0

លោក​តេង​ សួន​ រង​ការ​ចោទ​ប្រកាន់​ថា​កំពុង​សម្ងំ​ប្រមូល​លុយ​ពី​បទ​ល្មើស​ លើផ្ទៃ​សមុទ្រ​ក្នុង​មួយ​ខែ​រាប់​សិប​លាន​ ។​

ខេត្តកំពត ៖ លោក ​តេង​ សួន​ បាន​ឡើង​ ជា​ប្រធាន​គណៈ​កម្មកា​រស្រាល​បង្ក្រាប​​​​​​​​​​​​​​​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ​ចំណុះ​ឲ្យ​ អគ្គ​ស្នង​ការ​នគរបាលជាតិ​។តែ​តាំង​ពី​បាន​តួនាទី​ គេ​សង្កេត​ឃើញ​ក្រុមមន្ត្រី​នគរបាល​ បង្ក្រាបបទ​ល្មើសលើផ្ទៃ​សមុទ្រក្រោម​ ការគ្រប់គ្រង​របស់​លោក​ តេង ​សួន​ ​មិន​​ដែ​ល​​បាន​​បង្ហាញ​ស្នាដៃ​អ្វីទេ​គឺ​សម្ងំ​យ៉ាង​សុខ​ស្រួល​ក្នុង​ការ​ប្រមូល​ លុយ​ពី​បទ​ល្មើសនេសាទ​ ការ​ដឹកជញ្ជូន​ឈើគ្រញូង​ខុសច្បាប់​ និងការ​នាំ​​ចូល​ទំនិញ​​គេច​ពន្ធ​​និងទំនិញ​ខុសច្បាប់​ដែលក្រុម​ឈ្មួញ​ ដឹកជញ្ជូន​ឆ្លងកាត់​ផ្ទៃសមុទ្រ​ខ្មែរ​។​

ក្រសួង​មហាផ្ទៃ​បាន​ចំណាយ​ លុយ​បេសកកម្ម​សម្រាប់​ក្រុម​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ​ នេះ​ក្នុង​មួយ​ខែ​ៗ​រាប់​សិប​លានរៀល​ តែ​​ហាក់​​បី​​ដូច​​ជា​​មិន​​មាន​ផល​ ប្រយោជន៍​អ្វី​សម្រាប់​រដ្ឋ​នោះ​ទេ​ បែរ​ជា​បង្ក​ ឱកាស​ឲ្យ​លោក​តេង​សួន​ប្រមូល​ផល​ប្រយោជន៍​ទៅ​វីញ​។​ប្រភព​​ពី​​មន្ត្រី​​នគរបាល​​មូល​ដ្ឋាន​​និយាយ​​ថា ​បទ​ល្មើស​ឆ្លង​កាត់​លើ​ផ្ទៃ​សមុទ្រ​មាន​ជា​រៀង​រាល់​យប់​តែ​លោក​តេង​ សួន​​ មិន​​អោយ​​បង្ក្រាប​​ព្រោះ​​បទ​​ល្មើស​​ទាំង​​នោះ​​បាន​​បង់​​លុយ​​កាក់​​អោយ​​មន្ត្រី​ ប៉ូលីស​ព្រំដែន​ទឹក​អស់​ហើយ​ ។​

មន្ត្រី​មួយ​ ចំនួនទៀត​បានអោយដឹង​ថា ​ក្នុងមួយខែៗគឺ​នគរបាល​បង្ក្រាប​បទល្មើស​លើផ្ទៃសមុទ្រ​ប្រមូលលុយ​ក្នុង មួយ​ខែ​​រាប់​​សិប​លាន​​យក​​មក​​ចែក​​គ្នា​​ដាក់​ហោប៉ៅផ្ទាល់​ខ្លួន​យ៉ាង​រំភើយ​មិន​ដែល​ខ្វល់​ខ្វាយ​ពី​ការបង្ក្រាប​។​សេចក្តីរាយការណ៏​បង្ហើប​អោយ​ដឹង​ថា ​នៅ​លើ​ផ្ទៃ​សមុទ្រ​របស់​កម្ពុជា​ ចាប់​​ពី​​ខេត្ត​​កំពត​ កោះកុង​ និង​ខេត្ត​ព្រះសីហនុ​ គឺ​មាន​បទល្មើស​គ្រប់ប្រភេទ​ដូច​ជា​ទូក​ដឹកជញ្ជូន​ឈើគ្រញូង​ចេញពី​ ខេត្ត​កោះកុង​​យ៉ាង​​គគ្រឹក​គគ្រេង​​នាំ​​យក​​ទៅ​​​លក់​នៅ​ស្រុក​យួន​ ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំ​។​

ដោយឡែក​ មាន​ទូក​ដឹក​ជញ្ជូន​ប្រេង​សាំង​គេច​ពន្ធ​ រួម​ទាំង​ប្រេង​ម៉ាស៊ូត​ មក​ពី​ស្រុក​សៀម​ ចូល​ខេត្ត​កោះកុង​ ខេត្ត​កំពត​ និង​ខេត្តព្រះសីហនុ​ មួយ​​ថ្ងៃ​ៗ​​រាប់​​ម៉ឺន​លីត្រ ត្រូវ​ជា​រាប់​សិប​តោន​ គេ​មិន​ដែល​ឃើញ​ក្រុម​បង្ក្រាប​បទល្មើស​លើផ្ទៃសមុទ្រ​របស់​លោក​ តេង​ សួន​ យ​ក​​ចិត្ត​​ទុក​ដាក់​គិត​គូរ​​បង្ការ​បង្ក្រាប​​ទប់ស្កាត់​បទល្មើស​ទាំងនេះទេ​។ ​សូម្បីតែទូកដឹកជញ្ជូន​ទំនិញគេចពន្ធ​និងទំនិញ​ខុសច្បាប់​មកពីស្រុក​យួន​ និង​​ស្រុក​​សៀម​​របស់​​ក្រុម​ឈ្មួញ​​ទាំង​​ធំ​​ទាំង​​តូច​ ជា​ពិសេស​ទូក​ដឹក​ទំនិញ​មក​ពី​ចំណុច​ខ្លង​ស៊ុន​ នៃស្រុកសៀម មកលើកដាក់ទំនិញនៅចំណុចផែស្រែអំបិល ផែកែវផុស សុទ្ធ​តែ​មាន​ទំនាក់​ទំនង​បង់លុយឲ្យលោក តេង សួន ជាប់ជាប្រចាំទើបមិនដែលមាននរណាហ៊ានប៉ះពាល់។

មន្ត្រីតូចតាចមួយចំនួនក៏បានបង្ហើបអំពីបញ្ហា​ទូកនេសាទ​ របស់​យួន ​ដែល​ចូល​មក​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ក្នុងដែន​សមុទ្រ​ខ្មែរ​យ៉ាង​ អនា​ធិប​​តេយ្យ​​ក្នុង​មួយ​យប់​រាប់​រយ​ទូក​ ហើយទូកនេសាទ​សៀម​និង​យួន​ទាំង​នោះ​ ត្រូវ​បង់​លុយ​ឲ្យ​ទូក​១​គួរ​តំលៃ​១៣០០០$​ទៅ​១៥០០០$​ក្នុង​១ខែ​។​ បាន​ប្រើ​​ប្រាស់​ឧបករណ៍នេសាទ​ល្មើសច្បាប់​ដូចជា ​ទូកអូសគូទូក​ ប្រើភ្លើងហ្វា​ ប្រើអួន​ក្រឡាញឹក​ ឬ​អួនឆក់​ បំផ្លិចបំផ្លាញ​ធនធាន​ មច្ឆជាតិខ្មែរ​ ក្នុង​​ដែន​​សមុទ្រ​​ ក៏​មិន​ដែល​មាន​ការ​បង្ក្រាប​ គឺ​ពួក​គេ​អាច​ធ្វើ​សកម្មភាព​ស្រេច​តែ​អំពើ​ចិត្ត​ ប្រការនេះ​ធ្វើឲ្យ​គេ​ជឿថា​ពួក​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​។​

ត្រង់​ចំណុច​នេះ​ច្បាស់​ណាស់​ដែល​ថា​បញ្ហា​ប្រយោជន៍បានធ្វើ​ឲ្យក្រុម​ បង្ក្រាប​បទល្មើស​លើផ្ទៃ​សមុទ្រ​របស់​លោក​ តេង​ សួន​ មិន​​ដែល​​ហ៊ាន​​ហើប​​មាត់​​​ពីបទល្មើស​នេសាទ​របស់​ទូក​សៀម​និង​ យួន​ ប៉ុន្តែ​គេ​ឃើញ​កម្លាំង​របស់​លោក​ តេង ​សួន​ បាន​បើក​ម៉ារីន​ បើកអូប័រ​ ទៅសំចត​កណ្តាល​ សមុទ្រ​ ធ្វើ​ជា​ទី​តាំង​សម្រាប់​ឲ្យក្រុម​ឈ្មួញចូល​បង់​លុយ​យ៉ាង​អនាធិបតេយ្យ​បំផុត។​ ដូច​ដែល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ក្នុង​​ប្រទេស​​កម្ពុជា​​មាន​ប៉ុស្តិ៍​ជជុះ​ទាំង​លើ​គោក​ ទាំង​ទឹក​ រហូត​ដល់​ដែន​សមុទ្រ​ ហើយ​ក្រុម​បង្ក្រាប​បទល្មើស​ជើង​ទឹក​របស់​លោក​ តេង​ សួន​ ។

​ក៏បានធ្វើសកម្មភាពប្រដេញចាប់ទូកនេសាទ​ខ្មែរតូចៗ​ដើម្បី​យក​លុយ​ដោយ​ គ្មាន​ការ​យោគយល់​អ្វី​ឡើយ​។ ​សម្រាប់​ទូក​នេសាទ​របស់​ សៀម​ និង​​យួន​​ ​ដែល​បាន​ចូល​មក​នេសាទ​ដោយ​ប្រើ​ប្រាស់​ឧប ករណ៍​នេសាទ​ល្មើស​ច្បាប់​ក្នុង​ដែន​សមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យនោះ​ ត្រូវ​​បាន​​មន្ត្រី​​តូច​​តាច​​មួយ​ចំនួន​បង្ហើប​ឲ្យ​ដឹង​ថា​ ទូកនេសាទ​ របស់​សៀម ​យួន ​មួយ​គូៗ​ត្រូវ​បង់​លុយ​ឲ្យ​លោក​ តេង​ សួន​ មិន​តិច​ជាង​ ១៣០០០$​​ទៅ​១៥០០០$​​ក្នុង​១​គួរ​​នោះ​​ទេក្នុងមួយខែ​ៗ​ទើប​គ្មានការបង្ក្រាប​។ ​បើរួមបញ្ចូល​ទាំង​ទូក​ និងសាឡង់​ ដែល​ដឹក​ជញ្ជូន​​ឈើគ្រញូង​​យក​ទៅ​លក់​​នៅស្រុក​យួន​របស់​ឈ្មួញ​ធំ​ៗ​​មួយ​​ចំនួន​ក៏​ ក្រុម​ឈ្មួញ​បាន​បង់​លុយ​ឲ្យ​ក្រុម​បង្ក្រាបបទ​ល្មើស​លើផ្ទៃសមុទ្រ​រាប់សិប​គួរ​នេសាទ​យ៉ាង​រលូនល្អ​ រយះ​ពេលយូរ​ឆ្នាំ​មក​ហើយ​៕​

រាល់ពីព័ត៌មានទំាងនេះ យើងមិនទាន់ទាក់ទងសួរបាននៅឡើយដោយមិនមានលេខទូរសព្ទ័។

2550

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com