0

បទល្មេីសឈេឺឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមតាមច្រក់ដាកដាំ កក្រេីកឡេីងវិញ ខណ:ស្ងប់ស្ងាត់មួុយរយ:

ខេត្តមណ្ឌលគិរី% ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញច្រើននាក់នៅតែអាចដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ១ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា មេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកដាក់ដាំ គឺលោក យូ សុធា គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកនេះយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ ព្រោះលោក យូ សុធា គឺជាអ្នកមានសិទ្ធិធំជាងគេក្នុងការបើកប៉ារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

តាមប្រភពពីមន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ មួយចំនួនបានរាយការណ៍ឲ្យដឹងថា រយៈពេលប្រមាណ២សប្ដាហ៍កន្លងទៅនេះឈ្មួញជាច្រើននាក់កំពុងសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងគគ្រឹកគគ្រេងហើយលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកនេះកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយផងដែរ។ សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ដោយមានការឃុបឃិតបើកដៃពីសំណាក់លោក យូ សុធា នោះគឺលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹងយ៉ាងច្បាស់ប៉ុន្តែលោក ឡោ សុខា មិនចាត់វិធានការទៅលើលោក យូ សុធា ដែលបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួននោះទេ។ ប្រការនេះហើយទើបមជ្ឈដ្ឋាននានាសង្ស័យថា លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី គឺជាអ្នកឃុបឃិតឲ្យលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។

មន្ត្រីនគរបាលមួយចំនួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថាលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្លាប់ល្បីល្បាញខាងឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយូរឆ្នាំមកហើយដោយគ្មានក្រសួងនិងស្ថាប័នពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា តាំងពីជំនាន់លោក អ៊ុក សំណាង នៅធ្វើជាស្នងការនគរបាលខេត្តមណ្ឌលគិរី រហូតដល់សម័យលោក ឡោ សុខា មកកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី គឺលោក យូ សុធា នៅតែមានអំណាចយ៉ាងធំធេងក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុកដដែល។ ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញជាច្រើននាក់បានប្រើប្រាស់រថយន្តសាំយ៉ុង រថយន្តឡង់គ្រឺស័រកែច្នៃ និងរថយន្តប្រភេទផ្សេងៗទៀតប្រមាណ៦០គ្រឿងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ជារៀងរាល់យប់។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះករណីលោក ឡោ សុខា ឃុបឃិតជាមួយលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ក្នុងការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com