0

ល្បីប្រធាន​កាំកុង​ត្រូលច្រក​អន្តរជាតិ​ប៉ោយប៉ែត​និងបក្ខពួក​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ចំហ

ការកាន់​កាប់តំណែង​ជា​ប្រធាន​ស្នាក់ការ​កាំកុង​ត្រូល​ប្រចាំច្រក​អន្តរជាតិ​ប៉ោយប៉ែត ឡើងដុះ​ស្លែ​ទៅ​ហើយ នោះ គេ សង្កេត​ឃើញ​លោក អ៊ុត សុភាព បាន​រក្សាទុក​នូវ​យន្តការ​ពុក​រលួយ​ឃុបឃិត​ឱ្យមន្រ្តី​ជំនិតៗ​របស់​ខ្លួន​ចំនួន ៣នាក់​ចេញ​​ប្រមូល​លុយពី​គ្រប់ច្រក​ល្ហកយក​ទៅច្រក​ហោប៉ៅធ្វើមាន​ធ្វើបាន​ផ្ទាល់ខ្លួន មិន​ដែល​ខ្វល់​ខ្វាយ​ពីការ ចាប់​​ពិន័យ​​ក្រុម​​ឈ្មួញ ដែលរក​ស៊ីដឹក​ជញ្ជូនម្ហូបអាហារ និងទំនិញមានជាតិពុល ខូចគុណភាព ដើម្បីប្រមូលថវិកា ជូនជាតិ​នោះ​ទេ ។

មួយថ្ងៃៗ គេសង្កេតឃើញលោក អ៊ុត សុភាព តឺនុយធ្វើដំណើរទៅកាន់បរិវេណ កាស៊ីណូ នៅក្រុងប៉ោយប៉ែត គេមិន​ដឹង​ថា គាត់ណាត់ជួបជាមួយមេឈ្មួញធំៗនៅទីនោះ ឬចូលទៅត្រួតពិនិត្យអ្នកលេង ល្បែងស៊ីសងបន្ថែម លើជំនាញ​កាំកុង​ត្រូល ឬយ៉ាងណានោះទេ។

តាមសកម្មភាពរបស់មន្រ្តីជំនាញកាំកុងត្រូលក្រោមការគ្រប់គ្រងរបស់លោក អ៊ុត សុភាព បានធ្វើការគាប​ជម្រិតកោស​រូស​ឱ្យ​កម្មកររអូសរទេះដឹកទំនិញបង់លុយទៅតាមអំពើចិត្តរបស់ពួកគេ មិនដែលយកចិត្តទុក​ដាក់​អនុវត្តតួនាទី ក្នុងការ​បង្រ្កាប និងទប់ស្កាត់ការដឹកជញ្ជូនចំណីអាហារខូចគុណភាពមានជាតិពុល ដែលនាំឱ្យប៉ះពាល់ដល់​សុខភាព​ប្រជាពល​រដ្ឋ​ជាអ្នកបរិភោគនោះទេ។ ឈ្មួញធំៗជាច្រើនដែលមានអាជីពរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខូចគុណភាព​ឆ្លង​កាត់តាមច្រកប៉ោយប៉ែតដូចជាឈ្មោះ ថោង គឹមឡេង, ឈ្មោះ ជិវ ឈ្មោះ ចែ មុំ ឈ្មោះ ចែស្រី និងយាយហ៊យ គឺមេ​ឈ្មួញ​ទាំង៥ នាក់នេះបានរក្សា ទំនាក់ទំនងល្អជាមួយលោក អ៊ុត សុភាព ហើយមានការបង់លុយបង់កាក់ជាប់ជាប្រចាំ ដើម្បីកុំឱ្យជំនាញកាំកុលត្រូលធ្វើការត្រួតពិនិត្យឬបង្រ្កាបទំនិញរបស់គេ។

លោក អ៊ុត សុភាព បានចាត់តាំងមន្រ្តីជំនិតៗរបស់ខ្លួនចំនួន ៣នាក់ ឱ្យចុះប្រមូលលុយពីក្រុមឈ្មួញ​យ៉ាងអនាធិប​តេយ្យ​ ទី១ ឈ្មោះ ស៊ាន ស៊ីណាត មានតួនាទីជាអនុប្រធានស្នាក់ការកាំកុងត្រូល ប្រចាំច្រកអន្តរជាតិ ប៉ោយប៉ែត ដើម្បី​ចាត់ចែងមន្រ្តីកាំកុងត្រូលឱ្យចាំរាប់រទេះ ដឹកទំនិញប្រមូលលុយ ទី២ឈ្មោះ ខៀវ ពេជ្រ តារាវឌ្ឍនា មានតួនាទីទំនាក់​ទំនងជាមួយក្រុមឈ្មួញសម្រាប់ការបង់លុយប្រចាំខែ និងទី៣ឈ្មោះ ស៊ាន តារា ដែលមានតួនាទីដើរល្បាត​ពិនិត្យ​មើល​ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ដើម្បីកោសរូសបង្ខំឱ្យបង់លុយក្នុងកម្រិតខ្ពស់។

ដោយសារតែច្រកអន្តរជាតិប៉ោយប៉ែតមានសកម្មភាពមមាញឹកក្នុងការដឹកជញ្ជូនទំនិញទាំងស្របច្បាប់ និងខុសច្បាប់ ទាំងតាមរទេះ និងតាមរថយន្ត គេសង្កេតឃើញលោក ស៊ាន ស៊ីនាត បានចាត់តាំងជនស៊ីវិលចំនួន ២នាក់ទៀត ឲ្យ​ជួយ​ការងាររបស់ពួកគេសម្រាប់ការប្រមូលលុយពីកម្មករអូសរទេះដឹកទំនិញយ៉ាងក្រអើតក្រទមឥតអៀនខ្មាស់។

តាមឈ្មួញបញ្ជាក់ផងដែរថា សម្រាប់ឈ្មួញធំៗ ពួកគេបានជួលកម្មករ ឱ្យអូសរទេះ ដឹកទំនិញរបស់ ពួកគេឆ្លង កាត់ព្រំ ដែន ហើយក៏មានការសរសេរឈ្មោះ ឱ្យកម្មករទាំងនោះទុកសម្រាប់បង្ហាញជំនាញកាំកុងត្រូល ហើយគេក៏បានកត់ត្រា តួលេខ នៃចំនួនរទេះរបស់ក្រុមឈ្មួញនិមួយៗ សម្រាប់ការទូទាត់លុយកាក់ជាមួយក្រុមឈ្មួញនៅពេលល្ងាច ឬទូទាត់ ប្រចាំសប្តាហ៍។ ករណីខ្លះទៀត ជំនាញកាំកុងត្រូលបានគាបសង្កត់កម្មករអូសរទេះដែលប្រើកម្លាំងបាយសុទ្ធសាធដើម្បី បានលុយមកទិញបាយចម្អែតក្រពះ និងទុកទ្រទ្រង់ជីវភាពប្រចាំថ្ងៃ តាមរយៈការត្រួតពិនិត្យរទេះ បើរកឃើញ ទំនិញ មិន ប្រក្រតី ត្រូវជំនាញកាំកុងត្រូលទាំងនោះបង្ខំឱ្យបង់លុយតាមតែអំពើចិត្ត ហើយកម្មករដែលគ្មានលុយបង់ ត្រូវគេរឹប អូស យកទំនិញ មិនដែលមានការយោគយល់ចំពោះកម្មករអូសរទេះ ដែលភាគច្រើន​ជាជនពិការស្រ្តីមេម៉ាយ និង ទុរគត ជននោះទេ​។

តាមការសង្កេតភាពអនាធិបតេយ្យរបស់ជំនាញកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ដែលកំពុងសុខ ស្រួល ក្នុង ការប្រមូលលុយពីក្រុមឈ្មួញរកស៊ីនាំទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពីស្រុកសៀម តាមរបៀបពុករលួយ ផ្ទុយពីការ លើកឡើងរបស់លោក ឱម យ៉ិនទៀង ដែលបានកំណត់ថា យកខេត្តបន្ទាយមានជ័យធ្វើជាគំរូល្អមុនគេ ក្នុងការ ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដែលក្នុងនោះ មានការឃាត់ខ្លួនមន្ត្រីធំៗទៅផ្តន្ទាទោសតាមច្បាប់មួយចំនួនរួចមកហើយ។

ដូច្នេះភាពអសកម្មដែលលោក អ៊ុត សុភាព កំពុងពង្រាយមន្រ្តីក្រោមឱវាទ ចុះប្រមូលលុយ តាមគ្រប់ច្រកល្ហក ពីការដឹក ជញ្ជូនទំនិញខុសច្បាប់ និងចំណីអាហារខូចគុណភាព ដែលផ្គើនទៅនឹងបទបញ្ជារបស់ក្រសួងពាណិជ្ជកម្ម ល្មមដល់ ពេល ថ្នាក់លើត្រួតពិនិត្យបញ្ហានេះ ដើម្បីនាំយកមន្រ្តីកាំកុងត្រូលពុករលួយខិលខូចទៅដាក់ពិន័យ ឬផ្តន្ទាទោសតាម ច្បាប់ជាបន្ទាន់ ដើម្បីបង្ការកុំឱ្យមានការហូរចូលទំនិញខុសច្បាប់ និងចំណីអាហារខូចគុណភាព ដែលជាប្រភពធំបំផុត នាំឱ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ៕

utsopheap_morkpicrith-150x105

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com