0

លោក នង សុខុម ឲ្យ​កូនចៅ​ប្រមូល​លុយ ពី​ការ​នាំចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​បាវិត ​។

ខេត្ត​ស្វាយរៀង ៖ លោក នង សុខុម ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ក្រុង​បាវិត ជំនួស​លោក យឹ​ង សំអន កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ប៉ុន្តែ​មក​ដល់ពេលនេះ ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ រួម​ទាំង​ចំណីអាហារ ខូច​គុណភាព ត្រូវ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ បាវិត​-​ម៉ុក​បាយ កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង ដូច​ដែល​អ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើង​ថា ក្នុង​មួយ​ខែៗ រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ មិនតិច​ជាង ២០​ម៉ឺន​ដុល្លារ​នោះទេ ដោយសារតែ​លោក នង សុខុម និង​កូនចៅ​ក្រោម​ឱវាទ ឃុបឃិត​ឲ្យមាន អំពើ​រត់ពន្ធ​ទំនិញ​។

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា លោក នង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​បាវិត បាន​ប្រព្រឹត្ត​អំពើ ស៊ីសំណូក សូកប៉ាន់ ពី​ពួក​ឈ្មួញ​ធំៗ ដែល​រកស៊ី បង្កប់​ទំនិញគេចពន្ធ តាម​រថយន្តក្រុង ដឹក​អ្នក​ទេសចរណ៍ ច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ​។ ប្រភព​បានឲ្យដឹងថា រថយន្តក្រុង​ដឹក​អ្នកដំណើរ ដែល​ចេញចូល តាម​ច្រក​បាវិត​រាល់ថ្ងៃ ដែល​មាន​បង្កប់​ទំនិញ​គេចពន្ធ ក្នុង​មួយ​គ្រឿងៗ ត្រូវ​បង់លុយ យ៉ាងតិច​ពី ៥ ទៅ ៧​លាន​រៀល ទៅឱ្យ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​តាម​ប៉ុស្តិ៍ តាម​អង្គភាព​នី​មួយៗ​។ ក្នុងនោះ ក្រុមហ៊ុន​រថយន្តក្រុង មួយចំនួន បាន​ឃុបឃិត ជាមួយ​មន្ត្រី​ខិលខូច មួយ​ក្តាប់​តូច ប្រចាំ​នៅ​ច្រក​បាវិត រួម​មាន​មន្ត្រី​គយ និង​ប៉ូលិសអន្តោប្រវេសន៍ ឱ្យ​ជួយ​ធ្វើ​ជា​បង្អែក និង​ជួយ​រត់​ការ នាំចូល​ទំនិញ​ខុសច្បាប់ និង​គេចពន្ធ ដើម្បី​ចៀសផុត ពី​ការរំខាន​។
​ដោយឡែក ការហូរ​ចូល​ទំនិញ​វិនិយោគ ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ ក៏ដូចជា​ទំនិញ​នាំចូល ដែល​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ តែ​មន្ត្រី​គយ បាន​ប្រើ​ជំនាញ​របស់​ខ្លួន តាមរយៈ​ការត្រួតពិនិត្យ​ទំនិញ ក៏​ដូច​ជា​ឯកសារ​នាំចូល តាមរបៀប​ដាក់​កំហិត ឲ្យមាន​ការបង់ប្រាក់ ផ្ទុយ​ពី​គោលការណ៍ របស់​ក្រសួង ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ។

លោក នង សុខុម នៅ​មិនទាន់​ធ្វើការ​កែទម្រង់ ចំពោះ​រូបភាព​នៃ​ការ បង្ខំ​ឱ្យ​ក្រុម​អ្នក​រត់ការ​ទំនិញ បង់ប្រាក់​សម្រាប់ ថ្លៃ​សេវា​ពិនិត្យ​ឯកសារ ដែល​ត្រូវ​ឆ្លងកាត់ ដែល​គេ​ហៅថា លុយ​ថ្លៃ​បាយ ដែល​ច្បាប់​ចាត់ទុកថា ជា​ការទារលុយ ដោយ​ខុសច្បាប់​។ រាល់​ឯកសារ នៃ​ទំនិញ​វិនិយោគ ដែល​នាំ​មក​ពី ក្រុង​ហូជីមិញ គ្រាន់តែ​ជំនាញ​គយ ក៏​ត្រូវ​ចំណាយ យ៉ាងតិច​ពី ១០០​ទៅ ១១៥​ដុល្លារ ហើយ​ការបង់ប្រាក់ សម្រាប់​មន្ដ្រី​គយ​ក្រៅផ្លូវការ ក្នុង​ម្នាក់ៗ​ចាប់ពី ១០​ដុល្លារ រហូតដល់ ៦០​ដុល្លារ ។

ច្រក​អន្ដរជាតិ​បាវិត ខេត្ដ​ស្វាយរៀង ទំនិញ​ភាគច្រើន​ជា ផលិតផល​របស់ ប្រទេស​វៀតណាម និង​ប្រទេស​ចិន ដែល​ក្រុម​ឈ្មួញ​នាំ​ចូល ដោយ​គេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ ច្រើន​សន្ធឹកសន្ធាប់ ហើយ​លោក នង សុខុម ទំនង​ជា​បាន​ទទួល សំណូក​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ ទើប​មិន​ដែល ធ្វើការ​បង្ក្រាប​។ ជាក់ស្តែង​ឈ្មួញ ដ៏​មាន​អំណាច​ម្នាក់ ឈ្មោះ ចែ ភី ដែល​មាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​គយ​ធំៗ បាន​ប្រើប្រាស់ រថយន្ត​ប្រភេទ យី​ឌុប​ភ្លៅ​៥ ធុន​យក្ស ដឹកទំនិញ​ប្រភេទ គ្រឿង​សំណង់ និង​ទំនិញ​ចម្រុះ នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​បាវិត ដោយ​គ្មាន​ការបង់ពន្ធ ៕

KA-33338881-180x126

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com