ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ធ្លាប់បានលើកឡើងថា ចាប់តាំងពីពេលដែលលោក កុល សំអុល បានឡើងជំនួសតំណែងលោក ឡូយ សុផាត គឺបទល្មើសនៃការកាប់បំផ្លាញព្រៃឈើក៏ដូចជាការដឹកជញ្ជូនឈើខុសច្បាប់ មិនបានថយចុះនិងគ្មានការបង្ក្រាប ដោយប្រសិទ្ធភាពនោះទេ អាចនិយាយបានថា បទល្មើសនៃការដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ននេះ ចង់ខ្លាំងជាងសម័យលោក ឡូយ សុផាត ទៅទៀត។ ប្រជាពលរដ្ឋ ក៏បានចំអកចំពោះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរបស់លោក អីវ ឯកសាវត្តី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលមិនបានយកចិត្តទុកដាក់បង្ការបង្ក្រាបជំ នួញឈើខុសច្បាប់ទ្រង់ទ្រាយ ធំរបស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះសាន ចយ ជាមេការទទួលខុសត្រូវ។
មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា មានដីសម្បទានប្រមាណ១ម៉ឺនហិកតា ក្នុងទឹកដីខេត្តស្ទឹងត្រែង ប៉ុន្តែមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា មិនបានអនុវត្តន៍ឲ្យត្រឹមត្រូវតាមកិច្ចសន្យាជាមួយរដ្ឋាភិបាលនោះទេ គឺគ្មានការអភិវឌ្ឍអ្វីនោះទេ ក្រៅពីការកាប់បំផ្លាញព្រៃឈើយ៉ាងវិនាសហិនហោច។ ថ្មីៗនេះមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ទទួលបានសិទ្ធិប្រមូលទិញឈើនិងកាប់ឈើក្រោមរូបភាពស្តារបាតអាងទំនប់ វារីអគ្គិសនីសេសានក្រោម ២ ដែលស្ថិតនៅក្នុងសេសាន ខេត្តស្ទឹងត្រែង ហើយព្រៃឈើនៅតំបន់បាតអាង វារីអគ្គិសនីនោះ ត្រូវបានកាប់បំផ្លាញខ្ទេចខ្ទី តែសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា ។
លោក កុល សំអុល ជាអភិបាលខេត្តស្ទឹងត្រែង មិនគួររក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮចំពោះភាពអនាធិបតេយ្យនៃ ការកាប់បំផ្លាញព្រៃឈើ ការប្រមូលទិញ និងការដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា នោះទេ ព្រោះការដឹកជញ្ជូនឈើដែលមានឈ្មោះ សាន ចយ ជាអ្នករត់ការបើកផ្លូវ មិនត្រឹមតែគ្មានច្បាប់ទម្លាប់នោះទេ គឺថែមទាំងបំផ្លាញផ្លូវស្ពានជាច្រើនកន្លែងនៅភូមិភាគឦសាន ជាពិសេសក្នុងទឹកដីខេត្តស្ទឹងត្រែង ប៉ះពាល់ដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់រាស្ត្រខ្មែរ។ ប៉ុន្តែមន្ត្រីនិងសមត្ថកិច្ចអស់ទាំងនោះមិនដែលហ៊ានហើបមាត់ម្តងណាឡើយ ព្រោះមានឈ្មោះ សាន ចយ ជាអ្នករត់ការសម្របសម្រួល លុយយកទៅបង់ឲ្យមន្ត្រី និងសមត្ថកិច្ចពុករលួយ ទាំងនោះទើបមិនដែលមាននរណាហ៊ានចេញមុខបង្ក្រាប បើទោះបី ជាដឹងថាមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា កំពុងបំផ្លាញព្រៃឈើយ៉ាងវិនាសហិនហោច ៕