0

លោក គង់ សំរេច មេគយច្រកស្រែអំបិល អាងមានខ្សែធំ មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ នៅតែបន្តគៃបន្លំ បំបាត់ចំណូលពន្ធរដ្ឋ យ៉ាងគ្លើន? 

ខេត្តកោះកុង ៖ ច្រើនឆ្នាំមកហើយ ដែលក្រុមឈ្មួញ សប្បាយរកស៊ី ដឹកជញ្ជូន ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ មកពីប្រទេសថៃ ចូលតាមច្រក ផែស្រែអំបិល ដែលជាទីតាំងអំណោយផល សម្រាប់ពួកគេ គៃបន្លំចំណូលពន្ធ ព្រោះលោកគង់ សំរេច ជាមេគយប្រចាំច្រកនេះ ក៏មានឈ្មោះ ក្នុងបញ្ជីប្រព្រឹត្ត អំពើពុករលួយ កម្រិតខ្ពស់ ដូចដែល មន្ត្រីតូចតាច មួយចំនួន បានលួចបង្ហើបឲ្យដឹងថា លោក គង់ សំរេច គៃបន្លំចំណូលពន្ធ ធ្វើឲ្យបាត់បង់ ចំណូលថវិកាជាតិ គួរឲ្យញាក់សាច់ និងសាហាវជាង លោក កុយ ឆាយ ទៅទៀត។

មន្ត្រីតូចតាច បានឲ្យដឹងថា ចាប់តាំងពីលោក គង់ សំរេច ឡើងកាន់តំណែង ជាប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកស្រែអំបិល គាត់មានឱកាស ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញ ពីប្រទេសថៃ គ្រប់ប្រភេទ រាប់ទាំងគ្រឿងបន្លាស់រថយន្ត សម្បកកង់រថយន្ត គ្រឿងឧបភោគ បរិភោគ និងទំនិញខុសច្បាប់ជាច្រើនមុខទៀត យ៉ាងអនាធិបតេយ្យបំផុត។ ជាធម្មតាលោក គង់ សំរេច មិនដែលខ្វល់ខ្វាយពីការបង្ក្រាប ទំនិញខុសច្បាប់ ឬទំនិញគេចពន្ធ ដែលធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ នោះទេ គឺគាត់គិតតែ ផលប្រយោជន៍ ហូរចូលហោប៉ៅផ្ទាល់ខ្លួន សម្រាប់អភិវឌ្ឍន៍មុខតំណែង។

ប្រភពបានឲ្យដឹងថា លោក គង់ សំរេច បានអនុវត្ត ខុសពីតួនាទីរបស់ខ្លួន តាមរយះការ លួចដោះលែង រថយន្តដឹកទំនិញធុនធំ ដែលមិនបង់ពន្ធជូនរដ្ឋ ជាថ្នូរនឹងលុយក្រោមតុ យ៉ាងច្រើន។ ក្នុងនោះ សាឡង់ដឹកទំនិញ ជាច្រើនប្រភេទ រួមមាន ទំនិញស៊ីម៉ង់ត៍ គ្រឿងអេឡិចត្រូនិក ស្រាបៀរ គ្រឿង ម៉ាស៊ីនជជុះ គ្រឿងទេស ដែលដឹកចេញ ពីប្រទេសថៃ ត្រូវបានគេនាំចូល និងផ្ទេរដាក់រថយន្ត នៅចំណុចកំពង់ផែ ស្រែអំបិលថ្មី ដោយគ្មានការត្រួត ពិនិត្យ និងបង់ពន្ធ ឲ្យបានត្រឹមត្រូវឡើយ។

សូមរំលឹកថា កាលពីជាង ១ខែមុន ក្រុមអធិការកិច្ច បានចុះអង្កេត តំបន់ប្រមូលពន្ធ នៅស្រុកស្រែអំបិល រកឃើញថា មានរថយន្ដដឹក ទំនិញ ចេញតាមផែនេះ ជាង ៥០គ្រឿង តែមានចុះបញ្ជី និងបង់ពន្ធចូលរដ្ឋ មានត្រឹមតែ ២៥គ្រឿង ប៉ុណ្ណោះ។ រថយន្តដឹកទមនិញ ជាច្រើនគ្រឿងទៀត ត្រូវបានមន្ត្រីគយ បិទភ្នែក ឲ្យដឹកទំនិញចេញ ដោយគ្រាន់តែ រាប់ក្បាលឡាន យកលុយ តាមរបៀបពុករលួយ ឬប្រើយុទ្ធសាស្ត្រ បន្លំតួលេខទំនិញ ដោយចំនួនទំនិញច្រើន តែតួលេខចំណូល បានតិចតួច ដែលធ្វើឲ្យការប្រមូលពន្ធ មិនមានតុល្យភាព តាមទំនិញជាក់ស្តែង និងបាត់បង់ ចំណូលថវិកាជាតិ។

នៅចំណុច ច្រកស្រែអំបិល ធ្លាប់មាន ភាពចម្រូងចម្រាស រវាងជំនាញគយ និងសមត្ថកិច្ចដទៃទៀត ដែលប្រចាំការ នៅទីនោះ ដូចជាករណីខ្លះ ទូកដឹកទំនិញ ចំណុះ ៣០-៤០តោន ចូលមកដល់ ផែស្រែអំបិល គឺជំនាញគយ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃពន្ធ តាមតែអំពើចិត្ត ដូចជាពេលកន្លងមក ក្នុងទូកដឹកទំនិញ ចំណុះ ៣០-៤០តោន គេដឹងថា ជំនាញគយបានបង្គាប់ឲ្យក្រុមឈ្មួញ បង់ពន្ធមិនដល់ ពាក់កណ្តាលផងទេ ហើយសល់ប៉ុន្មាន ត្រូវផ្តល់សេវាជូនមន្ត្រីគយ ដែលជួយសម្របសម្រួល កាត់បន្ថយការបង់ពន្ធ ដែលករណីនេះ ទាមទារឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេត ពីការឃុបឃិត បំបាត់ចំណូលពន្ធ នៅច្រកស្រែអំបិល ឡើងវិញផង៕

លោក គង់ សម្រេច ដែលជា មេគយច្រកនេះ គឺជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ រាប់សិបតោនក្នុង១ថ្ងៃៗ ដែលជាហេតុធ្វើ ឲ្យបាត់បង់ចំណូលពន្ធរដ្ឋ យ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះហើយលោក គង់ សម្រេច ធ្វើជាមេគយច្រកស្រែអំបិល បានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់ កំពង់ផែស្រែអំបិល បានឲ្យដឹងថា នៅកំពង់ផែ នៃច្រកស្រែអំបិល ឈ្មួញបាននាំចូលទំនិញ តាមទូកធំៗ ដែលមានចំណុះរាប់សិប តោន ហើយភាគច្រើន នៃទំនិញទាំងនោះ គឺជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់។ ចំពោះរថយន្ត ដែលមានអាទិភាពក្នុងការដឹកទំនិញចេញពីកំពង់ផែមួយនេះ គឺមានត្រឹមតែ៣ក្រុមហ៊ុនប៉ុណ្ណោះគឺក្រុមហ៊ុនកៀធី ក្រុមហ៊ុនឡុងម៉េង និងក្រុមហ៊ុនMDH ដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូល តាមច្រកកំពង់ផែស្រែអំបិល ខេត្តកោះកុង ដោយសារតែមាន ការបើកដៃពី លោក គង់ សម្រេច ។

ទំនិញគេចពន្ធ ដែលឈ្មួញនាំចូល មានដូចជា គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក ទូរសព្ទ័ ស្រាថ្លៃៗ ស្រាបៀសឹង្ហ(ស្រាបៀសឹង្ហមិនបង់ពន្ធជូនរដ្ឋទេ) តែ ស្រាបៀលីអូ បង់ពន្ធជូនរដ្ឋតែ ២០% ប៉ុណ្ណោះ)  និងទំនិញជាច្រើនប្រភេទទៀត ដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់។ ចំណែកឯនៅក្នុងឯកសារពន្ធ (ប្រតិវេទ) មិនមានឈ្មោះក្រុមហ៊ុនទាំង៣ខាងលើឡើយ ដោយគេបានប្រើឈ្មោះផ្សេងមកជំនួស។

ប្រភពខ្លះបានឲ្យដឹងថា តាមរយៈការបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ តាមអំពើចិត្ត គឺ លោក គង់ សម្រេច ប្រធានស្នាក់ការ គយច្រកស្រែអំបិល អាចប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួលបំផុត។

សមត្ថកិច្ចពាក់ព័ន្ធ នៅច្រកស្រែអំបិល បានអះអាងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធ តាមច្រកនេះ គឺសុទ្ធតែជាម៉ូយចាស់របស់ លោក គង់ សម្រេច ដោយមានការបែងចែក ផលប្រយោជន៍គ្នា យ៉ាងរលូន។ ដូច្នេះអង្គភាពប្រឆាំង អំពើពុករលួយ ក៏គួរស៊ើបអង្កេតទៅលើ ករណីមេគយច្រកស្រែអំបិល ឃុបឃិតបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ជាបន្ទាន់ផងដែរ ព្រោះបញ្ហានេះ នាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com