0

ខូង ទីនមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអូរស្មាច់ល្បីខាងជាន់ករាស្ត្រ

 ក្រុមប្រជាពលរដ្ឋ និងអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសម្តែងការក្តៅក្រហាយយ៉ាងខ្លាំងចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ក្រោមការ គ្រប់គ្រងរបស់លោក ខូង ទីន ដែលចាត់តាំងមន្ត្រីឱ្យប្រព្រឹត្តអំពើពុករលួយបង្ខំឱ្យអ្នកដំណើរឆ្លងកាត់ព្រំដែនបង់លុយតាម តែទំនើងចិត្តជាពិសេស គឺក្រុមឈ្មួញរកស៊ីនាំចូលទំនិញតាមរទេះត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងនោះគាបជម្រិតបង្ខំឱ្យបង់លុយស្រេច និងក្បាលចិត្តដើម្បីយកទៅធ្វើមានបានផ្ទាល់ខ្លួនពួកគេ ។

     អាជ្ញាធរក្រុងសំរោងហាក់មិនសប្បាយចិត្តចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិអូរស្មាច់នោះទេ ព្រោះអាជីវករជាច្រើនធ្លាប់បានប្តឹងឱ្យអាជ្ញាធរក្រុងសំរោងជួយដោះស្រាយបញ្ហារបស់ពួកគេនៅពេលដែលនគរបាល អន្តោប្រវេសន៍របស់លោក ខូង ទីន បង្ខំឱ្យបង់លុយចាប់ពី ១ម៉ឺនរៀល រហូតដល់ ៥ម៉ឺនរៀល តាមមុខទំនិញស្រេចតែអំពើចិត្ត ដោយមិនគិតថា ជាមេឈ្មួញធំ ឬប្រជាពលរដ្ឋក្រីក្រឡើយ។

  ដូចជា ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានរទេះដឹកទំនិញឆ្លងកាត់ច្រកអន្តរជាតិអូរស្មាច់យ៉ាងច្រើនសន្ធឹក សន្ធាប់ខ មិនដឹងជាមន្ត្រីនគរបាលអន្តោប្រវេសន៍ក្រោមបញ្ជារបស់លោក ខូង ទីន ប្រមូលយកលុយទៅបង់ឱ្យនរណា ឬ ខូង ទីន ច្រកហោប៉ៅផ្ទាល់ខ្លួនធ្វើមានបាននេះទេ។

      បញ្ហាមួយទៀត គឺករណីឃុបឃិតឱ្យក្រុមពលករលួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ប្រមាណ ៤ ទៅ ៥នាក់ ក៏ជាប្រភពចំណូល ដ៏សំខាន់របស់លោក ខូង ទីន ផងដែរ ។

      ដូចជាមេខ្យល់ម្នាក់អាចនាំពលករឆ្លងដែនមួយក្រុមមានគ្នាចាប់ពី ៥ ទៅ ១០នាក់ ហើយក្នុង មួយថ្ងៃៗមានពលករឆ្លងដែនខុសច្បាប់ចាប់ពី ៥០ ទៅ ៨០នាក់ គេមិនដែលឃើញនគរបាលអន្តោប្រវេសន៍របស់លោក ខូង ទីន ទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ឱ្យស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាលម្តងណាឡើយ ។ ហើយក្រុមមេខ្យល់បានយកប្រាក់ពីពលករចំណាកស្រុកក្នុងម្នាក់ៗចាប់ពី ២៥០០បាត ទៅបែងចែកឱ្យលោក ខូង ទីន ទើបអាចឆ្លងដែនដោយខុសច្បាប់ ដោយគ្មានការភ័យខ្លាចទៅបាន ។

      ក្រុមអាជ្ញាធរបាននិយាយរិះគន់ថា សូម្បីតែដីនៅជាប់ស្នាក់ការនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិអូរស្មាច់ ត្រូវបានលោក ខូង ទីន ពុះច្រៀកបែងចែកឱ្យសាច់ញាតិ និងមន្ត្រីជំនិតៗរបស់គាត់សង់តូបលក់ដូរទុកជួលក្នុងមួយខែៗ រាប់រយពាន់ដុល្លារទោធ្វើមានបានផ្ទាល់ខ្លួន និងបែងចែកឱ្យមេ ដោយលោក ខូង ទីន មិនខ្វល់ខ្វាយពីសុខទុក្ខរបស់មន្ត្រីតូចតាច នោះទេ ។

      ផ្ទុយទៅវិញគេចង់ឃើញថ្នាក់លើមហាផ្ទៃគួរត្រួតពិនិត្យភាពអសកម្មរបស់លោក ខូង ទីន ឡើងវិញផង ព្រោះប្រជាពលរដ្ឋ និងក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកអន្តរជាតិអូរស្មាច់មិនអាចទ្រាំទ្របានទៀតទេ ហើយគង់តែថ្ងៃណាមួយ ប្រជាពលរដ្ឋ និងក្រុមអាជីវករនាំគ្នាធ្វើបាតុកម្ម ដើម្បីបកអាក្រាតរឿងពុករលួយរបស់លោក ខូង ទីន មិនខាន។

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com