0

ខ្សឹបដាក់ម៉េក្រូ៖ ប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំឃុបឃិតជាមួយស្ថានីយ ថ្លឹងរថយន្តថ្នល់ទទឹងពុករលួយយ៉ាងរលូន

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានលើកឡើងថា លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលមាន ខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសាង ភាពល្បីល្បាញខាងពុករលួយយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ករណីលោក គង់ សុភាព ប្រធាន ស្ថានីយជញ្ជីងថឹ្លងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើននោះ គឺមានការឃុបឃិតបើកដៃពីសំណាក់​លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ផងដែរ។

ប្រសិនបើគ្មានការសម្របសម្រួលពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទេនោះគឺ លោក គង់ សុភាព មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួននោះទេ។ ថ្មីៗកន្លងទៅនេះក្រុមអាជីវករដឹកជញ្ជូនទំនិញ និងកសិផលឆ្លងកាត់ស្ថានីយជញ្ជីង ថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាទាំងយប់ធ្វើឲ្យកកស្ទះរថយន្តធុនធំរាប់រយគ្រឿងដើម្បីប្រឆាំងនឹងអំពើពុករលួយរបស់លោក គង់ សុភាព ដែលជាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង។

ក្រុមអាជីវករបានបញ្ជាក់ថា នៅពេលពួកគាត់ដឹកទំនិញឬកសិផលផ្ទុកលើសទម្ងន់ត្រឹម១តោនដល់៥តោន ត្រូវ​លោក គង់ សុភាព តម្រូវឲ្យបង់លុយ៣ម៉ឺនរៀល រីឯរថយន្តផ្ទុកមិនលើសទម្ងន់ក៏លោក គង់ សុភាព តម្រូវឲ្យបង់លុយ២ម៉ឺនរៀលដែរ មិនអាចតវ៉ាបានឡើយ។ ជាងនេះទៅ​ទៀតលោក គង់ សុភាព តែងប្រើឈ្មោះលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងងងើលដោយគ្មានសេចក្តីអៀនខ្មាស បន្តិចណាទេ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗរថយន្តធុនធំផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់បើកបរឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ រាប់រយគ្រឿង ដូច្នេះលោក គង់ សុភាព និងបក្ខពួកប្រមូលលុយតាម​របៀបពុករលួយបានមិនតិចឡើយ។ ទង្វើបែបនេះ លោក ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ មិនគួរបណ្តោយឲ្យលោក គី ដាណារិទ្ធ ប្រធានមន្ទីរ សាធារណការខេត្ត ត្បូងឃ្មុំ និងមន្ត្រីក្រោមឱវាទឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ យ៉ាងគឃ្លើនតទៅទៀតឡើយ។ ដោយហេតុថា ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ និងលោក គង់ សុភាព ប្រធានស្ថានីយជញ្ជីង ថ្លឹងរថយន្តថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ត្រូវបានលាតត្រដាងយ៉ាងច្បាស់រួចទៅហើយ៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com