ស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា កន្លងទៅថ្មីៗនេះម្ចាស់រថយន្តដឹកខ្សាច់ ដឹកក្រួស ប្រមាណ៤៥នាក់ បាននាំគ្នាតវ៉ាបិទ ផ្លូវ ជាតិ លេខ១តាំងពីព្រឹកដោយសារ ក្រុមជញ្ជីងថ្លឹងរថយន្តចល័តក្រោម ការគ្រប់គ្រងរបស់លោក សេង ឈួន ដោយ សារតែក្រុមនេះ ឃាត់រថយន្តពួកគាត់កាលពីល្ងាចថ្ងៃទី២៤ ខែមករា យកទៅទុកនៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តំណាងក្រុមអ្នកតវ៉ាបានឲ្យដឹងថា ពួកគាត់ប្រមូលផ្ដុំគ្នាតវ៉ាដោយសារតែក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តចល័តគាបយកលុយហួសហេតុពេក ដោយតម្រូវឲ្យពួកគាត់បង់ថ្លៃផាកពិន័យក្នុង១តោនរហូតដល់ទៅ៣០ម៉ឺនរៀល។ ប្រភពបានឲ្យដឹងទៀតថា រថយន្តខ្លះដឹកដី ដឹកក្រួស លើសទម្ងន់ពី១០តោនទៅ១៨តោន ដូច្នេះមិនដឹងមានលុយឯណាសម្រាប់បង់ឲ្យក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តចល័តនោះទេ។ ជាងនេះទៅទៀតសូម្បីតែរថយន្តដែលមិនផ្ទុកលើសទម្ងន់ក៏គេគាបយកលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ក្រុមជញ្ជីងថ្លឹងរថយន្តចល័តក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានលោក សេង ឈួន ជាអ្នកគ្រប់គ្រងកំពុងល្បីល្បាញខាងពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា ក្រុមជញ្ជីងថ្លឹងរថយន្តចល័តរបស់ក្រសួងសាធារណការ មិនខ្វល់ពីរឿងរថយន្តដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់នោះទេ គឺឈ្មួញនិងអាជីវករត្រូវតែបង់លុយតាមការកំណត់របស់ពួកគេ។ សូម្បីតែរថយន្តដឹកក្រួសដឹកខ្សាច់ក៏ត្រូវក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តចល័តក្រោមការគ្រប់គ្រងរបស់លោក សេង ឈួន គាបយកលុយតាមរបៀបពុករលួយយ៉ាងគឃ្លើនដែរ។
គួររំលឹកដែរថា ក្រុមជញ្ជីងថ្លឹងរថយន្តចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សេង ឈួន ទៅដល់ទីណាគឺបង្កតែក្ដៅក្រហាយដល់ឈ្មួញអាជីវករដឹកជញ្ជូនទំនិញនិងពលរដ្ឋរកស៊ីដឹកដី ដឹកក្រួស ដឹកថ្ម ស្រេចតែអំពើចិត្ត។ ប្រការនេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក សេង ឈួន និងក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តចល័តជាបន្ទាន់ ព្រោះពួកគេយកជញ្ជីងទៅថ្លឹងលុយ ជាជាងបង្ក្រាបរថយន្តដឹកទំនិញលើសទម្ងន់បំផ្លាញផ្លូវថ្នល់។ អំពើពុករលួយរបស់លោក សេង ឈួន និងបក្ខពួក គឺជារឿងមិនអាចបិទបាំងបានទេ ហើយករណីកើតឡើងនៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញយ៉ាងច្បាស់នូវសកម្មភាពមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សេង ឈួន និងបក្ខពួក។