0

ស្ថាប័នកាំកុងត្រូលប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវបានប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅរិះគន់ថា កំពុងបណ្តែតបណ្តោយឱ្យមានការចរាចរទំនិញគ្មានគុណភាព ខូចគុណភាពនិងប្រើសារធាតុគីមី នាំចូលមកស្រុកខ្មែរយ៉ាងពេញបន្ទុក។

ខេត្តកំពត៖ ស្ថាប័នកាំកុងត្រូលប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវបានប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅរិះគន់ថា កំពុងបណ្តែតបណ្តោយឱ្យមានការចរាចរទំនិញគ្មានគុណភាព ខូចគុណភាពនិងប្រើសារធាតុគីមី នាំចូលមកស្រុកខ្មែរយ៉ាងពេញបន្ទុក។

ប្រភពបានឱ្យដឹងថា៖ សព្វថ្ងៃនេះស្ថាប័នកាំកុងត្រូលនៅទីនោះ ហាក់ដូចជាអសមត្ថភាពការងារ ដោយមន្ត្រីទាំងនោះសម្លឹងឃើញតែផលប្រយោជន៍ជាធំ បើទោះជាមានទំនិញប្រភេទណាដឹកឆ្លងកាត់មុខស្នាក់ការបែបណាក៏មិនដែលមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ដែរ គឺគិតតែពីប្រមូលលុយពីក្រុមឈ្មួញយកមកចែកគ្នាចាយតែប៉ុណ្ណោះ។

ប្រភពដដែរទម្លាយទៀតថា៖ទំនិញគ្រប់ប្រភេទដូចជា៖ភេសជ្ជៈគ្រប់មុខដែលដឹកចូលមកស្រុកខ្មែរគេហាក់ពុំដែលឃើញមន្ត្រីកាំកុងត្រូលណាម្នាក់សួរនាំឬពិនិត្យមើលកាលបរិច្ឆេទនោះឡើយ សំខាន់បំផុតឱ្យតែក្រុមឈ្មួញហុចលុយគឺជាការស្រេច។

ជាងនេះទៅទៀត បើនិយាយពីទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ រឹតតែស្រួលដឹកជញ្ជូនទៀតដូចជា៖ បន្លែ ផ្លែឈើ និងត្រី សាច់ ជាដើម ត្រូវបានឈ្មួញដែលរកស៊ីដុះស្លែនៅតំបន់នោះ ដឹកពីប្រទេសវៀតណាមចូលមកលក់ចែកចាយនៅស្រុកខ្មែរយ៉ាងភ្លូកទឹកភ្លូកដី ដែលភាគច្រើនសុទ្ធតែប្រើសារធាតុគីមីស្ទើតែទាំងអស់។

ប្រភពខាងលើបានរិះគន់ថា៖ក្រុមមន្ត្រីជំនាញនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សព្វថ្ងៃគិតតែអង្គុយចុចទូរស័ព្ទ លេងFacebookក្នុងស្នាក់ការយ៉ាងរំភើយ គ្មានភ័យព្រួយអី្វបន្តិចឡើយ បើទោះជាឈ្មួញណាចង់ដឹកទំនិញល្មើសច្បាប់អីក៏ដឹកទៅ សំខាន់បង់លុយឱ្យគ្រប់ចំនួន ដឹកតិចឬច្រើនបង់តាមហ្នឹងទៅ ពិតជាដឹកបានយ៉ាងរលូនគ្មានអ្វីមករំខាននោះឡើយ។

សូមជម្រាបថា៖ទំនិញដែលគេលក់នៅតាមទីផ្សារនានាទូទាំងខេត្តកំពត ទោះជាកន្លងមកជំនាញកាំកុងត្រូលតែងតែធ្វើការត្រួតពិនិត្យជារឿយៗ ថែមទាំងដកហូតទំនិញខូចគុណភាព ហួសសុពលភាព និងមានសារធាតុគីមីយកទៅបំផ្លាញចោលបែបណាក៏ដោយ ប៉ុន្តែគេជឿថា ការត្រួតពិនិត្យហាក់ពុំទាន់គ្រប់ជ្រុងជ្រោយនោះទេ ហើយគេដឹងច្បាស់ថាទំនិញភាគច្រើនដែលយើងទិញនៅតាមស្តង់ផ្សារយកមកបរិភោគនោះ សុទ្ធតែមានផ្ទុកនូវសារធាតុគីមី និងខូចគុណភាព មិនអាចជៀសផុតឡើយ ដរាបណាមន្ត្រីជំនាញពិនិត្យមិនបានដិតដល់។

គេហ៊ានអះអាងបែបនេះ ព្រោះតែការត្រួតពិនិត្យលើកណាក៏មានទំនិញខូចគុណភាពឬហួសកាលកំណត់ លក់នៅលើទីផ្សារដែរ។

ដូច្នេះបើមន្ត្រីជំនាញនៅតំបន់ច្រកទ្វារព្រំដែន គិតតែចាំទទួលតែផលប្រយោជន៍ ហើយមិនអនុវត្តទៅតាមតួនាទីរបស់ខ្លួនបែបនេះ ទោះជាដកហូតរួចធ្វើពិធីដុតបំផ្លាញទំនិញខូចគុណភាពទាំងនោះចោលយ៉ាងណាក៏មិនចេះអស់ដែរ។

ទាក់ទិននឹងការរិះគន់ខាងលើនេះ នៅថ្ងៃនេះអ្នកយកព័ត៌មានយេីងមិនអាចសុំការពន្យល់ពីប្រធានស្នាក់ការកាំកុងត្រូលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានទេ ដោយសារគ្មានទូរស័ព្ទរបស់លោកប្រធានធ្វើការទំនាក់ទំនង។ តែទោះយ៉ាងនេះក្តីអង្គភាពសារព័ត៌មានគេហទំព័ ចាប់ដៃ រងចាំការបំភ្លឺពីលោកប្រធានរាល់ម៉ោងធ្វើការ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com