពីឈ្មួញ អាជីវករ និងពលរដ្ឋដឹកជញ្ជូនទំនិញឆ្លងកាត់២៤ម៉ោងលើ២៤ម៉ោង។ ប្រភពបានឲ្យដឹងទៀតថា ទោះបីឈ្មួញ អាជីវករ និងពលរដ្ឋដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនក៏ដោយ ក៏ចៀសមិនផុតពីយកលុយទៅទម្លាក់ក្នុងហិបរបស់មន្ត្រីគយចល័តក្រោមការគ្រប់គ្រងរបស់លោក លាង ម៉ុង ៕