បន្ទាយមានជ័យ: ក្រោយពីកាសែត វេបសាយ និងទូរទស្សន៍ ក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្សាយជាបន្តបន្ទាប់ ជុំវិញរឿងពុករលួយរបស់ខ្លួន ប្រភពពត៌មានបានបង្ហើបឲ្យដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចំណាយប្រាក់ប្រមាណ ជាង៣០០០ដុល្លា ដើម្បីរត់ការបិតមាត់អ្នកកាសែត ឲ្យបញ្ឈប់ការបន្តផ្សាយ រឿងអាស្រូវស្អុយ បញ្ច្រាស់ខ្យល់របស់ខ្លួនបន្តទៀត។
រឿងអាស្រូវទាំងនោះត្រូវបានគេដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ កន្លងមកដឹកនាំបែបបក្ខពួកនិយម គៀបសង្កត់មន្ត្រីក្រោមឱវាទ បណ្តេញមន្ត្រីមានក្របខណ្ឌ ឲ្យទៅធ្វើការពិនិត្យរទេះ ពិនិត្យឡានតាមផ្លូវ រួចទៅជួលជនស៊ីវិលដែល ជាសាច់ញាតិខ្លួន ២នាក់ឲ្យមកធ្វើការជំនួស។ ឃុបឃិតជាមួយឈ្មួញធំៗ នាំចូលទំនិញគ្រប់ប្រភេទ ដូចជាគ្រឿងទេស ត្រី សាច់ មាន់ ទា ជ្រូក គោ និងប្រហិតគ្រប់ប្រភេទ ចូលពីថៃតាមច្រកប៉ោយប៉ែត និងច្រករបៀង គ្មានការត្រួតពិនិត្យត្រឹមត្រូវឡើយ គឺឲ្យឈ្មួញបង់លុយប្រចាំខែ បង់ក្បាលឡាន និងក្បាលរទេះជាការស្រេច។
ប្រភពច្បាស់ការមួយបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ គេបានឃើញលោក ម៉ក់ ពេជរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានអញ្ជើញមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាលើកទី២ ហើយក៏ជាគម្រប់៧ថ្ងៃ នៃការព្រមាន ដកដំណែង សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្តបន្ទាយមានជ័យ ផងដែរ។ចាំមើលថា តើលោក ម៉ក់ ពេជ្ជរឹទ្ធ ហ៊ានដកតំណែងលោក សាន វិជ្ជាសារ៉ាវុធ ដូចជាការអះអាងកន្លង ទៅដែរឬយ៉ាងណា? បើមិនហ៊ានមានន័យថា លោកច្បាស់ជាមានការ ជាប់ពាក់ពន្ធ័រឿងផលប្រយោជន៍។
វត្តមានជាលើកទី២ លើទឹកដីក្រុងប៉ោយប៉ែត គឺលោក ម៉ក់ ពេជ្ជរឹទ្ធ ចុះមកបើកការស៊ើបអង្គេតជុំវិញអាស្រូវ រឿងពុករលួយ និងភាពអសកម្មរបស់ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលមិនបានបំពេញការងារ ឲ្យបានល្អ តាមតួនាទីភាកិច្ចដែលថ្នាក់លើបានចាត់តាំងមក។ ហើយការចុះស្រាវជ្រាវនេះគឺលោកត្រូវបានគេដឹងថា លោកអគ្គនាយករូបនេះមិនបានចូលទៅប្រជុំនៅស្នាក់ការកាំកុងត្រូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចលើកមុនទេ គឺលោកជួបជុំនិងធ្វើការនៅតែក្នុងសណ្ឋាគារលី តែប៉ុណ្ណោះ។
គួរបញ្ជាក់ថាកន្លងទៅ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ តែងតែមានអំនួត អួតអាងតាំងខ្លួន ដូចមហាទេពស្មើមេឃ គ្មាននរណាចេះដល់ខ្លួនទេ យកឈ្មោះអ្នកធំនេះ អ្នកធំនោះមក ប្រើ់ប្រាស់គៀបសង្កត់មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋាន:ស្មើអគ្គនាយក។ហើយការឃុបឃិត ជាមួយឈ្មួញរកស៊ីខុសច្បាប់ ដាក់ខែ រាប់ក្បាលឡានដឹកទំនិញ១គ្រឿង១០០បាត ១ថ្ងៃមានឡានប្រពី៣០០ទៅ៥០០ឡាន ចឹងមានន័យថា គ្រាន់តែ១ថ្ងៃលោកប្រធានសាខាកាំកុងត្រូលរូបនេះអាចរកចំណូលក្រោមតុពីឈ្មួញបានរាប់ម៉ឺនបាត។ចំណូលទាំងនោះ សាន វិជ្ជាសារ៉ាវុធ អះអាងចំពោះមុខកូនចៅថា មួយចំនួនគឺ ទុកដោះស្រាយអង្គភាព។
ពាក់ពន្ធ័ករណីនេះ អ្នកសារពត៌មានយើង បានខលទៅសម្ភាស៍ផងដែរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ តែគួរឲ្យសោកស្តាយដែលទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ៕