ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោងនឹងលើកគ្នាទៅជួបអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយនឹងក្រុមហ៊ុន អឹម ឌី អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ដែលបានអូសបន្លាយអស់រយៈពេលជិត៤ឆ្នាំមកហើយនោះ។
ពលរដ្ឋរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាំគ្នាកាន់បដានៅខាងមុខសាលាខេត្ត ទាមទារឲ្យអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ ដែលក្រុមហ៊ុន ទ្រី ភាព បានរំលោភយកជាយូរមក ហើយ។គម្រោងនេះធ្វើឡើងបន្ទាប់ពីពួកគាត់ទទួលបានព័ត៌មានថា អាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងនឹងរៀបចំវេទិកាពិគ្រោះយោបល់ និងដោះស្រាយបញ្ហាផ្សេងៗ នៅសាលាស្រុកវាលវែង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣។
ប្រជាពលរដ្ឋមកពីភូមិចំនួន៤ គឺភូមិចម្ការជ្រៃខាងត្បូង ចម្ការជ្រៃខាងជើង ក្រាំងរងៀង និងភូមិកណ្ដាល នៃឃុំអន្លង់រាប គ្រោងនឹងឡើងទៅជួបអាជ្ញាធរ និងមន្ត្រីជំនាញផ្នែកដីធ្លីខេត្តពោធិ៍សាត់ ដើម្បីបង្ហាញអំពីទុក្ខកង្វល់ និងផលប៉ះពាល់នានា ដែលកើតចេញពីក្រុមហ៊ុន អឹម ឌី អេស។ ក្រុមប្រជាពលរដ្ឋគ្រោងនឹងធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា៧ គីឡូម៉ែត្រ ប្រដាប់ដោយបដាពាក្យស្លោក និងឧបករណ៍បំពងសំឡេង ដើរចេញពីចំណុចភូមិកណ្ដាល នៃឃុំអន្លង់រាប ឆ្ពោះទៅកាន់សាលាស្រុកវាលវែង។
តំណាងប្រជាពលរដ្ឋម្នាក់រស់នៅភូមិចម្ការជ្រៃខាងជើងលោក ជុំ សារ៉ាត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែធ្នូថា គោលបំណងសំខាន់មួយ ក្នុងចំណោមគោលបំណងសំខាន់ៗផ្សេងទៀត គឺក្រុមហ៊ុនត្រូវតែប្រគល់ដី ដែលខ្លួនបានឈូសឆាយប៉ះពាល់មកលើដីរបស់ពលរដ្ឋ ត្រូវប្រគល់មកឲ្យពួកគាត់វិញជាបន្ទាន់ និងដោយគ្មានលក្ខខ័ណ្ឌអ្វីទាំងអស់៖ «បើសិនជាគេមិនឲ្យខ្ញុំមានមតិ ឬឲ្យបាតុករមានមតិអីទេយើងខ្ញុំនៅតែទទូចទាល់តែគេទទួលយកឲ្យខ្ញុំឡើងវែកញែកនូវបញ្ហាទាំងអស់ហ្នឹង។ បើសិនគេចប់ការងារគេៗវិលត្រឡប់ទៅផ្ទះវិញស្អែក ឬខានស្អែកខ្ញុំនឹងបន្ដធ្វើបាតុកម្មនេះបន្ដទៅផ្នែកខាងឃុំខ្ញុំវិញម្ដង»។
ក្រុមប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅក្នុងភូមិចម្ការជ្រៃខាងជើងជាង៣០គ្រួសារនឹងទៅចូលរួមក្នុងក្បួនដង្ហែនេះទាំងអស់គ្នា ដោយពួកគាត់មិនអាចរង់ចាំដំណោះស្រាយ ឬការសន្យាបែបស្រពិចស្រពិលរបស់អាជ្ញាធរភូមិ និងឃុំទាក់ទិននឹងបញ្ហានេះតទៅទៀតឡើយ។ ក្រុមប្រជាពលរដ្ឋទំាងនោះ បន្តថា អស់រយៈពេលជាង៣ឆ្នាំ នៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន អឹម ឌី អេស បានធ្វើឲ្យប្រជាពលរដ្ឋជួបទុក្ខលំបាកជាច្រើន ដូចជាការបាត់បង់ដីធ្លីសម្រាប់ធ្វើកសិកម្ម និងការបិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ឬដឹកកសិផលកាត់ដីរបស់ក្រុមហ៊ុនជាដើម។
យើងមិនអាចទាក់ទងតំណាងក្រុមហ៊ុន អឹម ឌី អេស (MDS) និងអភិបាលរងទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីខេត្តពោធិ៍សាត់លោក សួន រិន្ទឌី ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ ខែធ្នូ។ យ៉ាងណាមេឃុំអន្លង់រាបលោក អ៊ុំ សេង មានប្រសាសន៍បញ្ជាក់ថា ក្រុមប្រជាពលរដ្ឋដែលនាំគ្នាទៅតវ៉ា និងចង់ចូលទៅកាន់វេទិកាដែលរៀបចំឡើងដោយក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាពេលនេះ ទំនងជាមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមឡើយ ពីព្រោះក្បួន ឬការជួបជុំរបស់ប្រជាពលរដ្ឋទាំងនោះ គឺធ្វើឡើងដោយពុំមានច្បាប់អនុញ្ញាត៖ «បាទប៉ះច្រើន ក៏ប៉ុន្តែយើងដោះស្រាយបានច្រើនហើយកំពុងធ្វើបញ្ជីសម្រាប់របាយការណ៍ជូនខេត្តស្អែក ហើយល្ងាចបានខ្ញុំសរុប។មានប៉ះកន្លងមកដោយក្រុមហ៊ុនឈូស ខាងបរិស្ថានឲ្យឈូសប៉ះរបស់គាត់ យើងដោះអត់ទាន់ចប់ទល់សព្វថ្ងៃគាត់អន់ចិត្ដ គាត់ចង់យករបស់គាត់ទាំងអស់វិញ ហើយបម្រុងធ្វើបាតុកម្មស្អែកខ្ញុំលឺសូរចឹង»។
មន្ត្រីសម្របសម្រួលសមាគមអាហុក(Adhoc)ប្រចាំខេត្តពោធិ៍សាត់លោក ភួង សុធា មានប្រសាសន៍ថា លោកហាក់មិនសូវមានជំនឿលើការដោះស្រាយបញ្ហាដីធ្លី ឬបញ្ហាផ្សេងៗ តាមរយៈវេទិការបស់រាជរដ្ឋាភិបាលនាពេលនេះឡើយ ពីព្រោះថាប្រជាពលរដ្ឋ ដែលមានបញ្ហាពិតប្រាកដជាច្រើននាក់ មិនត្រូវបានគេអនុញ្ញាត ឬអញ្ជើញឲ្យចូលរួមនោះទេ ដូចនេះលោកគិតថា វេទិកានេះ គឺគ្រាន់តែជាឆាកល្ខោនធ្វើឲ្យល្អមើលប៉ុណ្ណោះ។
លោកភួង សុធា ឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋរស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាង៣០គ្រួសារ ក៏មានគម្រោងនាំគ្នាឡើងមកជួបអាជ្ញាធរ និងមន្ត្រីជំនាញខេត្តពោធិ៍សាត់ ក្នុងគោលបំណងឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុន អឹម ឌី អេស នាឱកាសរបស់លោកឧកញ៉ា ទ្រី ភាព នោះដែរ ៕