ខេត្តកំពង់ធំ៖ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ មួយចំនួនបានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងសាធារណាការនិងដឹកជញ្ជូន សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជាក់ស្តែងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យលោក ជូ កុល្លា ប្រែក្លាយមន្ទីរសាធារណការខេត្តកំពង់ធំ ទៅជាក្រុមហ៊ុនរកស៊ីផ្តាច់មុខរបស់ខ្លួននិងបក្ខពួកយ៉ាងរំភើយ។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេតទៅលើ រឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ និងបក្ខពួកនោះទេ។
ប្រភពស្និទ្ធនឹងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលលោក ជូ កុល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយការពារគ្រប់ពេលវេលា។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ជូ កុល្លា ហ៊ានផ្គើនសព្វបែបយ៉ាងជាលោក សុខ លូ អភិបាលខេត្តកំពង់ធំ គឺដោយសារអាងមានឪពុកក្មេករបស់ខ្លួនជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិ។ ដោយអាងមានឥទ្ធិពលឪពុកក្មេករបស់ខ្លួនបែបនេះហើយទើបលោក ជូ កុល្លា មិនញញើតក្នុងការផ្គើនជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ ហើយប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលគ្មានញញើតអ្វីទាំងអស់។
មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានលើកឡើងទៀតថា ការដែលលោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ អាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូនគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ដែលកំពុងល្បីល្បាញខាងពុករលួយនោះដែរ។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពស្និទ្ធនឹងលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ តែងប្រើឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីការពារអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងក្រអឺតក្រទម៕