តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងប្រើតួនាទី និងអំណាចដើម្បីបើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ។
សេចក្ដីរាយការណ៍បន្ថែមថា លោក អ៊ួន សុវណ្ណារ៉ា អតីតប្រធានការិយាល័យគយ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធាន ការិយាល័យគយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ហើយចាត់តាំងពីពេលនោះរហូតដល់បច្ចុប្បន្នគឺលោក អ៊ួន សុវណ្ណារ៉ា ប្រើតួនាទី និងអំណាចប្រព្រឹត្តរឿងយ៉ាងគឃ្លើន គ្មានញញើតអ្វីទាំងអស់។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម ដែលជាមេគយធំ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោកអ៊ួន សុវណ្ណារ៉ា។
ជុំវិញបញ្ហាខាងលើនេះមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា បច្ចុប្បន្នលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការ ហើយឃុបឃិតឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង គឃ្លើនដើម្បីប្រមូលលុយដាក់ហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ជាងនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតបើកដៃឲ្យមន្ត្រីគយក្រោមឱវាទរបស់ខ្លួនកោសរូសទារលុយ ថ្លៃបាយថ្លៃទឹកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករកាន់តែច្រើនឡើងៗធ្វើឲ្យឈ្មួញមួយចំនួនអត់ទ្រាំលែង បានក៏បើកកកាយរឿងអាស្រូវរបស់លោកអ៊ួន សុវណ្ណារ៉ា ជាសាធារណៈ។ ជុំវិញករណីនេះបណ្ដារសារព័ត៌មាន បានចេញផ្សាយផងដែរ។
តាមប្រភពពីមន្ត្រីគយដែលស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថាលោក អ៊ួន សុវណ្ណារ៉ា ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងត្រូវប៉ាន់មួយនេះ។ សេចក្ដីរាយការណ៍ពីមន្ត្រី និងភ្នាក់ងារគយនៅក្នុង ខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក អ៊ួនសុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកត្រពាំងផ្លុង ហ៊ានប្រើអំណាចប្រព្រឹត្តតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីឡើយ។
អង្គភាពយើងនៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោក អ៊ួន សុវណ្ណារ៉ា បាននៅឡើយទេនៅពេលនេះ? ៕