ខេត្តត្បូងឃ្មុំ៖ ប្រភពពីមន្ត្រីអាវុធហត្ថនៅក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក ស្រ៊ុន ផឹងឡាយ ដែលជាជំនាញជំនួយការរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងល្បីខាងកាងឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន។
ប្រភពបានឲ្យដឹងទៀតថា ការដែលមន្ត្រីអាវុធហត្ថឈ្មោះ ស្រ៊ុន ផឹងឡាយ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺអាងមានលោក វ៉ា សារិទ្ធ ជាបង្អែកដ៏រឹងមាំហើយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ក៏មានការយោគយល់ដល់លោក វ៉ា សារិទ្ធ ផងដែរ។ ជាក់ស្ដែងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងមេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មោះ ស្រ៊ុន ផឹងឡាយ ប្រើអំណាចកាងឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងក្រអឺតក្រទម។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ មិនធ្វើសកម្មភាពដឹកជញ្ជូនឈើដោយផ្ទាល់ខ្លួនតទៅទៀតទេ គឺចាត់ចែងឲ្យគ្នីគ្នារបស់ខ្លួនជាអ្នកដឹកជញ្ជូនឈើជំនួស ហើយខ្លួនគឺជាអ្នកកាងពីក្រោយចាំដោះស្រាយសម្របសម្រួលជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ។ ឈ្មួញធំៗជាច្រើនដែលដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ ភាគច្រើនពឹងពាក់ឲ្យលោកស័ក្ដិ៤ឈ្មោះ ស្រ៊ុន ផឹងឡាយ ជាអ្នករត់ការបើកផ្លូវ។ ក្រុមឈ្មួញដឹកឈើដែលពឹងពាក់ឲ្យលោកស័ក្ដិ៤ឈ្មោះ ស្រ៊ុន ផឹងឡាយ រត់ការបើកផ្លូវតែងតែអាចដឹកឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង ច្រកចាន់មូល ច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។
សកម្មជនព្រៃឈើនិងមន្ត្រីរាជការក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងថាប្រហែលលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទទួលបានផលប្រយោជន៍ជាប្រចាំពីលោកស័ក្ដិ៤ឈ្មោះ ស្រ៊ុន ផឹងឡាយ ទើបបណ្ដោយឲ្យមន្ត្រីអាវុធហត្ថរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ប្រភពពីមន្ត្រីអាវុធហត្ថក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងទៀតថា រថយន្តដឹកឈើរបស់បក្ខពួកលោក ស្រ៊ុន ផឹងឡាយ តែងតែអាចទៅដល់គោលដៅយ៉ាងរលូនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើពិនិត្យមើលភាពមិនប្រក្រតីខាងលើនេះផង ព្រោះមន្ត្រីអាវុធហត្ថពាក់ស័ក្ដិ៤ក្នុងខេត្តត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹងឡាយ កំពុងធ្វើជាបង្អែកនឹងកាងឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងបណ្ដោយឲ្យជំនួយការរបស់ខ្លួនឈ្មោះ ស្រ៊ុន ផឹងឡាយ ធ្វើអ្វីៗស្រេចតែអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕