0

ក្រុមហ៊ុន សំអឿន សុវណ្ណកំពុងតែសម្រុកបំផ្លាញព្រៃឈើក្នុងស្រុកឆែប និង ស្រុកជ័យសែន ឲវិនាសឆាប់ៗ

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​ព្រៃឈើ​ដែល​នៅ​សេសសល់​កំពុង​ត្រូវបាន​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ធ្វើ​អាជីវកម្ម​និង​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​សម្ងំស្ងៀម​មិន​ខ្វល់​ពី​រឿង​ក្រុមហ៊ុន សំអឿន សុវណ្ណ បំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប នោះឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​មាន​ក្រុមហ៊ុន​ចិន​មួយ ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៥​ម៉ឺន​ហិកតា​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន សម្រាប់​ដាំ​អំពៅ ក៏ប៉ុន្តែ​ជាក់ស្ដែង​គេ​បែរជា​ឃើញ​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​កាលពី​ព្រលប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ អ្នកសារព័ត៌មាន​មួយក្រុម​បានធ្វើ​ដំណើរ​ឆ្លងកាត់​ស្រុក​ឆែប ហើយ​ពេលមកដល់​ចំណុច​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ក៏​ប្រទះឃើញ​រថយន្ត​កែច្នៃ​ប្រភេទ​ប​ង្គុ​ង​២​គ្រឿង​របស់​ក្រុមហ៊ុន សំអឿន សុវណ្ណ ដឹកជញ្ជូន​ឈើ​ចូលទៅក្នុង​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ទៅវិញ​។ ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញថា​ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេលកន្លងមក​នេះ​លោក អឿន ដែលជា​ប្រធាន​ក្រុមហ៊ុន សំអឿន សុវណ្ណ បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​តែម្តង​។ បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មន្ត្រី​ក្រៅ​រដ្ឋាភិបាល​ងឿងឆ្ងល់​នោះ គឺ​តំបន់​ដែល​ក្រុមហ៊ុន​ចិន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៥​ម៉ឺន​ហិកតា គឺជា​តំបន់​ដែលមាន​ព្រៃ​ក្រាស់​សំបូរ​ទៅដោយ​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២ ដែលមាន​ទំហំ​ធំៗ​ឬ​ហៅថា​ឈើ​ហ៊ុ​ប​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ចិន​គឺជា​អ្នកទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្តែ​ក្រុមហ៊ុន សំអឿន សុវណ្ណ បែរជា​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន សំអឿន សុវណ្ណ មិន​ត្រឹមតែ​កាប់​ឈើ​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ​ទេ គឺមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​ផងដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​បរិស្ថាន និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​លោក អឿន ដែលជា​ម្ចាស់​ក្រុមហ៊ុន សំអឿន សុវណ្ណ ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ឆែប ស្រុក​ជ័យ​សែន និង​ស្រុក​ត្បែងមានជ័យ ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ក៏ដូចជា​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ក្រុមហ៊ុន សំអឿន សុវណ្ណ អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ឡើយ​៕

6ឈើ ក្រុមហ៊ុន សំអឿន សុវណ្ណ ឈើ ក្រុមហ៊ុន សំអឿន សុវណ្ណ ១ ឈើ ក្រុម ហ៊ុន សំអឿន សុវណ្ណ

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com