0

ឧត្តមសេនីយ៏ផ្កាយ២ «ជ័យ» ពិតជាខ្លាំងហ៊ានប្រឆាំងបទបញ្ជានាយករដ្ឋមន្ត្រី ហ៊ុន សែន

សៀមរាប​៖ ​តាម​​​ព័ត៌​មាន​ ពី​​ក្រុម​​អ្នក​សារ​ព័ត៌​មាន​  ប្រចាំ​ការ​​នៅ​​តាម​ បណ្ដា​​ខេត្ត​​នានា​ បាន​ឲ្យ​ដឹង​ថា ​ចាប់​​ពី​​ក្រោយ​​ការ​បោះឆ្នោត​ ជ្រើស​តាំង​​តំណាង​រាស្ត្រ​ នី​តិ​កាល​​ទី​​៥​ រហូត​មក​ដល់​​ពេល​នេះ ​គេ​​បាន​​សង្កេត​ឃើញ​ថា​ ពួក​​ឈ្មួញ​ៗ​​រក​ស៊ី ​បំផ្លាញ​​ព្រៃ​ឈើ ​ ដើម្បី​​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ បាន​​និង​​កំពុង​​នាំ​​គ្នា​ ធ្វើ​​សកម្មភាព​​របស់​​ពួក​គេ ​កាន់​តែ​​ខ្លាំង​​ឡើង​ៗ​​ហើយ ​ដោយ​​ឃុប​ឃិត​​គ្នា​ ជា​មួយ​​សមត្ថកិច្ច​​ពាក់​​ព័ន្ធ​​ផ្សេង​ៗ​​ មិន​​គោរព​​កោត​​ខ្លាច​ បទ​បញ្ជា​​របស់​​សម្ដេច​​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ អាណត្តិ​​ទី​​៥​ ឆ្នាំ​​២០១៣​ -​២០១៨​ នេះ​​ទេ​ ។​​
ជាក់ស្ដែង បន្ទាប់​ពី​កើត​មាន​បទបញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការបង្ក្រាប​ទប់ស្កាត់  បទល្មើស​ព្រៃឈើ កាលណា​មក ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា មិន​ត្រឹមតែ​មិន​គោរព កោតខ្លាច​នោះទេ​… ផ្ទុយទៅវិញ ពួកគេ​កាន់តែ​ធ្វើ សកម្មភាព​ខ្លាំង​ឡើងៗ ជាង​ពេល​មុនៗ​ទៅទៀត ក្នុងការ​សម្រុក​ដឹកឈើ​ចេញ ស្ទើរ​រាល់​យប់​ថ្ងៃ យកទៅលក់​នៅ ប្រទេស​វៀតណាម តាំងពី​មុន​ពេល​បោះឆ្នោត រហូតមក​ដល់​ក្រោយ​ពេល​បោះឆ្នោត ដោយ​មិន​មាន​សមត្ថកិច្ច ថ្នាក់ក្រោម ថ្នាក់កណ្ដាល ឬ​ថ្នាក់​លើ​ណា ហ៊ាន​ប៉ះពាល់​ឡើយ ធ្វើឲ្យ​បទបញ្ជា​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាញ់​បត់​បញ្ចុក (​យក​លុយ​បិទមាត់​) របស់​ពួក​ឈ្មួញៗ​ឈើ ទាំងនេះ​ទៅ​វិញ ។​

យោង​តាម​ព័ត៌មាន​ជាច្រើន បានឲ្យដឹងថា មូលហេតុ​ដែល​ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា អាច​រកស៊ី​ដឹក​ជញ្ជូន​ឈើ បាន​តាម​អំពើ​ចិត្ត ទោះបីជា​ដឹក​លើស​ទម្ងន់ ធ្វើឲ្យ​ខូចខាត​ផ្លូវជាតិ ជាច្រើន​កន្លែង​យ៉ាងណា​ក៍ដោយ​នោះ ព្រោះ​តែ​ក្រុមហ៊ុន ដ៍​ខ្លាំងក្លា​មួយ​នេះ មាន​ឧត្តមសេនីយ៍​ផ្កាយ​ពីរ​ម្នាក់ (​សុំ​លាក់​ឈ្មោះ​ពិត​ទុក​សិន​) តែ​ឈ្មោះ​ក្រៅ​ហៅ ជ័យ ជា​ទីប្រឹក្សា​ផ្ទាល់ និង​ជា​មេបញ្ជាការរង​អង្គរក្ស របស់​ថ្នាក់ដឹកនាំ​កំពូល​ម្នាក់ ស្និទ្ធ​នឹង​លោក​មេបញ្ជាការ​ផ្កាយ​៣​ម្នាក់ (​សុំ​លាក់​ឈ្មោះ​ទុក​សិន​ដែរ​) ជា​អ្នក​កាង​ធ្វើ​ខ្នងបង្អែក ក្នុង​ការប្រមូលទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ស្ទើរ​រាល់​យប់​ថ្ងៃ ចេញពី​ខេត្ត​ឧត្ដរមានជ័យ តាម​ផ្លូវ​លេខ​៦៧ ឆ្លងកាត់​ខេត្ត​សៀមរាប  យកទៅ​លក់​តាម​បណ្តា​ខេត្ត​នានា ព្រមទាំង​នាំចេញ​ទៅ​ប្រទេស​វៀតណាម ។

ពួក​គេ​ហ៊ាន​ឃុបឃិត​គ្នា ធ្វើ​ជំនួញ​ឈើ​យ៉ាង​រលូន ដោយសារ​ពួកគេ​សំអាងថា ឈើ​ទាំង​នោះ​សុទ្ធតែ ជា​ឈើ​ស្របច្បាប់  ដែល​ពួកគេ​ប្រមូល និង​ដឹកជញ្ជូន​ចេញពី ដី​សម្បទាន​វិនិយោគ ទំហំ​ប្រមាណ​ជិត ១​ម៉ឺន​ហិកតា នៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​ឲ្យ​ពួកគេ ។​
​គួររម្លឹកថា ថ្មីៗ​កន្លងមកនេះ បន្ទាប់ពី​មាន​ប្រព័ន្ធ ផ្សព្វផ្សាយ​ជាច្រើន បាន​បង្ហោះ​ផ្សាយ​ព័ត៌មាន​ក្ដីៗ ព្រោងព្រាត​ល្បី​ពេញ​ពិភពលោក ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ប្រព្រិត្ត​ឡើង​ដោយ ក្រុមហ៊ុន​លោក​ឧកញ៉ា គិត ម៉េង សហការ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លឹម ប៊ុន​ណា រួចមក រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្អាក មិន​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ ធ្វើ​សកម្មភាព​របស់​ខ្លួន​តទៅទៀត​ទេ ។​
​ថ្មីៗ​កន្លងមកនេះ ក្រុមមន្ត្រីៗ​ត្រួតពិនិត្យ ចល័ត​ពិសេស នៃ​មន្ទីរ​សាធារណៈការ ខេត្តសៀមរាប បាន​ចាប់​រថយន្ត ប្រភេទ​យី​ឌុប​ខ្នា​ត​យក្ស​ចំនួន ២​គ្រឿង របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា ដែល​បាន​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ដឹកឈើ​លើស​ទម្ងន់ ក្នុង​១​រថយន្តៗ រហូតដល់​ទៅ​ជិត ២០​តោន​ឯណោះ ។​
ទាក់ទង​នឹង​ការ ដឹកជញ្ជូន​ឈើ របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា នេះដែរ បើ​តាម​ព័ត៏មាន ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង  បាន​ទម្លាយ​ឲ្យដឹងថា ក្រុមហ៊ុន​មួយ​នេះ ទទួលបាន​សិទ្ធិ សម្បទាន​លើ​ផ្ទៃដី ៣០០០​ហិកតា ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ពួកគេ​បាន​បោះ​ទីតាំង នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅ​ចំណុច​ព្រៃ​ស្អា​ក ។​
អ្នក​ខេត្តសៀមរាប និង​ឧត្តរមានជ័យ បានបញ្ជាក់​ថា ការពិតទៅ ក្រុមហ៊ុន ហួត មេ​ង​រីតា មិន​ត្រឹមតែ​មិន​បាន​គោរព និង​អនុវត្ត​ទៅតាម កិច្ចសន្យា​របស់​ខ្លួន​ជាមួយ រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ លើស​ទម្ងន់​ជាច្រើន​តោន បំផ្លិចបំផ្លាញ​ផ្លូវជាតិ ផ្លូវលំ និង​ស្ពាន​ទៀតផង​…. ៕

 

ab201_8f0129b5d328efb955b90cfdb00f51ec

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com