ខេត្ដតាកែវ ៖ ឈ្មួញដែលកំពុងបង្កភាពអានាធិបតេយ្យនោះ រួមមានឈ្មោះ សុខ ភាព និងឈ្មោះ ធឿន រួមទាំងមន្ដ្រីយោធា ជាន់ខ្ពស់ម្នាក់មានតួនាទីជាអង្គរក្ស បានដឹកនាំប្រជានេសាទ ជនជាតិវៀតណាម ចូលមកធ្វើនេសាទ ដាក់សៃយ៉ឺន ស្បៃមុងរាប់រយ នៅត្រង់ចំណុចដូចខាងលើនេះ។
សៃយ៉ឺន ស្បៃមុង នីមួយៗមានប្រវែងជាង ៣០០០ម៉ែត្រ ហើយក៏មានដាយឡុកជាង ១០កន្លែង ដូចជាមិន ខ្លាចញញើតដល់អាជ្ញាធរ ឬសមត្ថកិច្ចណាម្នាក់នោះឡើយ។ ករណីបើកឱ្យមានការដាក់សៃយ៉ឺន ស្បៃមុងយក្សនេះ អាចដំណើរការដោយរលូន ក៏ព្រោះតែលោក សុខ ភាព និងលោក ធឿន បានឃុបឃិតជាមួយលោក កែន ស៊ីថាន និងលោក ម៉ែន វិបុល ដោយមានការបង់លុយរាប់ម៉ឺនដុល្លារ ក្នុងមួយរដូវ ទើបអាចធ្វើសកម្មភាព ដាក់សៃយ៉ឺនយក្សបានយ៉ាងងាយស្រួល ។
បើមិនមានការបង់លុយ ឱ្យលោកទាំងពីរនេះទេ គឺសៃយ៉ឺនស្បៃមុងយក្សទាំងនេះ គ្មានវាសនានៅ ចាប់ត្រីបានទេ ហើយក្នុងមួយថ្ងៃៗ ការប្រមូលត្រីទាំងតូចទាំងធំ ពីសៃយ៉ឺនស្បៃមុងយក្សនេះ ចាប់ពី ១០តោនទៅ២០ តោនក្នុងមួយថ្ងៃ ។ សកម្មភាពបទល្មើសនេសាទ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុងអតីតឡូត៍លេខ ១៧-១៨ ចំណុចខាងជើងទំនប់ ៧មករា តាមបណ្ដោយប្រឡាយលេខ ០៣-០៤ ព្រំប្រទល់ស្រុកអង្គរបុរី និងស្រុកកោះធំ ខេត្ដកណ្ដាល ដោយសារតែក្រុមឈ្មួញធំៗ បានឃុបឃិតជាមួយមន្ដ្រីជំនាញជលផល គឺលោក កែន ស៊ីថាន នាយ ខណ្ឌរដ្ឋបាលជលផល កណ្ដាល-តាកែវ និងលោក ម៉ែន វិបុល ប្រធានក្រុមបង្ក្រាប បទល្មើសជល ផលចតុមុខ ប្រចាំការខេត្ដតាកែវ និងខេត្ដកណ្ដាល បានបើកដៃឱ្យ ក្រុមឈ្មួញធ្វើអ្វីៗតាមតែអំពើចិត្ត។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា ចំណុចឡូត៍លេខ ១៧ -១៨ នេះ ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសរំសាយចោលរួចមកមក ប្រជាពលរដ្ឋមិន ដែលបានចូលនេសាទត្រីនោះទេ បើចង់រកស៊ីនេសាទត្រី ត្រង់ប្រឡាយ ០៣-០៤ នេះត្រូវចូលខ្លួន ទៅបង់លុយឱ្យមន្ដ្រីជំនាញជលផល ទើបអាចចូលរកស៊ីនេសាទបាន ដោយកំណត់ក្នុងមួយទូកចំនួន ៣០ម៉ឺនទៅ៤០ ម៉ឺនរៀល បើមិនបង់ទេ គឺកម្លាំងរបស់ជលផលចាប់ឃាត់ យកធ្វើការផាកពិន័យ លុយយ៉ាងច្រើនទៀតផង ។
ប្រជាពលរដ្ឋរស់នៅស្រុកអង្គរបុរី ខេត្ដតាកែវ និងស្រុកកោះធំ ខេត្ដកណ្ដាល បានសំណូមពរដល់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម មេត្ដាចាត់វិធានការចំពោះមន្ដ្រីខិលខូច ជាពិសេសលោក កែន ស៊ីថាន នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល-តាកែវ និងលោក ម៉ែន វិបុល ប្រ ធានក្រុមបង្ក្រាប បទល្មើសនេសាទ ៕