កណ្ដាល ៖ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ឧកញ៉ាម្នាក់ឈ្មោះ លី សេងឃាង បានច្បាមយកដីបឹងកាច់ អតីតឡូតិ៍នេសាទលេខ១៧ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលនៅក្បែររាជធានីភ្នំពេញ មានទំហំរាប់ពាន់ហិកតា ដើម្បីចាក់ដីលុបសម្រាប់ធ្វើផ្ទះល្វែង និងខុនដូ។
តាមក្រុមអ្នកភូមិបានឲ្យដឹងថា ដីបឹងកាច់នេះ គឺជាតំបន់អភិរក្សរបស់រដ្ឋ ប៉ុន្តែបច្ចុប្បន្នត្រូវបានក្រុមលោកឧញ៉ា លី សេងឃាង បូមខ្សាច់លុបរាប់ពាន់ហិកតា។
ពលរដ្ឋលើកឡើងទៀតថា បឹងខាងលើជាដីបឹង ដែលពួកគាត់ធ្លាប់បានអាស្រ័យផល ដូចជាប្រកបរបនេសាទនារដូវទឹកឡើង និងដាំឈូកលក់ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែឥឡូវពួកគាត់មិនអាចចុះទៅប្រកបរបទាំងនោះបានទៀតទេ ព្រោះត្រូវបានក្រុមលោក ឧញ៉ា លី សេងឃាង គំរាមចាប់ដាក់គុក។
ពាក់ព័ន្ធបញ្ហានេះ លោក គង់ ដារ៉ា អ្នកមើលការខុសត្រូវឲ្យលោកឧកញ៉ា លី សេងឃាង នៅតំបន់ខាងលើបានឲ្យដឹងថា រឿងច្បាមរយកដីបឹងរបស់លោក ឧញ៉ា លី សេងឃាង លោកមិនបានដឹងនោះទេ គឺលោកគ្រាន់តែជាអ្នកមើលការខុសត្រូវតែប៉ុណ្ណោះ។
ចំណែកលោក លឹម ចាន់សុភី ប្រធានមន្ទីរៀចចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល បានឲ្យដឹងថា ការសាងសង់បុរីនៅស្រុកខ្សាច់កណ្តាលរបស់ លោកឧកញ៉ា លី សេងឃាង ចាក់ដីលុបបឹងកាច់អតីតឡូតិ៍លេខ១៧ ខាងលើនោះទេ លោកបានចុះផ្អាកការសាងសង់ហេីយព្រោះមិនទាន់មានឯកសារណាមួយជាក់លាក់នោះទេ ។
រីឯលោកអភិបាលស្រុកខ្សាច់កណ្តាល លោកបានប្រាប់ថា ស្នេីលោកចុះទៅសួរខាងក្រុមហ៊ុនខ្លួនឯងចុះ។
លោក ម៉ៅ ភិរុន អភិបាលខេត្តកណ្តាល លោកបានប្រាប់តាមរយៈWhatsApp ថា ស្នើលោកសួរទៅក្រុមហ៊ុនវិញតើក្រុមហ៊ុនមានច្បាប់ ឬយ៉ាងណាក្នុងការអភិវឌ្ឍគម្រោងនោះ។ តេីកត្តាខាងលេីនេះមួយឲ្យទៅសួរមួយទៀតនេះ ក្នុងនាមជាថ្នាក់ដឹកនាំស្រុក និងខេត្ត មិនដឹង តើនរណាដឹងនោះ ។