0

លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិធានការ កែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ ដោយមិនខ្វល់ថ្នាក់លើឡើយ

ខេត្តប៉ៃលិន; លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិធានការ កែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ ដោយមិនខ្វល់ថ្នាក់លើឡើយ ធ្វើយ៉ាងណាឲ្យតែមានប្រយោជន៌ដាក់ហោប៉ៅ ។ ការដែលលោក ទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយមាន ការឃុបឃិតបើកដៃពីសំណាក់ លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្ត ប៉ៃលិន ផងដែរ ទើបអ្វីៗដំណើរការយ៉ាងរលូនធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

មន្ត្រីគយតូចតាចក្នុងខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថា ទំនងជាលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំ មានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក គយ ហើយមើលទៅ ទើបលោក គុណ ញឹម មិនហ៊ានដុះក្អែល លោក ទី ប៊ុនឡង់ អ្វីបន្តិចសោះតែម្តង ធ្វើឲ្យលោក ទី ប៊ុនឡង់ កាន់តែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញចំណូលពន្ធរដ្ឋ តាមអំពើចិត្តកាន់តែខ្លាំង។

សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំមួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញជាច្រើននាក់កំពុងសម្រុកនាំចូទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ព្រោះអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ដោយមិនខ្វល់ពីការប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយអ្វី នោះទេ ។

ប្រភពបានឲ្យដឹងទៀតថា អ្នកដឹកកសិផលដូចជា ផ្លែស្វាយចេញទៅស្រុកសៀម ត្រូវបង់លុយក្នុងមួយរទេះចាប់ពី៥.០០០រៀល ក្នុង១រ៉ឺម៉កចាប់ពី១០.០០០រៀលទៅ១៥.០០០រៀល ចំណែកអ្នកដឹកតាមរថយន្តនីសាន់ រថយន្តសាំយ៉ុង ឬរថយន្តកូរ៉េ ត្រូវបង់លុយពី២០.០០០រៀល ដល់
៣០.០០០រៀល ទើបអាចឆ្លងដែនចូលស្រុកថៃបាន។

ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រំ បង់ពន្ធត្រឹមតែ ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវបង់ចូលក្នុងហោប៉ៅលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន តែម្តង ។

លោក គុណ ញឹម អគ្គនាយក គយ និងរដ្ឋាករ ជាពិសេសលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលង សង្ងំធ្វើមិនដឹងមិនឮ ទុកឲ្យលោក ទី ប៊ុនឡង់ធ្វើព្យុះភ្លៀងប៉ះពាល់ដល់ចំណូលជាតិ និងកិត្តិយសថ្នាក់ដឹកនាំទៀតនោះទេ គួរតែមានការផ្លាស់ប្តូរមន្ត្រីថ្មី ដើម្បីសាងភាពស្អាតស្អំជូនសង្គមជាតិឡើងវិញ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com