ប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះដែលបានប្តឹងទៅសមត្ថកិច្ចរួចហើយនោះ បានឲ្យដឹងថា មន្ទីរពេទ្យម៉ាលីយ៉ាដែលល្បីខាងឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងគគ្រឹកគគ្រេង មានទីតាំងឋិតនៅអគារលេខ៤១០ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងជាប់សង្ស័យក្នុងករណីគ្រូពេទ្យប្រើប្រាស់ និងចាក់ថ្នាំខុសបច្ចេកទេស ធ្វើឲ្យព្រះចៅអធិការវត្តជាអ្នកជំងឺមួយព្រះអង្គសុគត កាលពីវេលាម៉ោងប្រមាណ១០ព្រឹក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់បន្តនៅមន្ទីរពេទ្យកាល់ម៉ែត ។
ព្រះចៅអធិការវត្តដែលរងគ្រោះរហូតដល់សុគតពេលទៅព្យាបាលវះកាត់ព្រះរោគដុះសាច់នៅក្នុងបំពង់ក នៅមន្ទីរពេទ្យឯកជនឈ្មោះ ម៉ាលីយ៉ា នោះ មានព្រះមាន នឹម វណ្ណី ព្រះជន្ម២៥ព្រះវស្សា គង់នៅវត្តអង្គអណ្តែត ឃុំថ្មី ស្រុកជុំគិរី ខេត្តកំពត ។
សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាព្រឹកនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ ព្រះតេជគុណព្រះចៅអធិការព្រះនាម នឹម វណ្ណី មានព្រះរោគដុះសាច់ក្នុងបំពង់ក បាននិមន្តមកព្យាបាលព្រះរោគក្នុងមន្ទីរពេទ្យម៉ាលីយ៉ា ។ ខណៈដែលក្រុមគ្រូពេទ្យពិនិត្យព្រះរោគរួចហើយៗត្រៀមនឹងធ្វើការវះកាត់យកដុំសាច់ចេញនោះ គ្រូពេទ្យបានចាក់ថ្នាំម្យ៉ាងដោយមិនដឹងថាមានឈ្មោះអ្វីទេ ស្រាប់តែធ្វើឲ្យព្រះអង្គជាអ្នកជំងឺបែកពពុះមាត់ និងសន្លប់បាត់ស្មារតី និងត្រូវបានគ្រូពេទ្យប្រចាំការក្នុងមន្ទីរពេទ្យឯកជននេះដឹកបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែជាអកុសល ព្រះអង្គក៏បានសុគតបាត់ទៅ ។
ព័ត៌មានមួយចំនួនទៀតបានបង្ហើបប្រាប់ឲ្យដឹងថា ព្រះអង្គចៅអធិការវត្តជាជនរងគ្រោះអង្គនេះបានសុគតតាំងពីនៅមន្ទីរពេទ្យម៉ាលីយ៉ាមកម្ល៉េះ រីឯការដឹកជញ្ជូនយកទៅសង្គ្រោះបន្ទាន់បន្តនៅមន្ទីរពេទ្យកាល់ម៉ែតនោះ គឺគ្រាន់តែជាលេសដើម្បីគេចវេះកុំឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់មន្ទីរពេទ្យម៉ាលីយ៉ាប៉ុណ្ណោះ ។
សពរបស់ព្រះចៅអធិការវត្តព្រះនាម នឹម វណ្ណី ត្រូវបានរក្សាទុកនៅមន្ទីរពេទ្យកាល់ម៉ែតក្រោយពេលព្រះអង្គបានសុគតភ្លាមៗ ដើម្បីរង់ចាំឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរកមូលហេតុពិតប្រាកដដែលនាំឲ្យមានការសុគតរបស់ព្រះសង្ឃអង្គនេះ ។
ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាននិយាយថា នៅមន្ទីរពេទ្យឯកជនម៉ាលីយ៉ា គឺគ្រូពេទ្យភាគច្រើនជាជនជាតិបរទេស ហើយមិនដឹងជាក្រុមគ្រូពេទ្យបរទេសទាំងនោះមានជំនាញខាងវិជ្ជាពេទ្យដល់កម្រិតណានោះទេ ទើបបង្កឲ្យមន្ទីរពេទ្យនេះជាប់សង្ស័យក្នុងករណីចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឲ្យព្រះសង្ឃមួយអង្គសុគតទាំងព្រះជនវ័យក្មេងដូច្នេះទៅវិញ ៕