កាលពីព្រឹកថ្ងៃទី១៨ តុលានៅរមណីយដ្ឋានវត្តភ្នំមានក្រុមយុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ ៥០នាក់ បានជួបប្រជុំគ្នា។ ការប្រជុំគ្នានេះ មានបំណងហែញត្តិទៅដាក់នៅតុលាការក្រុង ដើម្បីទាមទាររកយុត្តិធម៌អោយយុវជន ម៉ៅ សុខចន្ទ ដែលត្រូវបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចរវាងពលរដ្ឋ និងក្រុមសមត្ថកិច្ចនៅស្ពានអាកាសក្បាលថ្នល់។ ប៉ុន្តែ ការជួបប្រជុំនោះត្រូវក្រុមសមត្ថកិច្ចខណ្ឌដូនពេញ បំបែក។
ក្រុមសន្តិសុខនៃសាលាខណ្ឌដូនពេញ បានប៉ះទង្គិចជាច្រើនដងជាមួយយុវជនអ្នកបឹងកក់ និងព្រះសង្ឃ នៅពេលពួកគេព្យាយាមបណ្ដេញក្រុមអ្នកតវ៉ាទាំងនោះចេញពីរមណីយដ្ឋានវត្តភ្នំ។ ក្នុងពេលនោះ មានយុវជន អ្នកបឹងកក់ជាច្រើននាក់ និងអ្នកសារព័ត៌មានអន្តរជាតិមួយរូប ត្រូវក្រុមសន្តិសុខវាយតប់។ ស្របគ្នានោះ ក្រុមសន្តិសុខក៏បានដណ្ដើមយកកម្រងផ្កា គ្រឿងសក្ការបូជា និងរូបថតរបស់យុវជន ម៉ៅ សុខចន្ទ។ ចំណែកព្រះសង្ឃដែលព្យាយាមសូត្រធម៌ឧទ្ទិសដល់វិញ្ញាណក្ខន្ធលោក ម៉ៅ សុខចន្ទ ក៏ត្រូវក្រុមសន្តិសុខរុញច្រានអោយបញ្ឈប់។
មុននឹងឈានដល់ការប៉ះទង្គិច ក្រុមអ្នកតវ៉ា ជាពិសេសក្រុមអ្នកបឹងកក់ និងសមត្ថកិច្ច បានជេរប្រទេចគ្នាទៅវិញទៅមក។
អ្នករៀបចំកម្មវិធីក្រុមយុវជន លោក ផា សុធា មានប្រសាសន៍ថា លោកសោកស្ដាយនៅពេលក្រុមរបស់លោកត្រូវបែកខ្ញែកដោយសារតែក្រុមសមត្ថកិច្ច ដែលពុំបានយល់ពីសិទ្ធិសេរីភាពក្នុងការជួបប្រជុំរបស់ពលរដ្ឋ។ លោកថា ក្រុមលោកនឹងព្យាយាមយកញត្តិទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ អោយខាងតែបាន។
យុវជនក្រុមនេះ បាននាំគ្នាប្រមូលស្នាមមេដៃបានចំនួនជាង ៥០០ស្នាមមេដៃ គាំទ្រញត្តិដែលមានបំណងស្នើអោយតុលាការស្វែងរកយុត្តិធម៌អោយយុវជន ម៉ៅ សុខចន្ទ និងផ្ដល់សំណងដល់ក្រុមគ្រួសារ។
យុវជន ម៉ៅ សុខចន្ទ ដែលមានវ័យ ២៩ឆ្នាំ ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ នៅពេលមានការប៉ះទង្គិចរវាងសមត្ថកិច្ច និងពលរដ្ឋដែលខឹងសម្បារនឹងការដាក់រនាំងលួសបន្លាបិទផ្លូវជុំវិញស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ជាយប់ទី១នៃមហាបាតុកម្ម៣ថ្ងៃ ៣យប់ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ភរិយារបស់ ម៉ៅ សុខចន្ទ អ្នកស្រី ជាវ សុខវី ដែលចូលរួមការជួបប្រជុំនៅរមណីយដ្ឋានវត្តភ្នំ ដែរនោះ បានថ្លែងដោយភាពភ័យខ្លាចថា ឃើញសកម្មភាពអាជ្ញាធរនៅពេលនេះ ធ្វើអោយនាងហាក់អស់សង្ឃឹមថានឹងទទួលបានយុត្តិធម៌។
តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី បានហៅការបង្ក្រាបនោះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកសារព័ត៌មានសេរី លោក ចន វីង (John Vink) ដែលត្រូវក្រុមសន្តិសុខកៀសរុញចេញមិនអោយថតសកម្មភាពក្នុងពេលបំបែកអ្នកតវ៉ានោះ មានប្រសាសន៍ថា លោកគិតថា អ្នកទាំងនោះគឺមិនបានយល់ដឹងពីតួនាទីរបស់អ្នកសារព័ត៌មាន។
នៅក្នុងការបង្ក្រាប ក្រុមសមត្ថកិច្ចដែលបានលើកឡើងនូវហេតុផលថា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីសាធារណៈដោយពុំមានការអនុញ្ញាត។
ភ្លាមៗក្រោយពីមានការបំបែកនោះ ក្រុមអ្នកតវ៉ាបាននាំគ្នាចាកចេញពីរមណីយដ្ឋានវត្តភ្នំ ហើយទៅប្រមូលផ្តុំគ្នានៅលើសួនច្បារខាងមុខស្ថានទូតសហរដ្ឋអាមេរិក។ បន្ទាប់មក ក៏បានបំបែកគ្នានៅក្រោយពេលព្រះសង្ឃបានសូត្រធម៌ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ លោក ម៉ៅ សុខចន្ទ។
នៅរសៀលថ្ងៃទី១៨ ខែតុលា តំណាងក្រុមយុវជនបាននាំគ្នាយកញត្តិដាក់នៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ។ ពួកគេបញ្ជាក់ថា អ្នកទទួលញត្តិនៅតុលាការបានសន្យាថា នឹងផ្តល់ដំណឹងមកវិញនៅសប្ដាហ៍ក្រោយ។
ទាក់ទងនឹងការបង្ក្រាបការជួបប្រជុំរបស់ក្រុមយុវជននេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយចាត់ទុកថាជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងបានទាមទារអោយសមត្ថកិច្ចសាលារាជធានីភ្នំពេញ ទទួលខុសត្រូវចំពោះការប្រើអំពើហិង្សាទៅលើការជួបប្រជុំដោយអហិង្សារបស់ពលរដ្ឋ៕
អត្ថបទដោយៈព្រាបស