ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះ ឈ្មួញបានសម្រុកទិញឈើនៅឃុំរលួស ហើយដឹកជញ្ជូនតាមរថយន្តទំនើបៗ និងរថយន្តយីឌុបធំៗចេញពីទឹកដីឃុំរលួស។ ឈើធ្នង់ជាប្រភេទឈើដែលក្រុមឈ្មួញប្រមូលទិញនៅឃុំរលួស រួចដឹកជញ្ជូនឆ្លងកាត់ភូមិស្រែស្បូវ ឃុំក្បាលដំរី ហើយឈ្មួញខ្លះទៀតដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ក្រុមហ៊ុនឆាយណាដាយណាមិក ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ឈ្មួញឈ្មោះចែនី ថៅកែស្ថានីយ៍ប្រេងឥន្ធនៈស្ពានទេរ រស់នៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ គឺជាឈ្មួញដែលធ្វើសកម្មភាពប្រមូលទិញឈើ និងដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនខ្លាំងជាងគេ និងយូរឆ្នាំមកហើយ។
ឈ្មួញ២នាក់កំពុងឃុបឃិតគ្នាដឹកជញ្ជូនឈើប្រណីតចេញពីឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ឆ្លងកាត់ក្រុមហ៊ុនឆាយណាដាយណាមិក ទៅលក់នៅស្រុកយួនយ៉ាងរលូនគ្មានសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពពីមន្ត្រីរដ្ឋភិបាលព្រៃឈើដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចែនីនិងឈ្មោះសឹមជាអ្នកឃុបឃិតគ្នាដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន ហើយមានការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធជាប្រចាំទើបគ្មានការបង្ក្រាប។ តាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ឈើធ្នង់ជាច្រើនកំណាត់ដែលគេរកឃើញនៅចំណុចផ្លូវចូលក្រុមហ៊ុនឆាយណាដាយណាមិក កាលពីពេលថ្មីៗនេះគឺជាឈើរបស់ចែនី។
ប្រជាពលរដ្ឋដែលរស់នៅចំណុចផ្លូវចូលក្រុមហ៊ុនឆាយណាដាយណាមិក ក្នុងឃុំអូរគ្រៀង បានឲ្យដឹងថាជារៀងរាល់យប់រថយន្តយីឌុបដឹកឈើបានបើកឆ្លងកាត់មូលដ្ឋានរបស់ពួកគាត់ឡើងទ្រហឹង ហើយគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ។ ប្រភពខ្លះបានឲ្យដឹងថាសឹមជាអ្នករត់ការបើកផ្លូវហើយចែនី គឺជាអ្នកដឹកជញ្ជូនឈើ ហេតុនេះហើយទើបគ្មានសមត្ថកិច្ចណាបង្ក្រាបទាល់តែសោះ។ បញ្ហានេះកំពុងតែធ្វើឲ្យឈើប្រណីតប្រភេទធ្នង់នៅក្នុងព្រៃនៃស្រុកសំបូរ ខេត្តក្រចេះ ទទួលរងនូវការកាប់បំផ្លាញយ៉ាងពេញបន្ទុក ហើយចែនី ដែលជាថៅកែប្រេងឥន្ធនៈស្ពានទេរ ក្រុងក្រចេះ កំពុងល្បីល្បាញយ៉ាងខ្លាំងក្នុងការឃុបឃិតជាមួយឧកញ៉ាថៃ និងសមត្ថកិច្ចពាក់ព័ន្ធ។