ខេត្តកំពង់ធំ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបានឲ្យដឹងថា បទបញ្ជាក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ដោយមិនហ៊ានចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើពីរម្នាក់ប្តីប្រពន្ធនេះឡើយ។
ដូចេ្នះវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និង ទប់ស្កាត់បទល្មើសរត់ពន្ធឈើតាមបណ្តារាជធានីខេត្តមួយចំនួន ត្រូវបានមជ្ឈដ្ឋាននានាវាយតម្លៃថា ៖គឺជារឿងឥតន័យ ព្រោះមកដល់ពេលនេះបទល្មើសកាប់ឈើនិង ដឹកជញ្ជូនឈើ របស់មេឈ្មួញ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន) នៅតែកើតមានឡើងដូចភ្លៀងរលឹមដដែរ ដោយមិនមានសមត្ថកិច្ចខាងណាហ៊ានចាត់វិធានការបង្រ្កាបមេឈ្មួញឈើទិញលក់ឈើពីរអ្នកប្តីប្រពន្ធនោះឡើយ ពីព្រោះត្រូវមេឈ្មួញញីឈ្មោលនោះទិញបានអស់ហើយ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកា ចូលមកក្នុងខេត្តព្រះវិហារដឹកជញ្ជួនទៅខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅ។
ជាងនេះទៅទៀតឈ្មួញមួយចំនួនដូចជា ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអូន( ហៅចែអូន )នៅតែអាចដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចូលមកដាក់ដេប៉ូឈេីរបស់ខ្លួនខេត្តកំពង់ធំ បានយ៉ាងពេញបន្ទុកដោយមានការឃុបឃិតពីសំណាក់សមត្ថកិច្ចអាជ្ញាធរខេត្តកំពង់ធំផង ហេីយជាពិសេសនោះគឺលោក អធិការក្រុងស្ទឹងសែនតែម្តងជាអ្នកកាងនឹងបំរេីសីុឈ្នួលឲមេឈ្មួញឈេីដុះសឹម ជិន គឹមអូន (ហៅចែ អូន)។
តាមការកត់សម្គាល់របស់សមត្ថកិច្ចពាក់ព័ក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអូន អាចបន្តដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងគឃ្លើនបាន គឺដោយមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុករវៀង ខេត្តព្រះវិហារផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ការដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុករវៀង ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអូន បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរាលដាល គឺមានការបើកដៃពីសំណាក់លោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។
ដូច្នេះឯកឧត្តម បា្រក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ហើយក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម្ម និងប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងភាពអសកម្ម របស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នោះទេ ។ (នៅមានត)