0

ប៊ុន ​សុផា​ ប៉ូលីស​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ លួច​បើក​ច្រក​របៀង​នាំ​ពលករ​ចេញ​ទៅប្រ​ទេស​ថៃ​តាម​អំពើ​ចិត្ត​

បន្ទាយមានជ័យ៖ លោក​ប៊ុន​ សុផា​ នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ បាន​ធ្វើ​ស្ពាន​មួយ​ដើម្បី​ឆ្លង​កាត់​អូ​ព្រុំ​ដែន​កម្ពុជា​ ថៃ​ ទល់​​មុខ​​កាស៊ីណូ​​ ហ្គេន​ ទីញ​ ត្រង់​ម្តុំ​កន្លែង​ជល់​មាន់​ច្រក​របៀង​នេះ​បើ​ពិនិត្យ​ទៅ​គឺ​ឃើញ​តែ​ពលករ​ខ្មែរ​ឆ្លង​កាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ពី​មួយ​​ថ្ងៃ​ៗ​​រាប់​​រយ​​នាក់​​ទាំង​ថ្ងៃ​ទាំង​យប់​ ដែល​ធ្វើ​ឱ្យ​លោក​ ប៊ុន ​សុផា​ សប្បាយ​​ក្នុង​​ការ​​ប្រមូល​​ប្រាក់​​ដាក់​​ហោ​ប៉ាវ​​ធ្វើ​​មាន​​ធ្វើ​​បាន​​តាម​​អំពើ​​ចិត្ត​​និង​​ទប់​​តំណែង​​របស់​​ខ្លួន​​ព្រម​​​​ទាំង​ដោះ​ស្រាយ​ជូន​ថ្នាក់​លើ​របស់​ខ្លួន​។​

ម្យ៉ាង​វិញ​ទៀ​ត​ក្រុង​ប៉ោយ​ប៉ែត​ដែល​ជា​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​កំពុង​កើត​មាន​ ​បទ​ល្មើស​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំ​ដែន​ និង​​មាន​​ពលករ​​លួច​​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ ហើយ​សមត្ថកិច្ច​ មួយ​ចំនួន​ទទួល​បាន​ ផល​ប្រយោជន៍​យ៉ាង​ត្រជាក់​ចិត្ត​ដូច​ជា​សមត្ថកិច្ច ​នគរបាល​​អន្តោ​​ប្រវេសន៍​​ប្រចាំ​​ការ​​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ជា​ដើម​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​​ សៅ ​ប៊ុន​រិទ្ធ​ កំពុង​​ធ្វើ​អ្វីៗ​​សព្វ​​បែប​​យ៉ាង​​ដើម្បី​​ផល​​ប្រយោជន៍​​ផ្ទាល់​​ខ្លួន​​ដូច​​ជា​​ ការ​ជំរិត​យក​លុយ​ពី ​ប្រជា​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​មួយ​ថ្ងៃ​ៗ​។​

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅតំបន់ព្រំដែនប៉ោយប៉ែតបានឱ្យដឹងថាច្រករបៀងមួយ នៅទល់មុខកាស៊ីណូ ហ្គែន ទីញ កំពុង​តែ​បង្ហូរ​ពលករ​ចំណាក​ស្រុកខុសច្បាប់ចូលទៅប្រទេសថៃទាំងយប់ទាំង ថ្ងៃយ៉ាង​ពេញបន្ទុក​ហើយ​ច្រក​របៀង​ដែល​បង្ហូរ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​នោះត្រូវ​បាន​គេដឹង ថាគ្រប់គ្រងដោយលោកអនុសេនីយ៍ទោ ប៊ុន សុផា និង​ម្នាក់​ទៀត​ឈ្មោះ នី ដោយ​មន្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​ឃុប​ឃិត​ជា​មួយ​ក្រុម​មេ​ខ្យល់​ជាច្រើន​នាក់ ដើម្បី​នាំ​ពលករ​ចំណាក​ស្រុក​ឆ្លង​ដែន​ខុសច្បាប់ទៅប្រទេសថៃ។

ក្នុង​នោះ​មាន​មេ​ខ្យល់​ម្នាក់​រក​ស៊ី​នាំ​ពលករ​ចំណាក​ស្រុក​ខុស​​​​​​​​​​​ច្បាប់​ឡើង​ដុះ​ ស្លែ​ទៅ​ហើយ​ឈ្មោះ ​អោម​ ឈូ ​និង​ប្រពន្ធ​ចុង​ ឈ្មោះ ​ធឿន​ សុភាព​ ពូកែ​​ខាង​​ទំនាក់​ទំនង​រក​ពលករ​ចំណាក​ស្រុក​ឆ្លង​ដែន​ខុស​ច្បាប់​ខ្លាំង​ជាង​គេ​នៅ ​តំបន់​ប៉ោយប៉ែត​។​ មេ​ខ្យល់​ឈ្មោះ​ អោម​ ឈូ​ រស់​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ជន​នេះ​ជា​អ្នក​ម៉ៅ​ការ​ច្រក​របៀង​ឱ្យ​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ក្នុង​ មួយ​​ខែ​ៗ​​រាប់​​ម៉ឺន​​បាត​ ទើប​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ សៅ ​ប៊ុនរិទ្ធ ​មាន​​កាតព្វកិច្ច​​ការពារ​​មេខ្យល់​រូប​​នេះ​ឱ្យ​​រក​​ស៊ី​​ជួញ​​ដូរ​​ពលករ​​ចំណាក​ស្រុក​ យ៉ាង​រលូន​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​។​

ប្រភព​ព័ត៌មាន​ ពី​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ទៀត​ថា​ពលករ​ចំណាក​ស្រុក​ ខុស​ច្បាប់​ជា​ច្រើន​បាន​ឆ្លង​ដែន​ ចូល​​ទឹក​​ដី​​ថៃ​​តាម​​ច្រក​​របៀង​របស់​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ដែល​មាន​ លោក​ ប៊ុន​ សុផា​ ជា​អ្នក​ឈរ​ជើង​។ ​មាន​ន័យថា​លោក​ ប៊ុន សុផា ​ជា​អ្នក​​ប្រចាំ​ការ​ឈរ​ជើង​មើល​ផ្លូវ​ឱ្យមេខ្យល់​ឈ្មោះ​ អោម​ ឈូ​ បញ្ជូន​ពលករ​ទៅកាន់​ទឹក​ដី​ថៃ​ដើម្បី​ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន​ដាក់​ ហោ​ប៉ៅ​ផ្ទាល់​​ខ្លួន​ និង​បែង​ចែក​មួយ​ផ្នែក​ទៅ​ថ្នាក់​លើ​សម្រាប់​អភិវឌ្ឍន៍​ និង​រក្សា​តំណែង​របស់​ខ្លួន​។ ​ពលករ​​ខ្មែរ​​ដែល​​ឆ្លង​​ដែន​​ខុស​​ច្បាប់​​តាម​​ច្រក​​របៀង​​របស់​​ នគរបាល​អន្តោប្រវេសន៍​ធ្លាប់​ត្រូវ​បាន​ទាហាន​សៀម​ឈុត​ខ្មៅ​បាញ់​គំរាម​ ជា​ច្រើន​លើក​ និង​​ចាប់​​បញ្ជូន​ដាក់​​រថយន្ត​ទ្រុង​​ធំ​ៗ​​ត្រឡប់​​មក​​ប្រទេស​​កម្ពុជា​​វិញ​។

ក្រុម​ពលករ​ដែល​ត្រូវ​បាន​អាជ្ញា​ធរ​ថៃ​ចាប់​បញ្ជូន​មក​ដល់​ទឹក​ដី​ខ្មែរ​វិញ​សមត្ថកិច្ច​នគរបាល ​អន្តោប្រវេសន៍​ក្រោម​អំណាច​របស់​​លោក​ សៅ ​ប៊ុន​រិទ្ធ​ បាន​ចាត់​ទុក​ពលករ​ខ្មែរ​ទាំង​នោះ​ថា​ជា​អ្នក​ទោស​ហើយ​គាប​សង្កត់​ជំរិត​យក​លុយ​ ចំនួន​២០០​បាត ឬ ​៣០០​បាត​ទៀត​ផង​។​ ប្រការ​​នេះ​​បាន​​ធ្វើ​​ឱ្យ​​ពលករ​​ខ្មែរ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ហើយ​អ្នក​ខ្លះ​ ត្រូវ​សមត្ថកិច្ច​នគរបាល​អន្តោ​ប្រវេសន៍​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ​ថែម​ទៀត​ ពេល​​ដែល​​ពលករ​​ទាំង​​នោះ​​ពុំ​មាន​លុយ​បង់​ឱ្យ​តាម​ការ​កំណត់​។ ​ចំណុច​នេះ​បាន​បង្ហាញ​ឱ្យឃើញ​ថា​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ ​ច្រក​​ព្រំ​ដែន​​ប៉ោយប៉ែត​​ក្រោម​​ការ​​គ្រប់​​គ្រង​របស់​លោក​ សៅ ​ប៊ុន​រិទ្ធ​ មិន​ខុស​ពី​ឈ្លើង​ដែល​ចាំ​ជញ្ជក់​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ ​ដោយ​​សារ​​ការ​​ធ្វើ​​ចំណាក​​ស្រុក​​ខុស​​ច្បាប់​​​នោះ​​ទេ​។​

អាច​បញ្ជាក់​បាន​ថា​ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ច្រកព្រំ​ដែន​អន្តរជាតិ​ ប៉ោយប៉ែត​នៅ​ក្រោម​អំណាច​របស់​លោក​ សៅ ​ប៊ុនរិទ្ធ​ ពុំ​ត្រឹម​​តែ​​មិន​​អនុវត្តន៍​​តាម​បទ​បញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ ​គឺ​ថែម​ទាំង​ហ៊ាន​ផ្គើន​យ៉ាង​ក្រអឺត​ក្រទម​ទៀត​ផង​។​ ដូច្នេះ​ក្រសួង​មហាផ្ទៃ​ និង​​នាយ​​ឧត្តមសេនីយ៍​ នេត​ សាវឿន​ ជា​អគ្គស្នងការ​នគរបាលជាតិ​មិន​ត្រូវ​បណ្តោយ​ឱ្យ​លោក​ សៅ ​ប៊ុនរិទ្ធ​ មេនគរបាល​អន្តោប្រវេសន៍​ច្រកព្រំដែន​ប៉ោយប៉ែត​ និង​ជា​ពិសេស​លោក​ ប៊ុន​ សុផា​ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​កេងប្រវ័ញ្ច​លើញើស​ឈាម​ ពលករ​​ចំណាក​​ស្រុក​​ស្រេច​​តែ​​អំពើ​​ចិត្ត​​ត​​ទៅ​​ទៀត​​ឡើយ​​ ៕ ​ប្រភព​ទំាង​អស់​នេះ​អ្នក​​យក​ព័ត៏​មាន​ចាប់​ដៃ​មិន​ទាន់​អាច​ទាក់​ទង​ជា​មួយ​លោក​ ប៊ុន​ សុផា​ និង​ លោក​ សៅ ​ប៊ុនរិទ្ច​ បាន​ទេ ដោយ​​មិន​​មាន​​លេខ​​ទូរ​សព្ទ័​។​

ស្ពានឆ្លងដែន របស់ប៊ុនសុផាប៉ោយប៉ែតtimthumb

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com