0

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារកាក់កបនឹងបទល្មើស

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុករវៀង ខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងពេញបន្ទុកនោះទេ។ ការដែលមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុករវៀង ស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ នៅតែឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។

បើតាមការបង្ហើបពីសំណាក់មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថាលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ អាងមានខ្នងបង្អែករឹងមាំទើបឃុបឃិតឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើអ្វីៗស្រេចតែអំពើចិត្ត ក្នុងខណៈដែលឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងស្រួលៗ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ខ្លះផង។

ប្រភពបានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក នួន សុខុម តែងប្រើប្រាស់ឈ្មោះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក្នុងការឃុបឃិតឲ្យឈ្មួញធំៗនិងក្រុមហ៊ុនមួយចំនួនដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងសុខស្រួល។ សកម្មភាពរបស់លោក នួន សុខុម ក្នុងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងរាលដាលកំពុងធ្វើឲ្យបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើក្លាយជារឿងឥតន័យ ព្រោះបទល្មើសកើតឡើងកាន់តែច្រើនជាងមុនទៅទៀត។ មានការកត់សម្គាល់ថា ចាប់តាំងពីលោក កែវ អូម៉ាលីស្ស ឡើងកាន់តំណែងជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រួចមកគឺបទល្មើសដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ពុំមានការថយចុះនោះទេ ៕

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com