0

ប្រធានសាខាគយខេត្តមណ្ឌលគិរី កំពុងខំប្រឹងប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយ

មណ្ឌលគិរី៖ ប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថាលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបច្ចុប្បន្នជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រងនៃសាខាគយខេត្តមណ្ឌលគិរី កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី ទើបលោក ហ៊ុយ សុជាតិ ខំប្រឹងប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់មិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ខ្លះផង ។

បើតាមប្រភពជិតស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានឲ្យដឹងថា បច្ចុប្បន្នលោក ហ៊ុយ សុជាតិ កំពុងយកបទពិសោធន៍កាលនៅធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកអនុវត្តន៍នៅខេត្តមណ្ឌលគិរី យ៉ាងជំនាញ ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលពីស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ និងច្រកផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី បង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយឈ្មួញធំៗមួយចំនួននាំចូលប្រេងសាំងគេចពន្ធតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុក ។ លើសនេះទៅទៀតក្រុមឈ្មួញដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ និងច្រកទ្វេភាគីដទៃទៀតក្នុងខេត្តមណ្ឌលគិរី គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ផងដែរ ។

បើតាមការបង្ហើបពីមន្ត្រីគយមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលលោក ហ៊ុយ សុជាតិ ទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី គឺដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ ដូច្នេះហើយទើបក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រងនៃស្ថាប័នគយ និងរដ្ឋាករខេត្តមណ្ឌលគិរី លោក ហ៊ុយ សុជាតិ ខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់ ។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះឈ្មួញនាំចូលទំនិញ និងប្រេងសាំងគេចពន្ធតាមច្រកទ្វេភាគីដាក់ដាំ និងច្រកដទៃទៀតយ៉ាងពេញបន្ទុកព្រោះលោក ហ៊ុយ សុជាតិ គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។ មន្ត្រីគយក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាលោក ហ៊ុយ សុជាតិ តែងប្រើប្រាស់ឈ្មោះមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើមិនប្រក្រតី និងរឿងអាស្រូវពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម៕

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com