0

លោក យឹម សុភាព ប្រមូលលុយពីឈ្មួញរកស៊ីដឹកឈើខុសច្បាប់

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ស្គាល់​ឥទ្ធិពល​អំណាច​របស់លោក យឹម សុភាព យ៉ាងច្បាស់ ព្រោះ​គាត់​មាន​តួនាទី សំខាន់​ចំនួន​២ គឺ​ទី​១ ប្រមូល​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់ នៅ​ទូទាំង​ខេត្តសៀមរាប សម្រាប់​ទ្រទ្រង់​ឆ្នាំងបាយ របស់​ថ្នាក់ដឹកនាំ​អាវុធហត្ថ​ខេត្ត ដោយ​ប្រើប្រាស់​មុខតំណែង ជា​នាយរង​សេនាធិការ ហើយ​ការងារ​មួយទៀត គឺ​ប្រមូល​លុយ​សម្រាប់​តួនាទី ជា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ប្រចាំ​ស្រុក​ស្វាយ​លើ ដើម្បី​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់​ខ្លួន​។ ទាំង​អំឡុងពេល​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្ក្រាប បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់ ក៏ដូចជា​ពេល​ធម្មតា លោក យឹម សុភាព មាន​ជំនាញ ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទាំង​តូច​ទាំង​ធំ ឲ្យ​ចូលទៅ​បង់លុយ គ្មាន​ផល​រមាស់​អ្វី​ឡើយ​។​

​លោក យឹម សុ​ភាព ដែល​មាន​​តួ​នា​ទី​​ជា នា​យ​រង​​សេ​នា​ធិ​ការ​​អាវុធ​ហត្ថ ខេត្ត​សៀម​រាប និង​​ជា​​មេ​ប​ញ្ជា​ការ មូល​ដ្ឋាន​​អាវុធ​ហត្ថ​​ប្រ​ចាំ​​ស្រុក​​ស្វាយ​លើ បាន​​ប្រើ​​ស្បែក​​ជា ក​ម្លាំង​ប្រ​ដាប់​អា​វុធ ទៅ​​ប្រ​មូល​​លុយ​​ពី​​ការ រក​ស៊ី​​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​អ្វី​ឡើយ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប មិនដឹង​ជាមាន​ទំនាក់ទំនង អ្វី​អាថ៌កំបាំង​ជាមួយ​លោក យឹម សុភាព នោះទេ ព្រោះ​គេ​មិនដែល​ឃើញ​លោក យឹម សុភាព ត្រូវបាន​ដាក់ពិន័យ​ពីអ្វី​ដែល​គាត់ ប្រព្រឹត្ត​ខុស​ម្តងណា​ឡើយ​។​ ​

បន្ថែម​ពីលើ​អាជីព​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យកទៅ​ទ្រទ្រង់​ឆ្នាំងបាយ របស់​ថ្នាក់ដឹកនាំ អាវុធហត្ថ​ខេត្តសៀមរាប ក៏ដូចជា​ប្រមូល​យកទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន លោក យឹម សុភាព ក៏មាន​ជំនាញ​ ក្នុង​ការរត់​ការនាំ​ក្បួន​ឡាន​ដឹកឈើ ឆ្លងកាត់​ទឹកដី​ខេត្តសៀមរាប យ៉ាង​រលូន​​ល្អ​បំផុត​។ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា លុយ​ដែល​លោក យឹម សុភាព ទទួល​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ត្រូវបាន​ឡើង​ឲ្យ​ថ្នាក់លើ គ្រប់​ចំនួន​ឬក៏​យ៉ាងណា​នោះទេ ទន្ទឹម​ពេលដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុងចំណោម​លុយ​ដែល​ប្រមូលបាន ពី​ជំនួញ​ឈើ​ខុសច្បាប់ គឺ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​ខេត្ត​សៀមរាប ទទួល​បានតែ​ចំណែក​តូច​មួយ ពី​លោក យឹម សុភាព​។​

គេ​ចង់ឃើញ​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ជាពិសេស​លោក ឃឹម ប៊ុន​សុង ជា​អភិបាល​ខេត្តសៀមរាប ធ្វើការ​ពិនិត្យឡើងវិញ ពី​ភាពអនា​ធិប​តេយ្យ និង​ភាព​អសកម្ម​របស់លោក យឹម សុភាព មិនគួរ​បណ្តែតបណ្តោយ ឲ្យ​លោក យឹម សុភាព ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​នោះទេ ព្រោះ​វា​ជះឥទ្ធិពល​មិនល្អ ដល់​សមត្ថកិច្ច​និង​មន្ត្រី​ស្អាតស្អំ​មួយចំនួនទៀត​៕

ab161_54144f2a270be37963ebe92b74596314

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com