ខេត្តស្ទឹងត្រែង ៖ ក្នុងអំណាចជាប្រធាន នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្តស្ទឹងត្រែង លោក វ៉ន សុគន្ធ បានបង្កព្យុះភ្លៀង តាមតែអំពើចិត្ត កោសរូសបង្ខំឲ្យ ក្រុមឈ្មួញទាំងតូចទាំងធំ បង់លុយយកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនដែលខ្វល់ខ្វាយពី ការបង្ក្រាបម្តងណាឡើយ ដូចដែលមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា លោក វ៉ន សុគន្ធ បានយកលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ទៅប្រើប្រាស់ធ្វើអាជីវកម្ម ផ្ទុយពីគោលការណ៍របស់ថ្នាក់លើ ដូចជាការដាក់រថយន្ត សម្រាប់ប្រដេញឡានដឹកឈើ ការដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវ និងការប្រើប្រាស់មន្ត្រី ដែលគ្មានឈ្មោះក្នុងលិខិតបេសកកម្ម ឲ្យចេញប្រមូលលុយពីបទល្មើស នៃការដឹកជញ្ជូនឈើ យ៉ាងប្រសេចប្រសាច។
គេមិនដឹងថា លោក វ៉ន សុគន្ធ បានចំណាយប្រាក់ទិញប៉ុស្តិ៍ នៅក្នុងខេត្តស្ទឹងត្រែង ពីថ្នាក់លើរបស់ខ្លួន ក្នុងមួយខែៗប៉ុន្មាននោះទេ ទើបគ្មានមន្ត្រីណាម្នាក់ អាចប្រជែងដណ្តើមយកតំណែង របស់លោក វ៉ន សុគន្ធ បានឡើយ ហើយជារៀងរាល់អាណត្តិឲ្យតែមានការរៀបចំ ប៉ុស្តិ៍ឡើងវិញ លោក វ៉ន សុគន្ធ បានចំណាយប្រាក់គ្រប់បែបយ៉ាង ដើម្បីប្រចាំការនៅខេត្តស្ទឹងត្រែង ព្រោះវាមានសក្តានុពល ក្នុងការប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងងាយស្រួលបំផុត។ លោក វ៉ន សុគន្ធ បានចាត់តាំង មន្ត្រីជំនិតៗរបស់គាត់ ឲ្យចុះដាក់ប៉ុស្តិ៍ជជុះ តាមដងផ្លូវយ៉ាងប្រសេចប្រសាច ជាពិសេសការដាក់ប៉ុស្តិ៍ជជុះ នៅចំណុចអូរពងមាន់ ទីដែលមានការដឹកជញ្ជូនឈើ មកពីគ្រប់ទីកន្លែង ឆ្លងកាត់តំបន់នោះ ដើម្បីរាប់ក្បាលឡានយកលុយ និងប្រដេញឡានដឹកឈើ ដែលភ្លេចចូលបង់លុយ តាមតែទំនើងចិត្ត។
មន្ត្រីសំខាន់ៗចំនួន ២នាក់ដែលលោក វ៉ន សុគន្ធ ប្រើប្រាស់ជាប់ជាប្រចាំ គឺមានឈ្មោះ នី ម៉ៅ និងឈ្មោះ រិន បានដាក់ប៉ុស្តិ៍ជជុះអចិន្ត្រៃយ៍ នៅចំណុចអូរពងមាន់ ព្រោះឈ្មោះ រិន និងឈ្មោះ នី ម៉ៅ មានទំនាក់ទំនងល្អ ជាមួយក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើទាំងតូចទាំងធំ ហើយគេដឹងថា ឈ្មោះ រិន និងឈ្មោះ នី ម៉ៅ ក៏បានទិញប៉ុស្តិ៍ បន្តពីលោក វ៉ន សុគន្ធ ផងដែរ តែមិនដឹងជាក្នុងមួយខែ ប៉ុន្មាននោះទេ។ រូបភាពបែបនេះហើយ ទើបគេសង្កេតឃើញឈ្មោះ រិន និងឈ្មោះ នី ម៉ៅ បានព្យាយាមគ្រប់បែបយ៉ាង ក្នុងការប្រមូលលុយពី ឡានដឹកឈើមិនឲ្យរួចផុត ពីក្រសែភ្នែករបស់ពួកគេនោះទេ សឹងថា ក្នុងចំណោមឡាន ១០០គ្រឿងត្រូវចូលបង់លុយ ឲ្យឈ្មោះ រិន និងឈ្មោះ នី ម៉ៅ ដល់ទៅ ៩៩គ្រឿងរួចទៅហើយ បើមិនព្យាយាមប្រមូលលុយទេ ខ្លាចឡើងលុយជូនលោក វ៉ន សុគន្ធ មិនគ្រប់ចំនួន និងមិនបានទាន់ពេលវេលា។
លោក វ៉ន សុគន្ធ ក៏បានជួលផ្ទះ ធ្វើជាទីតាំងស្នាក់ការ នៅលើទឹកដីខេត្តស្ទឹងត្រែង យ៉ាងឡូយឆាយបំផុត សម្រាប់ទំនាក់ទំនង ជាមួយក្រុមឈ្មួញទាំងតូចទាំងធំ ឲ្យចូលបង់លុយ ហើយសម្រាប់ឈ្មួញមួយចំនួន ដែលក្រអឺតក្រទម ប្រើស្បែកប្រើខ្នង មិនបង់លុយជូនលោក វ៉ន សុគន្ធ ទៅតាមការទាមទារ ច្បាស់ជាត្រូវលោក វ៉ន សុគន្ធ បង្កឲ្យមានបញ្ហា ចុះទៅបង្ក្រាបការដឹកជញ្ជូនឈើ យកស្នាដៃបង្អួតថ្នាក់លើ ជាមិនខានឡើយ។ សិទ្ធិអំណាចរបស់លោក វ៉ន សុគន្ធ ធំណាស់ក្នុងការប្រមូលលុយ ពីជំនួញឈើខុសច្បាប់ នៅទូទាំងខេត្តស្ទឹងត្រែង មិនដឹងជាគាត់បង់ថ្លៃប៉ុស្តិ៍ ឲ្យថ្នាក់លើក្នុងមួយខែប៉ុន្មាននោះទេ ព្រោះពេលខ្លះ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ ធ្លាប់បានប្តឹងផ្តល់មកកាន់ថ្នាក់លើ ពីការកោសរូសបង្ខំឲ្យបង់លុយ ក្នុងកម្រិតខ្ពស់ ក៏លោក វ៉ន សុគន្ធ មិនដែលទទួលរង នូវការដាក់ពិន័យពីថ្នាក់លើម្តងណាឡើយ មិនដឹងជាមានអាថ៌កំបាំងអ្វី ដែលស្ថានភាពបែបនេះ បានធ្វើឲ្យលោក វ៉ន សុគន្ធ កាន់តែក្រអឺតក្រទម។
សម្រាប់ការប្រមូលលុយ នៅក្រុងស្ទឹងត្រែង លោក វ៉ន សុគន្ធ បានក្តោបក្តាប់ ការងារនេះដោយផ្ទាល់ មិនបណ្តោយឲ្យមន្ត្រីក្រោមឱវាទ ទទួលជំនួសទេ ព្រោះទីតាំងក្រុងស្ទឹងត្រែង ជាចំណុចស្នូលនៃការដឹកជញ្ជូនឈើឆ្លងកាត់ ទាំងតាមផ្លូវទឹកនិង តាមផ្លូវគោក ដូចជានៅចំណុចស្ពានសេកុង ឬនៅចំណុចកំពង់សាឡាង ទីដែលក្រុមឈ្មួញដឹកជញ្ជូនឈើទាំ ងយប់ទាំងថ្ងៃ លោក វ៉ន សុគន្ធ បានជ្រែងជើង ចាំប្រមូលលុយនៅទីនោះ ដោយត្រូវដៃត្រូវជើង ជាមួយឈ្មោះ ស៊ា សម្បត្តិ ជាមន្ត្រីនគរបាលសេដ្ឋកិច្ច ខេត្តស្ទឹងត្រែង។ ការស្តុកឈើខុសច្បាប់ ឬតាមសិប្បកម្មនានា ដែលកំពុងកើតមាន យ៉ាងអនាធិបតេយ្យ នៅកណ្តាលក្រុងស្ទឹងត្រែង ក៏ដូចជានៅតាមបណ្តាស្រុក ក៏ជាប្រភពចំណូលមិនចេះរីងស្ងួត របស់លោក វ៉ន សុគន្ធ ដែលទីតាំងសិប្បកម្ម និងកន្លែងស្តុកឈើខុសច្បាប់ទាំងនោះ សុទ្ធតែជាប់កាតព្វកិច្ច បង់លុយប្រចាំខែ ជូនលោក វ៉ន សុគន្ធ មួយកន្លែងៗចាប់ពី១០០ដល់២៥០ ដុល្លារដើម្បីចៀសផុតពីការបង្ក្រាប បើមិនដូច្នេះទេ ការរកស៊ីដឹកជញ្ជូនឈើ នឹងត្រូវជួបបញ្ហាខាតឡុងចុង ជាមិនខាន។
ជាគោលការណ៍ អគ្គស្នងការនគរបាលជាតិ បានចាត់តាំងមន្ត្រីនគរបាលសេដ្ឋកិច្ច ឲ្យចុះតាមបណ្តាខេត្តដើម្បី ស្រាវជ្រាវស្រង់ស្ថិតិ ពីបទល្មើសសេដ្ឋកិច្ច ហើយត្រូវរាយការណ៍មកថ្នាក់លើ ឬអាចសុំកម្លាំងសហការ ជាមួយមន្ត្រីជំនាញ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះបង្ក្រាបបទល្មើសទាំងនោះ។ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងលិខិតបេសកកម្មរបស់ អគ្គស្នងការនគរបាលជាតិ បានហាមឃាត់ជាដាច់ខាត មិនឲ្យដាក់ប៉ុស្តិ៍ជជុះជាអចិន្ត្រៃយ៍ ការត្រៀមរថយន្តសម្រាប់ប្រដេញ ឬការរាប់ក្បាលឡាន ដឹកឈើយកលុយនោះទេ។ ប៉ុន្តែអ្វីដែលលោក វ៉ន សុគន្ធ និងមន្ត្រីក្រោមឱវាទរបស់គាត់ កំពុងបង្កព្យុះភ្លៀង នៅទូទាំងខេត្តស្ទឹងត្រែង ផ្គើនបំផុតទៅនឹងគោលការណ៍ របស់ថ្នាក់លើ មិនដឹងជាលោក វ៉ន សុគន្ធ អាងខ្សែទុយោថ្នាក់ណាខ្លះទេ ដែលទាមទារឲ្យ អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលបញ្ហានេះ ឡើងវិញផង មិនត្រូវបណ្តែតបណ្តោយ ឲ្យបុគ្គល វ៉ន សុគន្ធ ធ្វើអ្វីៗតាមតែអំពើចិត្តទៀតទេ ព្រោះភាពអនាធិបតេយ្យ ដែលកំពុងកើតមាន ជះឥទ្ធិពលមិនល្អដល់ថ្នាក់លើ៕