ភ្នំពេញ៖ លោកនាយ ឡុង ស្រេង កាន់តែត្រូវប៉ាន់ជាងមុននេះ ដោយសារហេតុថា កាលពីមុនគាត់ (ឡុង ស្រេង) មានបុណ្យសក្ដិត្រឹម ថ្នាក់ជាវរសេនីយ៍ និងជាអតីត នាយការិយាល័យ រដ្ឋបាលសរុប នៃនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គាត់ មានឈ្មោះល្បីខ្ទខ្ទា នៅក្នុងចំណោមពួកឈ្មួញៗ… ធ្វើឲ្យគាត់មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភមហាសាល ប៉ុណ្ណឹងទៅហើយ… ចុះទម្រាំពេលនេះ គាត់ (ឡុង ស្រេង) ត្រូវបានថ្នាក់លើកំពូលៗ ជួយជ្រោមជ្រែង តែងតាំងមុខតំណែង ឲ្យគាត់បានឡើង បុណ្យសក្ដិធំជាងមុន ក្លាយជាឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តទៅទៀតនោះ មិនដឹងជាធ្វើឲ្យគាត់ កាន់តែមានឈ្មោះល្បី និងត្រូវប៉ាន់ខ្លាំងឡើងៗ ថែមទៀតយ៉ាងណាទេ? យោងតាមប្រភព ព័ត៌មានមួយចំនួន ទាំងកន្លងមក ក៍ដូចថ្មីៗនេះ បានឲ្យដឹងថា មកដល់សព្វថ្ងៃលោក ឡុង ស្រេង អតីតជានាយការិយាល័យ រដ្ឋបាលសរុប នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃនោះឥឡូវកាន់តែត្រូវប៉ាន់ ខ្លាំងឡើងៗថែមទៀតហើយ ក្រោយពីគាត់ ត្រូវបានថ្នាក់លើ តែងតាំងឲ្យបានឡើង បុណ្យសក្ដិធំជាងមុន ក្លាយជាឧត្តមសេនីយត្រី អនុប្រធាន នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិអំណាច អាចដឹកនាំគ្រប់គ្រង ទៅលើមន្ត្រីៗ នគរបាលសេដ្ឋកិច្ច ប្រចាំនៅរាជធានីភ្នំពេញ ជាបន្តទៀតរួចមក ។
ថ្មីៗនេះទៀត ក៍មានព័ត៌មានថា កើតមានករណីអាថ៌កំបាំង មិនប្រក្រតីមួយចំនួន ដែលគេបណ្ដោយឲ្យពួកឈ្មួញ ដឹកទំនិញគេចពន្ធ មានតម្លៃរាប់ម៉ឺន ឬសែនដុល្លារក្នុងមួយថ្ងៃៗ នៅតាមរថយន្តក្រុង ដឹកអ្នកដំណើរមួយចំនួន ពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រកទ្ធារព្រំដែនបាវិត ចូលមករាជធានីភ្នំពេញ ដោយមិនមានការត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ ឬការបង្ក្រាបទប់ស្កាត់ ឲ្យបានជាប្រចាំ ដូចភ្លៀងរលឹម ដូចអ្វីដែលសម្ដេច អគ្គមហាសេនា បតីតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាស ដាក់បទបញ្ជា កន្លងមកនោះឡើយ ពោលគឺមានការបង្ក្រាបពីលោក ឡុង ស្រេង ម្ដងដែរ… តែក្រោយមកបាត់ឈឹងតែម្ដង ។ ពាក់ព័ន្ធនឹងមន្ត្រីៗ នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃនេះ កន្លងមកក៍មានការរិះគន់ ពីមហាជនថា ពួកគេតែងបានដាក់កុងត្រូល នៅតាមផ្លូវជាតិនានា ដើម្បីចាំគាបយកលុយ ពីអ្នករកស៊ីដឹកឈើ និងពួកឈ្មួញដឹកទំនិញ គេចពន្ធមួយចំនួន ឬអ្នកប្រកបមុខរបរ ដឹកជញ្ជូនផ្លែឈើ ឬតាមរថយន្ដតូចធំ ស្ទើរគ្រប់ប្រភេទ ដូចជារថយន្ដដឹកត្រី មាន់ទា កូនមាន់ ប្រហិត ជង្គង់ មាន់ សាច់មាន់… ។ល។ ដោយមិនមានការ បង្ក្រាបទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពពិតប្រាកដ ទៅតាមបទបញ្ជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ព្រមទាំងលិខិតបញ្ជា បេសកកម្មរបស់ អគ្គស្នងការនគរបាលជាតិនោះទេ ។ ផ្ទុយទៅវិញ បើអ្នករកស៊ីដឹកជញ្ជូន ទំនិញល្មើសច្បាប់ ដែលធ្វើចរាចរឆ្លងកាត់ នៅមុខប៉ុស្ដិកុងត្រូលរបស់ពួកគេ បានទូរស័ព្ទសុំភ្លើងខៀវ ពីលោកប្រធានកុងត្រូល ជាមុនរួចហើយនោះ ប្រាកដជាបានគេចផុត ពីការប្រដេញតាម ក្រោមលេសបង្ក្រាប ទប់ស្កាត់បទល្មើសសេដ្ឋកិច្ច ជាមិនខានឡើយ ។
មន្ត្រីៗប៉ូលិសមួយចំនួន នៅនាយកដ្ឋាន នគរបាលសេដ្ឋកិច្ច បានសំណូមពរ សូមឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំងលោកឧត្តមសេនីយ៍ជា សុមេធី ប្រធានថ្មីនៃនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មេត្តាជួយកែទម្រង់ ឲ្យបានស៊ីជម្រៅ នៅក្នុងនាយកដ្ឋាននោះផង ពោលគឺកុំឲ្យកើតមានករណីដូចលោក ឡុង ស្រេង និងបក្ខពួក ដែលបាននៅកាន់កន្លែងខ្លាញ់ ដុះស្លែជាច្រើនឆ្នាំមកហើយ៕