0

ល្បីថាមាន មន្ត្រីប៉ូលិសខេត្តរនគិរីឈ្មោះ យ៉ាត សុធា ពាក់ស័ក្ដិ២ ជាអ្នករត់ការសេដ្ឋកិច្ចឲ្យមេឈ្មួញឈើ ប៉ុល វិសាល

រតនគិរីៈ លោក​ ប៉ុល​ វិសាល​ ដែលម្នាក់ៗ តែងតែស្គាល់ថា ជាអ្នកជំនួញវ័យក្មេង​ ពេលនេះកំពុងតែមានឥទ្ធិពលខ្លាំងបំផុត ក្រោយពីលោកមានសមត្ថភាពអាចបញ្ជាមន្រ្តីប៉ូលិសរបស់រដ្ឋ ឲ្យរត់ការជំនួញបទល្មើសព្រៃឈើបាន​។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោក​ យ៉ាត​ សុធា មន្រ្តីនគរបាលពាក់ស័ក្តិ២ នៅខេត្តរតនគិរី ត្រូវបានគេលើកឡើងថា​ កំពុងកាន់សេដ្ឋកិច្ចឲ្យឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅភាគឦសាន្តប្រទេស ខណៈលោក គឺជាមន្រ្តីនគរបាលយុត្តិធម៌ កំពុងស៊ីប្រាក់ខែរដ្ឋ ដែលប្រជាពលរដ្ឋបង់ពន្ធគ្រប់ៗគ្នា។

លោក ប៉ុល វិសាល​ ត្រូវបានគេរាយការណ៍មកថា​ ជាមនុស្សមានឥទ្ធិពល និងជិតស្និតជាមួយអភិបាលខេត្តរតនគិរី លោក​ ថង សាវុន ហើយលោកក៏ជាមនុស្សដែលទើបនឹងល្បីល្បាញផងដែរ ខាងជំនួញបទល្មើសព្រៃឈើ​ បន្ទាប់ពីលោក​ ហូវ​ ជីវ៉ៃ​ អតីតមេការឧកញ៉ា​ ទ្រី​ ភាព​ អស់ឥទ្ធិពល។

លោក​ ប៉ុល​ វិសាល​ បច្ចុប្បន្នបានទិញអាជា្ញប័ណ្ណពីក្រុមហ៊ុន​ ដួង​ ស្រួច​ ដែលក្នុងអាជា្ញប័ណ្ណគេអនុញាតឲ្យចេញឈើ១៥០ម៉ែត្រគូប ស្មើរប្រហាក់ប្រហែល៣រថយន្ត តែធាតុពិតឈ្មួញម្នាក់នេះ​ បានចរាចរមិនតិចជាងរាប់រយរថយន្តឡើយ គិតចាប់តាំងពីថ្ងៃទី១០ ខែវិច្ឆកា រហូតមកទល់នឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ​។ លោក​ ប៉ុល វិសាល និងលោក​ យ៉ាត​ សុធា​ នៅរសៀលថ្ងៃទី២៦ ខែធ្នូនេះ​ សារព័ត៌មានចាប់ដៃ  មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង។

តាមសេចក្តីរាយការណ៍​ គំនរឈើរាប់ពាន់កំណាត់ ត្រូវឈ្មួញប្រមូលចេញពីដងទន្លេសេសាន្ត ស្ថិតក្នុងស្រុកវើនសៃ កាលពីម៉ោង៤៖៣០នាទី ល្ងាច​ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំកុក​ ឃុំប៉ុង​ ស្រុកវើនសៃ​ ​ខេត្តរតនគិរី។ រហូតដល់ម៉ោង១០យប់ ឈើទាំងនេះត្រូវបានដឹកចេញ​តាមច្រកអូរយ៉ាដាវ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម។ គំនរឈើដែលគេប្រទះឃើញនោះ ត្រូវបានគេប្រាប់ថា​ ជាឈើរបស់ក្រុមឈ្មួញដែលបានប្រមូលទិញពីក្នុងព្រៃដែនជម្រកសត្វទោច ជាយឧទ្យានជាតិវិរៈជ័យ ជាប់ព្រំប្រទល់ខេត្តរតនគិរី និងស្ទឹងត្រែង ហើយមួយចំនួនទៀត ចេញពីតំបន់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង​។

សេចក្តីរាយការណ៍ បន្តទៀតថា​ ក្រោយពេលឈ្មួញប្រមូលទិញបាន ពួកគេបានដឹកតាមគោយន្តច្នៃមកគរស្តុបទុកនៅតាមផ្ទះ និងមួយចំនួនជញ្ជូនបន្តទៅលាក់ទុកនៅមាត់កំពង់ទឹក ក្នុងភូមិប៉ាកាឡាន់​​ ឃុំប៉ាកាឡាន់​​ ស្រុកវើនសៃ ខេត្តតនគិរី ទាំងថ្ងៃទាំងយប់។

សេចក្តីរាយការណ៍បញ្ជាក់ថា ឈើទាំងនេះ មានឈ្មួញឈ្មោះ ប៊ុល​ វិសាល និងលោក ណាក់ ក្បាលធំ ដែលមានឈ្មួញដ៏មានឥទ្ធិពលនៅពីក្រោយ ឈ្មោះ ហូវ ជីវ៉ៃ។

ទោះជាបែបណាក៏ដោយ បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើនៅខេត្តជាយប្រទេសមួយចំនួន ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ត្រូវបានគេរាយការណ៍មកថា បាន និងកំពុងចរាចរយ៉ាងរលូនទៅលក់នៅប្រទេសវៀតណាម ហើយខ្លះមានរូបភាពដូចហែកឋិនតែម្ដង។

26196879_2133742663306454_205840852_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com