បន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញមាត់ដាច់ខ្លះបានបង្ហើបឲ្យដឹងថា ច្រករបៀងព្រំដែនដែលគ្រប់គ្រងដោយនគរបាលវរៈការពារព្រំដែនលេខ៩១១ បានឲ្យដឹងថា ច្រកព្រំដែននេះគឺគ្រប់គ្រងដោយបុគ្គលឈ្មោះ សូ ចាន់ណារី ដែលខ្លួនជាប្រធានការពារព្រំដែន៩១១ ហើយក៏ជាអ្នកនាំទំនិញរត់ពន្ធស្ទើរតែគ្រប់ប្រភេទចូលតាមច្រកនេះដូចជា ម៉ូតូគេចពន្ធ ទំនិញចាប់ហួយដែលនាំចូលពីប្រទេសថៃ និងទំនិញរត់ពន្ធមួយចំនួនទៀត គឺជាទំនិញរបស់បុគ្គល សូ ចាន់រី តែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងទៅមានការរឹតបន្តឹងតាមច្រកអន្តរជាតិប៉ោយប៉ែត ដែលមិនឲ្យពលករចំណាកស្រុក ឬឈ្មួញនាំទំនិញគេចពន្ធ តែបែរជាធ្វើឲ្យនគរបាលព្រំដែន៩១១ របស់លោក សូ ចាន់រី ត្រូវប៉ាន់ ក្នុងនោះមានការឆ្លងកាត់ឲ្យជនជាតិសៀម ដែលជាមុខសញ្ញាមិនល្អ ឬមន្ត្រីដែលគេច ពីក្រសែភ្នែកសមត្ថកិច្ចរបស់ប្រទេសគេលួចឆ្លងដែនតាមច្រករបៀងទាំងនេះ ចូលមកលេងកាស៊ីណូជាហូរហែ។ បុគ្គល សូ ចាន់ណារី បានដាក់សាច់ញាតិរបស់ខ្លួន និងបក្ខពួករបស់ខ្លួនឲ្យឈរជើងតាមច្រករបៀងដែលមានទំនិញគេចពន្ធដែលហូរចូលពីប្រទេសសៀម និងពលករចំណាកស្រុក ដើម្បីប្រមូលគ្រប់គ្រងប្រភពផលប្រយោជន៍ ទុកឲ្យខ្លួនជាអ្នកគ្រប់គ្រង។
សមត្តកិច្ច និងអាជ្ញាធរក្រុងប៉ោយប៉ែត ខ្លះបានឲ្យដឹងទៀតថា កន្លងទៅក្រោមបញ្ជាពីលោក ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិប្រចាំភូមិភាគ៥ព្រំដែន បានបញ្ជាឲ្យមានការទប់ស្កាត់រាល់ការលួចឆ្លងពលករចំណាកស្រុក និងទំនិញគេចពន្ធ និងការពារខ្សែបន្ទាត់ព្រំដែនលើទឹកដីខ្មែរ តែលោក សូ ចាន់ណារី បែរជាមិនធ្វើការទប់ស្កាត់អ្វីបន្តិចសោះឡើយគឺ ច្រកវរៈព្រំដែន៩១១ នៅតែមានទំនិញគេចពន្ធដែលឆ្លងកាត់ច្រកព្រៃគុក ហើយថែមទាំងមានពលករចំណាកស្រុកចេញទៅធ្វើការខុសច្បាប់នៅប្រទេសសៀម ទាំងយប់ទាំងថ្ងៃលើសមុនទៅទៀត។ ពលករចំណាកស្រុកជាច្រើនអ្នកក្នុងមួយថ្ងៃៗបានធ្វើការឆ្លងកាត់ច្រករបៀងក្នុងទឹកដីការពារដោយវរៈ៩១១ ដែលមានបុគ្គល សូ ចាន់ណារី ជាប្រធាន ដូចហែរកឋិនទានដើម្បីចូលទៅប្រទេសសៀម ធ្វើជាពលករខុសច្បាប់។
រាល់សកម្មភាពខាងលើអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ក្រោមរបស់ខេត្តបន្ទាយមានជ័យ បានធ្វើការសំណូមពរឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមានការស្រាវជ្រាវ និងអង្កេតឲ្យបានស៊ីជម្រៅនៅវរៈព្រំដែន៩១១ ដែលដឹកនាំដោយលោក សូ ចាន់ណារី ដែលជាអ្នកការពារផង និងជាអ្នកនាំទំនិញគេចពន្ធផង បើកឲ្យមានឈ្មួញរកស៊ីនាំទំនិញគេចពន្ធចូលស្រុកខ្មែរ និងពលករចំណាកស្រុកចេញទៅប្រទេសសៀម ដោយកុំឲ្យបុគ្គលនេះធ្វើអ្វីៗបំពាននឹងបទបញ្ជាហាមឃាត់របស់ថ្នាក់ដឹកនាំក្រសួង និងបង្កើតអំពើពុករលួយបក្ខពួកនិយមតទៅទៀតបានឡើយ៕