ខេត្តតាកែវ ៖ ប្រភពព័ត៌មានពីក្រុមឈ្មួញ និងអាជីវករមួយចំនួនដែលរងការគាបសង្កត់កាន់តែខ្លាំងពីក្រុមគយចល័តបានឱ្យ ដឹងថា ទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីត្រូវបង់លុយឱ្យ ក្រុមគយចល័តរបស់លោក លាង ម៉ុង នោះដែរ ដែលជាហេតុធ្វើឱ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ផលចំណេញ ។
ប្រភពព័ត៌មានបន្តឱ្យដឹងទៀតថា ក្រុមឈ្មួញ និងអាជីវករដែលនាំចូលទំនិញពីប្រទេសវៀតណាមតាមច្រកភ្នំដិន និងច្រករបៀងជាច្រើនទៀតបានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ក្រុមគយចល័តរបស់លោក លាង ម៉ុង ប្រព្រឹត្តអំពើពុក រលួយកាន់តែខ្លាំងជាងមុនទៅទៀត ពោលគឺរាល់ការបង់លុយរបស់ឈ្មួញ និងអាជីវករ ដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិ លេខ ២ គឺមិនទទួលបានបង្កាប់ដៃ ឬវិក្កយបត្រត្រឹមត្រូវនោះឡើយ ។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារគយនៅខេត្តតាកែវមួយចំនួនបានឱ្យដឹងថា លោក លាង ម៉ុង មេគយចល័តខេត្ត តាកែវ ក៏ដូចជា លោក កែវ វ៉ាន់នី ប្រធានសាខាគយខេត្តតាកែវ បានឃុបឃិតគ្នាគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញុ និងអាជីវករតូចតាចដែលនាំចូលទំនិញពីប្រទេសវៀតណាមដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ ២ ប៉ុន្តែលោក លាង ម៉ុង និងលោក កែវ វណ្ណី បែរជាបើកដៃឱ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តតាកែវយ៉ាងពេញបន្ទុក ដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានលើគំនរញើសឈាមអ្នករកស៊ី ដែលលោក កែវ វ៉ាន់នី ប្រធានសាខាគយខេត្តតាកែវ ដែលមានខ្នងបង្អែករឹងមាំ និងបក្ខពួកកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ទំនិញទាំងនោះ មានដូចជា គ្រឿងសំណង់ជាច្រើនប្រភេទ ទំនិញចាប់ហួយ ព្រមទាំងប្រេងសាំងជាដើម ធ្វើឱ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ។
ជាក់ស្តែងមន្ត្រីគយចល័តខេត្តតាកែវ បង្កើតក្រុងត្រូលជជុះ ២កន្លែង ដើម្បីគាបយកលុយពីឈ្មួញ អាជីវករ និងពលរដ្ឋដែលនាំចូលទំនិញពីប្រទេសវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ ២ ក្នុងខេត្តតាកែវ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក លាង ម៉ុង និងលោក កែវ វ៉ាន់នី បាននៅឡើយនោះទេ ? ៕